លោក បាន គីម៉ូន នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា

ប្រទេស​កម្ពុជា ត្រៀម​ស្វាគមន៍​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-moon) មក​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ។
ដោយ សុខ សេរី
2012-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បាន គីមូន ៣០៥
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០។
RFA/Sok Serey

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន គ្រោង​មក​ទស្សនកិច្ច និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​គ្រា​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) ក៏​នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក បាន គីម៉ូន ខាង​មុខ​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូអីឡែន ហៃហ្សឺ (Noeleen Heyzer) ដែល​បាន​មក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ ផ្ដោត​លើ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា និង​ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន នៅ​ឆ្នាំ​២០១៥។

គេ​រំពឹង​ថា មេ​ដឹកនាំ​មក​ពី​ប្រទេស​សំខាន់ៗ​ចំនួន​២៨​ប្រទេស មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នោះ រាប់​ទាំង​មេ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ និង​ប្រទេស​ដៃគូ​របស់​អាស៊ាន ចំនួន​១៨​ទៀត។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក អ៊ុជ បូរិទ្ធិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា នៅ​ក្រសួង​ការ​បរទេស​ថា កម្ពុជា​កំពុង​តែ​ត្រៀម​ស្វាគមន៍​ទស្សនកិច្ច​សំខាន់​នោះ៖ «លោក​ជំទាវ​សង្ឃឹម​ថា នឹង​បាន​មក​ទស្សនកិច្ច​ជា​ថ្មី​ម្តង​ទៀត​នៅ​កម្ពុជា ជាមួយ​ឯកឧត្តម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​នឹង​គ្រោង​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ហើយ​និង​កិច្ច​ប្រជុំ​កំពូល​​អាស៊ី​បូព៌ា (East Asian Summit) នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​សុំ​ស្នើ​អញ្ជើញ​ឯកឧត្តម​អគ្គលេខាធិការ​មក​ចូល​រួម​ហៅ​ថា Asian Global Dialogue ដែល​មាន​ការ​ចូល​រួម​ប្រជុំ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ពិភពលោក និង​ស្ថាប័ន​ហិរញ្ញ​កិច្ច​របស់​ពិភពលោក​ចូល​រួម​ផង​ដែរ»

ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ខាង​មុខ​នេះ របស់​លោក បាន គីម៉ូន អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភ័ក្ត្រា បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក បាន គីម៉ូន និង​ផ្តល់​មក​នូវ​សញ្ញា​វិជ្ជមាន​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ផង និង​ប្រទេស​កម្ពុជា ផង៖ «ដោយ​សារ​ថា ភាគី​អង្គការ​សហប្រជាជាតិ គឺ​ជា​ភាគី​មួយ​នៅ​ក្នុង​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម​នេះ ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា អ៊ីចឹង ទាំង​ភាគី​ជាតិ និង​អន្តរជាតិ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ថវិកា។ ដូច្នេះ ការ​ដំណើរ​ទស្សនកិច្ច​របស់​លោក បាន គីម៉ូន ក៏​ដូច​ជា​ប្រទេស​ម្ចាស់​ជំនួយ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ការ​លើក​ទឹក​ចិត្ត ហើយ​យើង​សង្ឃឹម​ថា ប្រទេស​ម្ចាស់​ជំនួយ​លោក​នឹង​បន្ត​ផ្តល់​នូវ​ជំនួយ​បន្ថែម​ទៀត មក​កាន់​តុលាការ​ខ្មែរ​ក្រហម​នេះ ដើម្បី​អាច​ឲ្យ​តុលាការ​នេះ​អាច​ដំណើរ​ការ​របស់​ខ្លួន​ដោយ​ចប់​ចុង​ចប់​ដើម»

លោក​បន្ត​ថា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​១៤១​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ភាគី​អន្តរជាតិ​បាន​ចំណាយ​ថវិកា​ចំនួន​១០៧​លាន​ដុល្លារ​អាមេរិក និង​ភាគី​កម្ពុជា បាន​ចំណាយ​ថវិកា​ចំនួន​៣៤​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន សាលា​ក្តី​ខ្មែរ​ក្រហម ខាង​ភាគី​អង្គការ​សហប្រជាជាតិ កំពុង​តែ​ខ្វះ​ខាត​ថវិកា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ម្តង​ហើយ កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ នៅ​ពេល​នោះ​ហើយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ថា កម្ពុជា​មិន​ចង់​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បន្ត​ឲ្យ​មាន​ការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម នៅ​ក្នុង​សំណុំ​រឿង​០០៣ ដោយ​សារ​តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

I do believe UN's doctor would be able to treat Asean chronicles in Tibet,KKK,Uygher,Mongol and bring them to ones world under god.

Aug 23, 2012 07:10 PM

Kone Khmer

ពី PP

It is time to let Hun Sen know his time
as Khmer Leader is up and start packing
his belongings by these three big guys.

Aug 23, 2012 02:57 PM