ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន

ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William Todd) នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព រយៈពេល​ជាង​កន្លះ​ម៉ោង។
ដោយ សុខ សេរី
2012-07-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន អាមេរិក ៣០៥
ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​៣ កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​ពង្រឹង​ចំណង​ទាក់ទង និង​ជំរុញ​ឲ្យ​មាន​វិនិយោគ​ទុន​របស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា ឲ្យ​បាន​ច្រើន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ចំនួន ៤​ចំណុច។ ក្នុង​នោះ​រួម​មាន ទី​១ ពង្រឹង​ទំនាក់ទំនង និង​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ទី​២ ជំរុញ​ឲ្យ​មាន​វិនិយោគ​ទុន​របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា ទី​៣ សហការ និង​ផ្ដល់​ព័ត៌មាន​រវាង​ស្ថាប័ន​នានា​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ទី​៤ បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ។

ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អៀង សុផល្លែត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា គោលការណ៍​ទាំង​នោះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក​នាយករដ្ឋមន្ត្រី៖ «សម្ដេច​បាន​មាន​ប្រសាសន៍​ថា វា​ជា​កត្តា​សំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​យើង​ទាំង​ពីរ​មាន​ដំណើរ​ការ​ល្អ ហើយ​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ជំរុញ​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក ឲ្យ​មក​កាន់​កម្ពុជា​យើង។ ...​សម្ដេច​បាន​មាន​ប្រសាសន៍​ថា គប្បី​ជំរុញ​វិស័យ​វិនិយោគ វិស័យ​ទេសចរណ៍ ។ល។ និង ។ល។»

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ទេ​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ជំនួប​នោះ។ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ចែក​ឯកសារ​មួយ​ចំនួន​ដល់​អ្នក​កាសែត។ ឯកសារ​នោះ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​តាំង​ចិត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​វេទិកា​តំបន់​អាស៊ាន​ទទួល​បាន​ជោគជ័យ ហើយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) សង្ឃឹម​ដោយ​រីករាយ​ថា នឹង​មក​ចូល​រួម​ក្នុង​វេទិកា​នេះ។

អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ធុរកិច្ច ឬ​អ្នក​វិនិយោគ​ទុន​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​កន្លង​មក មក​ចូល​រួម​ក្នុង​វេទិកា​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន នៅ​ខេត្ត​សៀមរាប។

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹង​មក​ចូល​រួម​ក្នុង​វេទិកា​សហរដ្ឋ​អាមេរិក និង​អាស៊ាន នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

ឯកសារ​នោះ​បាន​បន្ត​ថា សហរដ្ឋ​អាមេរិក​បាន​ចំណាយ​យ៉ាង​ច្រើន​ក្នុង​កម្មវិធី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​កែ​លំអ​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា ដែល​ជួយ​ដល់​បរិយាកាស​វិនិយោគ​ទុន​សម្រាប់​ប្រទេស​កម្ពុជា។

មន្ត្រី​អង់គ្លេស​ជួប​ជាមួយ​លោក ហ៊ុន សែន

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ រដ្ឋមន្ត្រី​នៃ​ការិយាល័យ​កិច្ចការ​បរទេស​នៃ​ចក្រភព​អង់គ្លេស លោក ជឺរីមី ប្រូនណេ (Jeremy Browne) ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​នោះ​ដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស​ឲ្យ​កាន់​តែ​រឹងមាំ។

ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​នេះ ធ្វើ​ឡើង​នៅ​គ្រា​ដែល​តំបន់​អាស៊ាន​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក អៀង សុផល្លែត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ជំនួប​នោះ​ថា អ្នក​វិនិយោគ​ទុន​អង់គ្លេស កំពុង​តែ​ស្វែង​រក​ការ​ធ្វើ​វិនិយោគ​នៅ​តំបន់​អាស៊ាន ក្នុង​នោះ​មាន​កម្ពុជា​ដែរ។

លោក អៀង សុផល្លែត៖ «ចក្រភព​អង់គ្លេស​មាន​កម្មវិធី​នយោបាយ ធ្វើ​ការ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ឡើង​ជាមួយ​តំបន់ (អាស៊ាន)  នៅ​ពេល​ដែល​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​កំពុង​តែ​មាន​ទំនាក់​ទំនង​ល្អ ធ្វើ​ការ​ជាមួយ​គ្នា​មាន​ភាព​ជិតស្និទ្ធ សហគមន៍​អាស៊ាន​កាន់​តែ​រឹង​មាំ​ឡើង។ ក្នុង​ន័យ​នេះ​ដែរ លោក​ក៏​បាន​គត់​សំគាល់​ឃើញ​ថា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ភាព​អនុគ្រោះ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ធុរកិច្ច ដើម្បី​ទទួល​នូវ​ការ​ជោគជ័យ»

លោក ប្រូនណេ មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី ដូចជា​ប្រទេស​ថៃ ប្រទេស​កម្ពុជា វៀតណាម និង​កោះ​ហុងកុង ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ប្រូនណេ បាន​ជួប​ជាមួយ​អ្នក​ជំនួញ​ធំៗ​នៅ​ប្រទេស​កម្ពុជា និង​ជួប​តំណាង​អង្គការ​សង្គម​ស៊ីវិល។ ក្រៅ​ពី​នេះ​ទៀត លោក​នឹង​ទៅ​ទស្សនា​សាលាក្ដី​ខ្មែរ​ក្រហម និង​ជួប​ជាមួយ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល