អាមេរិក​បារម្ភ​ពី​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​បញ្ហា​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ណាកូតិក (Narcotics) ការ​ជួញដូរ​គ្រឿង​ញៀន និង​ការ​ផលិត​គ្រឿន​ញៀន​នៅ​ឡើយ។
ដោយ សុខ សេរី
2012-03-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រឿង​ញៀន ៣០៥
៤-វិច្ឆិកា-២០១១៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ កំពុង​ពិនិត្យ​វត្ថុ​តាង ជា​គ្រឿង​ញៀន ក្រោយ​ចាប់​ខ្លួន​ជន​ជាតិ​ចិន ៩​នាក់។
RFA

បន្ថែម​លើ​នេះ​ទៀត ប្រទេស​កម្ពុជា នៅ​តែ​ជា​គោលដៅ​សំរាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន ប្រើប្រាស់ ឲ្យ​ក្លាយ​ជា​ទីកន្លែង​ផលិត​គ្រឿង​ញៀន និង​ឆ្លង​កាត់​គ្រឿង​ញៀន​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ជាដើម។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ស្ដីពី​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រឿង​ញៀន​ណាកូតិក​អន្តរជាតិ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ការ​ជួញដូរ​គ្រឿង​ញៀន ផលិត​គ្រឿង​ញៀន និង​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​រដ្ឋាភិបាល​នៅ​តែ​ប្ដេជ្ញា​ចិត្ត​លុប​បំបាត់​ឧក្រិដ្ឋកម្ម​នេះ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​កម្រិត​អប់រំ​ទាប ប្រាក់​ខែ​តិច​តួច និង​ថវិកា​មាន​កម្រិត​ទាប ការ​សម្រេច​ចិត្ត​ធ្វើ​តាម​ឋានានុក្រម និង​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​មាន​កម្រិត​ទាប​រវាង​ទីភ្នាក់ងារ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នោះ។ ទាំង​អស់​នេះ​ហើយ​បាន​ញ៉ាំង​ឲ្យ​សមត្ថភាព​ប្រឆាំង​គ្រឿងញៀន​អនុវត្ត​ច្បាប់  និង​ពង្រឹង​ច្បាប់​នោះ​នៅ​ទន់​ខ្សោយ។

ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​ក្រសួងមហាផ្ទៃ លោក​ឧត្ដមសេនីយ៍ទោ ខៀវ សាម៉ន បាន​មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​គឺ​មិន​ទាន់​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន កំពុង​តែ​អនុវត្ត​យ៉ាង​សកម្ម និង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល៖ «សម្ដេច​តេជោ​ហ្នឹង​គឺ​បាន​បញ្ជា​ដាច់​ខាត​ថា ក្នុង​ឆ្នាំ​នេះ គឺ​ធ្វើ​ម៉េច​បង្ក្រាប​ឲ្យ​ចំ​គឺ​ថា មេខ្លោង​ធំៗ ហើយ​និង​បង្ក្រាប​ហើយ គឺ​ថា តាម​ដាន​បង្ក្រាប​ចាប់​ឲ្យ​អស់​មុខ​សញ្ញា​សេសសល់​ក្នុង​ករណី​ហ្នឹង​ឲ្យ​ដល់​ឫស​គល់»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន​កម្ពុជា លោក មាស សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​អំពើ​ពុករលួយ​យ៉ាង​ខ្លាំងក្លា​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​តាម​ជន​បទ​ថយ​ចុះ តាម​រយៈ​ភូមិ​ឃុំ​សុវត្ថិភាព៖ «សង្កេត​មើល​នៅ​តាម​ជនបទ​មាន​ការ​ថយ​ចុះ ប៉ុន្តែ​នៅ​តាម​ទីក្រុង​មិន​មាន​ការ​ថយ​ចុះ​ទេ... នៅ​ទីក្រុង​មាន​ការ​បង្ក្រាប​ច្រើន​ដែរ ប៉ុន្តែ​វា​ពោរពេញ​ទៅ​ដោយ​ទីតាំង​ដែល​ប្រើប្រាស់​ហ្នឹង​គឺ​មាន​ច្រើន»។ 

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​កត់​សំគាល់​ទៀត​ថា ការ​ចាប់​រឹប​អូស​គ្រឿង​ញៀន​នៅ​ក្នុង​អំឡុង​ពេល ៨​ខែ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​ជិត ២,២​សែន​គ្រាប់ នៃ​ថ្នាំ​ញៀន​មេតំហ្វេតាមីន ( Methamphetamine)។

រឹប​អូស​បាន​ម្សៅ​មេតំហ្វេតមីន​ចំនួន​ជិត ១៥​គីឡូក្រាម។ រឹប​អូស​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ( Heroin ) ចំនួន​ជាង ២​គីឡូក្រាម រឹប​អូស​ថ្នាំ​ញៀន​អិចស្តាស៊ី (Ecstasy) ចំនួន​ជាង ១.៣០០​គ្រាប់ និង​រឹប​អូស​គ្រឿង​ញៀន​កូកាអ៊ីន (Cocaine) ចំនួន ៥៦៥​ក្រាម ព្រម​ទាំង​រឹប​អូស​គ្រឿង​ញៀន​ផ្សេងៗ​ទៀត។

នៅ​ក្នុង​អំឡុង​ពេល ៨​ខែ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ដែរ នគរបាល​ប្រឆាំង​គ្រឿង​ញៀន បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៧៥៤​ករណី ស្មើ​នឹង ១.៨២០​នាក់។

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ទោ ខៀវ សាម៉ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៨៣៤​ករណី ស្មើ​នឹង ២.០៣០​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស។ 

ទីតាំង​ផលិត​គ្រឿង​ញៀន​ចំនួន ៦​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​បាន​រឹប​អូស​ឧបករណ៍​ផលិត​គ្រឿង​ញៀន និង​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់។

ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នោះ រួម​មាន​ជន​ជាតិ​ខ្មែរ ថៃ ឡាវ ជនជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក។ ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គឺ​បាន​ចែង​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​លើ​ជនសង្ស័យ​ឲ្យ​ជាប់​គុក​មួយ​ជីវិត និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ស្ទើរ​អស់​រលីង។

ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​រង​គ្រោះ​ធ្ងន់ធ្ងរ​មួយ​នៃ​អំពើ​លាង​លុយ​កខ្វក់​នៃ​រូបិយប័ណ្ណ​ដុល្លារ (Dollar) នៅ​គ្រា​ដែល​មាន​ការ​កើន​ឡើង​នូវ​វិស័យ​ធនាគារ និង​ប្រព័ន្ធ​យុត្តិធម៌​ទន់​ខ្សោយ ព្រម​ទាំង​មាន​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុករលួយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

There are alot of betrayors inside Mr:Sen's goverment money can talked whatever you did Nuclear war head,example back 1998 Taiwan was litter nuclear disposals on cambodia sea,USA should worked as team with Mr:Hun Sen's goverment.

Mar 10, 2012 03:23 AM

អ្នក​អាន​អនាមិក

បើតាមខ្ញុំដឹងហើយចង់បំបាត់អំពើរជួញដូរខុសច្បាប់នូវគ្រឿង
ញានទាំងឡាយក្នុងស្រុកខ្មែរនោះ៖ទីមួយត្រូវសួរទៅពិន
ហ៊ុន សែនថាតើលោកអាចឈប់បានឬទេ?ទី២មន្ត្រីមាន
អំណាចក្នុងរដ្ឋាភិបាលហើយជាគណៈបក្សប្រជាជនទៀត
អាចឈប់បានដែរឬទេ?តើលោកក្មួយសំណប់អាចបញ្ឈប់
ការជួញដូរគ្រៀងញាននេះបានឬទេ​?ប្រសិនបើចម្លើយថា
‹‹បាន››នោះទើបមានភាពស្ងប់ស្ងាត់ក្នុងស្រុក។

Mar 08, 2012 04:47 PM

អ្នក​អាន​អនាមិក

Hope FBI (Chief of DHS security officer xx Tan in Phnom Penh has to work man, you spend a lot Tax Payers money living overSea. Your time will be up when Obama looses election next novemebr) help catching the corruped addicted CPP members and yuon Spies.

Mar 08, 2012 04:02 PM