ពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចាប់​ជំរិត​ក្មេង​ជនជាតិ​ថៃ

ទីបញ្ជាការដ្ឋាន​វរសេនា​តូច​ការពារ​ព្រំដែន ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ភ្លាម​ៗបន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ក្មេង​ជនជាតិ​ថៃ​ម្នាក់ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

0:00 / 0:00

លោក ឈូក អាង មេបញ្ជាការ​វរសេនា​តូច​៩១១ ការពារ​ព្រំដែន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជនល្មើស​ពីរ​នាក់ ឈ្មោះ លី សំបូរ អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​និម្មិត​២ ឃុំ​និម្មិត និង​ឈ្មោះ នួន ឆៃរ៉ា អាយុ ២១​ឆ្នាំ រស់នៅ​ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​វរសេនា​តូច​លេខ​៩១១ ចាប់​បាន ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​ថៃ​ជុំវិញ​ករណី​ចាប់​ជំរិត។

លោក ឈូក អាង មាន​ប្រសាសន៍​ថា ៖ «ប្រហែល​ជា​ចំណាយ​ពេល ១​ថ្ងៃ ដល់​ឪពុក​ម្តាយ គេ​ចាប់​ផ្តើម​ប្ដឹង​មក​អាជ្ញាធរ​យើង និង​សមត្ថកិច្ច​យើង ដាក់​ផែនការ​ភ្លាមៗ ធ្វើ​ភ្លាម ទៅ​ស្រាវជ្រាវ​បន្ត​បន្ទាប់ ពី​មួយ​ទៅ​មួយៗ តាម​វា​គ្រប់​គន្លាក់​ទាំង​អស់។ តាម​ចម្លើយ​មាន​ម្នាក់​ទៀត ប៉ុន្តែ​ម្នាក់​ទៀត​គេច​បាត់»

ហេតុការណ៍​ចាប់​ជំរិត​ក្មេង​ជនជាតិ​ថៃ​នេះ បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា រហូត​មក​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០០៨ ទើប​ចាប់​ខ្លួន​បាន។

បើ​តាម​មេបញ្ជាការ​វរសេនា​តូច​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា ក្មេង​ជនជាតិ​ថៃ មាន​អាយុ ១៥​ឆ្នាំ រស់​នៅ​ឃុំ​គោកធ្យូង ខេត្ត​ស្រះកែវ​ថៃ ត្រូវ​បាន​ជនល្មើស​ល្បួង​នាំ​ពី​ទឹក​ដី​ថៃ តាម​ច្រក​របៀង​មក​ទឹកដី​ខ្មែរ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​ធ្វើ​សកម្មភាព​ជំរិត​យក​លុយ​ពី​ក្មេង​បាន​ចំនួន ៤​ពាន់​បាត និង​ទាក់ទង​ទូរស័ព្ទ​ទៅ​ជំរិត​ទារ​ពី​ឪពុក​ម្តាយ​ក្មេង​ជនជាតិ​ថៃ​នោះ បាន​ចំនួន​១​ម៉ឺន​បាត​ថែម​ទៀត តែ​ជនល្មើស​នោះ មិន​បាន​ដោះលែង​ក្មេង​ជនជាតិ​ថៃ​នោះ​ទេ។

លោក ហ៊ុន ហ៊ាង ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា ជនល្មើស​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៖ «ខ្ញុំ​បាន​កសាង​សំណុំ​រឿង​និង​បញ្ជូន​ទៅ​តុលាការ កាល​ពី​ល្ងាច​មិញ​ហើយ»

ក្មេង​រងគ្រោះ​ជនជាតិ​ថៃ អាយុ​១៥​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ផ្តល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​វិញ​ហើយ បន្ទាប់​ពី​ធ្វើ​កំណត់​ហេតុ​រួចរាល់ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០០៨។

លោក ឈូក អាង មេបញ្ជាការ​វរសេនា​តូច​ការពារ​ព្រំដែន នៅ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ថា នេះ​លើក​ដំបូង​ហើយ ដែល​មាន​ករណី​ចាប់​ជំរិត​ក្មេង​ជនជាតិ​ថៃ នៅ​តាម​​​ព្រំដែន​ចំ​គោលដៅ​ដែល​លោក​ឈរ​ជើង​ការពារ។ លោក​បាន​បន្ត​ថា ករណី​នេះ អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​ខាង​សមត្ថកិច្ច​របស់​លោក មិន​មាន​វិធានការ​ទាន់​ពេល​វេលា​នោះ៕