អាមេរិក​គាំទ្រ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​តួនាទី​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ក្នុង​ការ​រិះរក​មធ្យោបាយ​នានា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​ជំលោះ​រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​ប្រទេស​ចិន នៅ​តំបន់​សមុទ្រ​ចិន ខាង​ត្បូង​កន្លង​មក​នេះ។

0:00 / 0:00

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន (David Carden) នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​សាទរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សំខាន់​មួយ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​សេចក្ដី​ព្រាង​នេះ​ត្រូវការ​ពិភាក្សា​បន្ថែម​ទៀត​ក៏ដោយ។

លោក ដេវីត ខាឌិន ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ក្រម​ប្រតិបត្តិ​នោះ គឺ​ជា​ឧបករណ៍​ដ៏​សំខាន់៖ «ច្បាស់​ហើយ​ថា វា​ជា​ផលប្រយោជន៍​នៅ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ដើម្បី​ធានា​ឲ្យ​មាន​ភាព​រុងរឿង និង​ភាព​ល្អ​ប្រសើរ ដោយសារ​តែ​ក្រម​ប្រតិបត្តិ​នេះ។ ដូច​អស់​លោក​អ្នក​បាន​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​ចាប់​អារម្មណ៍​លើ​គោលការណ៍​នានា ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន និង​ពិភពលោក»

ក្រុម​ឧត្ដម​មន្ត្រី​អាស៊ាន​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​មក​នេះ បាន​បញ្ចប់​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ ស្ដីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រោយ​មក​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចំនួន ១០​ប្រទេស បាន​ជួប​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​មក​នេះ។ ជា​រួម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង​នោះ បាន​យល់​ព្រម​លើ​គោលការណ៍​នានា​នៃ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា អ្នកស្រី សឿង រដ្ឋចាវី បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ថា៖ ក្រសួង​ការបរទេស​កម្ពុជា នឹង​ដាក់​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​នេះ ជូន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន អនុម័ត​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ នៅ​ពេល​នោះ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ក៏​មក​ចូល​រួម​ដែរ

អ្នកស្រី​បាន​បញ្ជាក់​ថា៖ ក្រោយ​ពី​បាន​អនុម័ត​រួច​ហើយ គឺ​ជា​ការ​ចាប់​ផ្ដើម​ចរចា​រវាង​អាស៊ាន ជាមួយ ​ប្រទេស​ចិន ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ

ប្រទេស​ជា​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន ៤ ដែល​មាន​ជំលោះ​ជាមួយ​ប្រទេស​ចិន ដណ្ដើម​កាន់កាប់​ជា​កម្មសិទ្ធិ​នៅ​ប្រជុំ​កោះ​ស្ត្រាតលី (Spratly) និង​ប្រជុំ​កោះ​ប៉ារ៉ាសែល (Paracel) នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មាន​ប្រទេស​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ប្រុយណេ។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក ប៊ីនីកនូ អាគីនូ (Benigno Aquino) បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​នេះ នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ជុំវិញ​រឿង​នេះ​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ថា យើង​សុំ​អំពាវនាវ​ឲ្យ​អាស៊ាន និង​ប្រទេស​ចិន ឈាន​ទៅ​រក​ការ​ព្រមព្រៀង​មួយ​លើ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ខាង​ត្បូង​នោះ។

សហរដ្ឋ​អាមេរិក​ជំទាស់​រាល់​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ហើយ​សហរដ្ឋអាមេរិក​បន្ត​តាម​ដាន​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។