វត្តមានរបស់មន្ត្រីក្រសួងមហាផ្ទៃ គឺក្នុងបំណងសហការគ្នាជាមួយស្នងការនគរបាលខេត្តសៀមរាប កំណត់ និងសិក្សាឡើងវិញអំពីមូលហេតុដែលបណ្ដាលឱ្យមានអគ្គីភ័យ។
លោក ភឹង ចិន្ដារិទ្ធិ ជាស្នងការរងនគរបាលខេត្តសៀមរាប លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែធ្នូ ថា តាមការពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ គឺសមត្ថកិច្ចបានសន្និដ្ឋានថា អគ្គីភ័យដែលឆាបឆេះផ្សាររាត្រីសៀមរាប នោះ គឺអាចបណ្ដាលមកពីការទុស្សេចរន្តអគ្គិសនី។
មន្ត្រីដដែលបានបញ្ជាក់ថា មូលហេតុដែលសមត្ថកិច្ចហ៊ានអះអាងដូច្នេះ ដោយសារតែគេបានជួបជាមួយសាក្សីមួយចំនួន ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក៖ «សាក្សីដែលយើងបានជួបមានកម្មករនៅទីនេះ ហើយនិងសមត្ថកិច្ចដែលមកឃើញមុនគេ គឺវាមានការឆ្លង និងមានផ្កាភ្លើង រហូតគាត់ហៅគ្នាទៅជួយសង្គ្រោះដែរ ប៉ុន្តែស្ថានភាពនៅក្នុងទីតាំងនេះ បានបិទហ៊ុមព័ទ្ធទៅដោយទ្វារដែក របងដែក និងចាក់សោ គាត់មិនមានលទ្ធភាពនឹងចូលទៅជួយសង្គ្រោះបាន ទើបទាក់ទងទៅសមត្ថកិច្ចខាងខ្ញុំ។ រឿងអគ្គីភ័យហ្នឹង គឺយើងពិនិត្យឃើញថា គិតទាំងគប់ភ្លើងរបស់អគ្គិសនីខេត្ត ដែលជាប់នឹងបង្គោលរបស់រដ្ឋ ហើយគប់ភ្លើងរបស់ផ្សារ ក៏ត្រូវផ្ទុះទាំងអស់។ អ៊ីចឹងវាបណ្ដាលមកពីរឿងហ្នឹងទើបធ្វើឱ្យមានបញ្ហា។ ការបង្កគ្រោះភ័យហ្នឹង ខ្ញុំគិតថា មិនមានអ្នកណាទៅដុតបំផ្លាញ និងបង្កឱ្យគាត់ស្លាប់នោះទេ»។
អគ្គីភ័យឆេះផ្សាររាត្រីសៀមរាប កាលពីរំលងអាធ្រាត្រថ្ងៃទី៨ ខែធ្នូ ដែលបានសម្លាប់មនុស្ស ៨នាក់ និង ២នាក់ទៀតរបួសធ្ងន់ធ្ងរ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិប្រហាក់ប្រហែល ១លានដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវបានអាជ្ញាធរចាត់ទុកថា គឺជាមហន្តរាយធំជាងគេលើកដំបូងដែលខេត្តទេសចរណ៍មួយនេះ ពុំធ្លាប់មានទេពីពេលមុនៗ។
ទោះយ៉ាងណា លោកឧត្ដមសេនីយ៍ទោ សំ បូរ ជាប្រធាននាយកដ្ឋានកណ្ដាល សណ្ដាប់ធ្នាប់របស់ក្រសួងមហាផ្ទៃ ដែលបានទៅពិនិត្យ និងស្រាវជ្រាវហេតុការណ៍អគ្គីភ័យនោះ មិនបានធ្វើការអធិប្បាយយ៉ាងណាឡើយ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញកន្លែងកើតហេតុ បានរិះគន់ថា ប៉ូលិសពន្លត់អគ្គីភ័យហាក់មានការយឺតយ៉ាវ និងកម្លាំងខ្លះ ហាក់មិនមានជំនាញគ្រប់គ្រាន់ ទើបបណ្ដាលឱ្យភ្លើងឆាបឆេះផ្សាររាត្រីសៀមរាប និងសម្លាប់ជីវិតមនុស្ស ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើន។
ក៏ប៉ុន្តែលោក ភឹង ចិន្តារិទ្ធិ ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការរិះគន់ក្នុងរឿងនេះ គឺមានមាត់ច្រើនណាស់ ហើយសមត្ថកិច្ចមិនប្រតិកម្មជាមួយប្រជាពលរដ្ឋណាម្នាក់ដែលរិះគន់ទេ ក៏ប៉ុន្តែសមត្ថកិច្ចសោកស្ដាយចំពោះការរិះគន់បែបនេះ ពីព្រោះតែកម្លាំងសមត្ថកិច្ចបានខិតខំអស់ពីសមត្ថភាពក្នុងការជួយសង្គ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការពន្លត់អគ្គីភ័យនោះ គឺគេបានប្រើឡានទឹកចំនួន ៩គ្រឿង និងកម្លាំងជំនាញរាប់សិបនាក់ មកពី ៤អង្គភាព ដូចជានគរបាលពន្លត់អគ្គីភ័យ កម្លាំងខាងបរិស្ថាន កម្លាំងពីអាកាសយានដ្ឋានអន្តរជាតិ និងកម្លាំងអាជ្ញាធរអប្សរា រួមទាំងប្រជាពលរដ្ឋខ្មែរ និងបរទេស ជាច្រើនទៀតចូលរួមផង ទម្រាំតែអាចគ្រប់គ្រងអគ្គីភ័យនោះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។