ប្រទេសទាំងនោះមានដូចជា ប្រទេសកម្ពុជា (Cambodia) វៀតណាម (Vietnam) ឡាវ (Lao) ថៃ (Thailand) និងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Burma/Myanmar)។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីគំនិតផ្ដួចផ្ដើមទន្លេមេគង្គក្រោម នៅឯវិមានសន្តិភាព នៅថ្ងៃទី១៣ ខែកក្កដា។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បានមានប្រសាសន៍ថា យើង (សហរដ្ឋអាមេរិក) បានបង្កើតឲ្យមានកិច្ចប្រជុំនេះកាលពីជាង៣ឆ្នាំកន្លងមកនេះ ដោយមើលឃើញថា វាមានសក្ដានុពល និងបញ្ហាប្រឈមមួយចំនួន ដែលយើងដោះស្រាយជាមួយគ្នា ដូចជាបញ្ហាបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានា៖ «ជាដំបូង យើងនឹងវិនិយោគទុនចំនួន ៥០លានដុល្លារអាមេរិក នៅតំបន់ទន្លេមេគង្គក្រោម នៅក្នុងរយៈពេល៣ឆ្នាំ។ នេះជាអ្វីបន្ថែមលើជំនួយទ្វេភាគីកន្លងមក នៅក្នុងចំណោមប្រទេសចំនួន៥ នៃទន្លេមេគង្គក្រោម ដែលមានតំណាងមកចូលរួមក្នុងកិច្ចប្រជុំនេះ»។
អ្នកស្រី ហ៊ីលឡារី គ្លិនតុន បានមានប្រសាសន៍ទៀតថា ប្រទេសចំនួន៥ នៃទន្លេមេគង្គក្រោមរងការប៉ះពាល់ដោយសារគំរោងសាងសង់ទំនប់វារីអគ្គិសនី នៅទន្លេមេគង្គ។
អ្នកស្រីបន្តថា កាលពីពេលមុននេះ អ្នកស្រីបានសុំឲ្យមានការប្រុងប្រយ័ត្ន ក្នុងការសាងសង់ទំនប់វារីអគ្គិសនីថ្មី រហូតដល់មានការសិក្សាពេញលេញមួយលើផលប៉ះពាល់។
ការសាងសង់ទំនប់វារីអគ្គិសនី គឺដើម្បីទាញយកថាមពលអគ្គិសនី ប៉ុន្តែវាមានផលប៉ះពាល់ដល់ត្រី ធម្មជាតិ កសិកម្ម ការរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន និងបញ្ហាសុខភាព។
សហរដ្ឋអាមេរិក បានសន្យាផ្តល់ទឹកប្រាក់ចំនួនជាង ១លានដុល្លារអាមេរិក ដើម្បីធ្វើការសិក្សាលើផលប៉ះពាល់នានា ដែលពុំមានចម្លើយកន្លងមក។ ថវិកានេះ គឺផ្តល់ជូនគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
