អតីតមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យចំនួនពីររូប គឺ នួន ជា និង អៀង សារី ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចធ្វើការចោទប្រកាន់បន្ថែមជាផ្លូវការហើយពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាមនិងវៀតណាម។
អតីតមេដឹកនាំខ្មែរក្រហម លោក អៀង សារី (ឆ្វេង) និងលោក នួន ជា
មន្រ្តីនាំពាក្យសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបានថ្លែងឲ្យដឹងនៅថ្ងៃទី១៧ ធ្នូ ថា សាលាក្តីបានធ្វើការចោទប្រកាន់បន្ថែមទៅលើ នួន ជា និង អៀង សារី ជាផ្លូវការហើយកាលពីថ្ងៃទី ១៦ ធ្នូកន្លងទៅនេះ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាមនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោក ឌឹម សុវណ្ណារុំ ជាមន្រ្តីនាំពាក្យសាលាក្តីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានមានប្រសាសន៍ថា សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានសម្រចធ្វើការចោទប្រកាន់បន្ថែមលើមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីររូប ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាម គឺ នួន ជា អតីតប្រធានសភាតំណាងប្រជាជន និង អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា ៖ «ទាក់ទងទៅនឹងជនត្រូវចោទពីររូប គឺលោក នួន ជា និងអៀង សារី ពីបទអំពើប្រល័យពូជសាសន៍ បន្ទាប់ពីការស្នើរបស់សហព្រះរាជអាជ្ញាទៅ សហចៅក្រមស៊ើបអង្កេតបានសម្រេចចោទប្រកាន់»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះការសម្រេចចោទប្រកាន់បន្ថែមលើអតីតមេដឹកនាំខ្មែរក្រហមពីររូបនេះ ដោយលោកបានអះអាងថា ជនជាតិចាមរាប់សែននាក់បានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយការសម្លាប់រង្គាល ហើយការចោទប្រកាន់គឺត្រឹមត្រូវតាមច្បាប់និងប្រវត្តិសាស្រ្ត។
លោក ឆាំង យុ បន្ថែមថា ៖ «ក្នុងការលើកកម្ពស់ដល់សិទ្ធិជនជាតិភាគតិចក្នុងការបង្កឲ្យប្រទេសយើងមានលក្ខណៈប្រជាធិបតេយ្យ និងមានការយោគយល់អំពីភាពខុសគ្នាក្នុងសង្គមយើង ហើយបងប្អូនចាមបានរស់នៅជាមួយយើងរាប់រយឆ្នាំមកហើយ គឺជាប្រជាពលរដ្ឋនៅក្នុងប្រទេសយើងដែរ រស់នៅក្រោមរដ្ឋធម្មនុញ្ញតែមួយ ហើយនេះក៏ដូចជាការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹង! ការចោទប្រកាន់នេះមានន័យទូលំទូលាយណាស់ មិនចំពោះតែតុលាការទេ តែចំពោះប្រវត្តិសាស្ត្រផង ចំពោះការអភិវឌ្ឍជាតិផង។ បងប្អូនចាមយើងតាមការសិក្សាស្រាវជ្រាវ គឺគាត់រងការលំបាកធ្ងន់ធ្ងរណាស់ ដោយសារថា នៅក្នុងរបបនោះរួមផ្សំមិនគោរពដល់សិទ្ធិជនជាតិភាគតិចផង ហើយរួមផ្សំបងប្អូនចាមកាន់សាសនាអ៊ិស្លាមផង»។
លោក ឆាំង យុ បានឲ្យដឹងថា ជនជាតិចាមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលរងគ្រោះខ្លាំងជាងគេ ហើយហ៊ានបះបោរប្រឆាំងតទល់នឹងខ្មែរក្រហមនោះ គឺជនជាតិចាមនៅក្នុងភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខែត្រកំពង់ចាម។
យោងតាមឯកសារស្រាវជ្រាវរបស់លោក អ៊ីសា ឧស្មាន អ្នកស្រាវជ្រាវឯករាជលើជនជាតិចាម បានបង្ហាញថា ជនជាតិចាមដែលខ្មែរក្រហមបានសម្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺប្រហែលជា ៤សែន ទៅ ៥សែននាក់។
ឯកសារដដែលបានបង្ហាញថា ចំពោះជនជាតិចាមដែលធ្វើការបះបោរនៅភូមិស្វាយឃ្លាំងនោះ គឺមិនទទួលបានជោគជ័យទេ ហើយខ្មែរក្រហមបានសម្លាប់ចោលស្ទើរតែទាំងអស់ គឺប្រមាណ ៤ពាន់ ទៅ ៥ពាន់នាក់៕
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.