បន្ថែមលើនេះទៀត ប្រទេសកម្ពុជា នៅតែជាគោលដៅសំរាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រើប្រាស់ ឲ្យក្លាយជាទីកន្លែងផលិតគ្រឿងញៀន និងឆ្លងកាត់គ្រឿងញៀនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាដើម។
របាយការណ៍ប្រចាំឆ្នាំ២០១២ ស្ដីពីយុទ្ធសាស្ត្រគ្រប់គ្រងគ្រឿងញៀនណាកូតិកអន្តរជាតិ ចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា កំពុងតែព្រួយបារម្ភអំពីការកើនឡើងនូវការជួញដូរគ្រឿងញៀន ផលិតគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ហើយរដ្ឋាភិបាលនៅតែប្ដេជ្ញាចិត្តលុបបំបាត់ឧក្រិដ្ឋកម្មនេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា អំពើពុករលួយកម្រិតអប់រំទាប ប្រាក់ខែតិចតួច និងថវិកាមានកម្រិតទាប ការសម្រេចចិត្តធ្វើតាមឋានានុក្រម និងការចែករំលែកព័ត៌មាននៅមានកម្រិតទាបរវាងទីភ្នាក់ងារសមត្ថកិច្ចរបស់រដ្ឋាភិបាលនោះ។ ទាំងអស់នេះហើយបានញ៉ាំងឲ្យសមត្ថភាពប្រឆាំងគ្រឿងញៀនអនុវត្តច្បាប់ និងពង្រឹងច្បាប់នោះនៅទន់ខ្សោយ។
ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ខៀវ សាម៉ន បានមានប្រសាសន៍ថា របាយការណ៍នេះគឺមិនទាន់បានឆ្លុះបញ្ចាំងនូវការពិតគ្រប់ជ្រុងជ្រោយនៅឡើយទេ។
លោកបញ្ជាក់ថា សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន កំពុងតែអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់តាមបទបញ្ជារបស់រដ្ឋាភិបាល៖ «សម្ដេចតេជោហ្នឹងគឺបានបញ្ជាដាច់ខាតថា ក្នុងឆ្នាំនេះ គឺធ្វើម៉េចបង្ក្រាបឲ្យចំគឺថា មេខ្លោងធំៗ ហើយនិងបង្ក្រាបហើយ គឺថា តាមដានបង្ក្រាបចាប់ឲ្យអស់មុខសញ្ញាសេសសល់ក្នុងករណីហ្នឹងឲ្យដល់ឫសគល់»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ បានមានប្រសាសន៍ថា ការបង្ក្រាបអំពើពុករលួយយ៉ាងខ្លាំងក្លាកន្លងមកនេះ បានធ្វើឲ្យការប្រើប្រាស់គ្រឿងញៀននៅតាមជនបទថយចុះ តាមរយៈភូមិឃុំសុវត្ថិភាព៖ «សង្កេតមើលនៅតាមជនបទមានការថយចុះ ប៉ុន្តែនៅតាមទីក្រុងមិនមានការថយចុះទេ... នៅទីក្រុងមានការបង្ក្រាបច្រើនដែរ ប៉ុន្តែវាពោរពេញទៅដោយទីតាំងដែលប្រើប្រាស់ហ្នឹងគឺមានច្រើន»។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកត់សំគាល់ទៀតថា ការចាប់រឹបអូសគ្រឿងញៀននៅក្នុងអំឡុងពេល ៨ខែ ឆ្នាំ២០១១ កន្លងទៅនេះ គឺមានចំនួនជិត ២,២សែនគ្រាប់ នៃថ្នាំញៀនមេតំហ្វេតាមីន ( Methamphetamine)។
រឹបអូសបានម្សៅមេតំហ្វេតមីនចំនួនជិត ១៥គីឡូក្រាម។ រឹបអូសគ្រឿងញៀនហេរ៉ូអ៊ីន ( Heroin ) ចំនួនជាង ២គីឡូក្រាម រឹបអូសថ្នាំញៀនអិចស្តាស៊ី (Ecstasy) ចំនួនជាង ១.៣០០គ្រាប់ និងរឹបអូសគ្រឿងញៀនកូកាអ៊ីន (Cocaine) ចំនួន ៥៦៥ក្រាម ព្រមទាំងរឹបអូសគ្រឿងញៀនផ្សេងៗទៀត។
នៅក្នុងអំឡុងពេល ៨ខែ ឆ្នាំ២០១១ កន្លងទៅនេះដែរ នគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបការជួញដូរគ្រឿងញៀនចំនួន ៧៥៤ករណី ស្មើនឹង ១.៨២០នាក់។
ប៉ុន្តែលោកឧត្តមសេនីយ៍ទោ ខៀវ សាម៉ន បានមានប្រសាសន៍បញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១១ កន្លងទៅនេះ នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបការជួញដូរគ្រឿងញៀនចំនួន ៨៣៤ករណី ស្មើនឹង ២.០៣០នាក់ ដែលត្រូវបានសមត្ថកិច្ចបានចាប់ខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោស។
ទីតាំងផលិតគ្រឿងញៀនចំនួន ៦កន្លែង ត្រូវបានសមត្ថកិច្ចបង្ក្រាប និងបានរឹបអូសឧបករណ៍ផលិតគ្រឿងញៀន និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។
ជនសង្ស័យជួញដូរគ្រឿងញៀនទាំងនោះ រួមមានជនជាតិខ្មែរ ថៃ ឡាវ ជនជាតិចិនតៃវ៉ាន់ និងចិនដីគោក។ ច្បាប់ប្រឆាំងគ្រឿងញៀនថ្មីដែលបានចូលជាធរមាននៅដើមឆ្នាំ២០១២ កន្លងទៅនេះ គឺបានចែងឲ្យមានការផ្ដន្ទាទោសយ៉ាងតឹងរ៉ឹងលើជនសង្ស័យឲ្យជាប់គុកមួយជីវិត និងរឹបអូសទ្រព្យសម្បត្តិស្ទើរអស់រលីង។
ជាមួយគ្នានេះដែរ របាយការណ៍ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានសំដែងការព្រួយបារម្ភថា ប្រទេសកម្ពុជា គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរមួយនៃអំពើលាងលុយកខ្វក់នៃរូបិយប័ណ្ណដុល្លារ (Dollar) នៅគ្រាដែលមានការកើនឡើងនូវវិស័យធនាគារ និងប្រព័ន្ធយុត្តិធម៌ទន់ខ្សោយ ព្រមទាំងមានការរីករាលដាលនៃអំពើពុករលួយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។