ការលើកឡើងរបស់អ្នកសេដ្ឋកិច្ចកម្ពុជានេះ នៅស្របពេលសារព័ត៌មានវៀតណាម បានចុះផ្សាយថា ផ្សារភាគហ៊ុនវៀតណាម បានធ្លាក់ចុះប្រមាណ៤ពាន់លានដុល្លារ ក្រោយពេលចាប់ខ្លួនលោក លី ស្វឹងហៃ (Ly Xuan Hai) ជាអគ្គនាយកធនាគារពាណិជ្ជអាស៊ី កាលពីសប្ដាហ៍មុន។ បញ្ហានេះ ក៏នឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ដែរ នៅខណៈដែលប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នានោះ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃសមាគមសេដ្ឋកិច្ចកម្ពុជា លោក ហេង ឌីណា មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាម ត្រូវតែកសាងសេចក្ដីទុកចិត្តដល់អតិថិជនឡើងវិញ ដើម្បីឲ្យគេមានជំនឿលើប្រព័ន្ធធនាគារ។
លោកបញ្ជាក់ថា ធនាគារកណ្ដាលវៀតណាម (Central Bank) ត្រូវបញ្ចេញទុនសម្រាប់ទប់ស្កាត់អំពីបញ្ហានេះ ដើម្បីកុំឲ្យសេដ្ឋកិច្ចវៀតណាម ថយចុះបាន បើមិនដូច្នោះទេ ការចាប់ខ្លួនអគ្គនាយកធនាគារនេះ នឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចវៀតណាម ហើយក៏ប៉ះពាល់ដល់កម្ពុជាដែរ ដោយសារតែអ្នកវិនិយោគនៅវៀតណាម មួយចំនួន កំពុងមានសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា៖ «ប្រសិនបើការវិនិយោគនៅវៀតណាម ថយចុះ ការផលិតក៏ថយចុះ។ បើសិនតម្រូវការនៅឡើងខ្ពស់ ឬនៅដដែល វាធ្វើឲ្យតម្លៃទំនិញកើនឡើងជាងមុន ធ្វើឲ្យប៉ះពាល់ដល់អតិផរណា អាហ្នឹងទីមួយ។ ទីពីរ ប្រសិនបើប្រព័ន្ធធនាគារនៅវៀតណាម អត់ដើរ អ៊ីចឹងអ្នកវិនិយោគក៏មិនហ៊ានចេញមកក្រៅ។ ទីបី ប្រសិនបើធនាគារកណ្ដាលហ្នឹង មិនបានដោះស្រាយម៉ាក្រូសេដ្ឋកិច្ចអត់បានជោគជ័យ វាអាចធ្វើឲ្យមានអស្ថិរភាព អតិផរណានៅវៀតណាម»។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចុះផ្សាយនៅថ្ងៃទី២៦ សីហា ថា ធនាគារពាណិជ្ជអាស៊ីឲ្យដឹងថា អ្នកវិនិយោគទុនមានការជ្រួលច្របល់ដកលុយពីធនាគារនេះ បន្ទាប់ពីចាប់ខ្លួនអគ្គនាយកធនាគារពាណិជ្ជអាស៊ី លោក លី ស្វឹងហៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ សីហា ឆ្នាំ២០១២ ពីបទរំលោភទៅលើបទបញ្ជារបស់រដ្ឋ។ ការចាប់ខ្លួននេះ បណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ។
ប៉ូលិសវៀតណាម បានចាប់ខ្លួនលោក លី ស្វឹងហៃ ជាអគ្គនាយកធនាគារធំបំផុតមួយ ក្នុងប្រទេសវៀតណាម។ ការចាប់ខ្លួននេះ នៅក្នុងប្រតិបត្តិការពង្រីកការស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុ ដែលធ្វើជាអ្នកវិនិយោគ និងអ្នកបញ្ញើដោយខ្លួនឯង។
ការចាប់ខ្លួនលោក លី ស្វឹងហៃ នេះដែរ ធ្វើឡើងនៅបន្ទាប់ពីធនាគារពាណិជ្ជអាស៊ី បានប្រកាសប៉ុន្មានម៉ោង អំពីការលាលែងរបស់លោកពីតួនាទីជាអគ្គនាយកធនាគារនេះ។ ក្រោយពីការចាប់ខ្លួនភ្លាមៗ ខាងធនាគារបានប្រកាសថា ខ្លួនបានផ្អាកការផ្ដល់ប្រាក់កម្ចី ដោយសារតែបញ្ហាធនាគារ ក៏ប៉ុន្តែ សកម្មភាពការងារនៅបន្តដំណើរការធម្មតាទេ។
បន្ថែមពីលើនេះទៀត ការចាប់ខ្លួនលោក ស្វឹងហៃ នេះដែរ នៅបន្ទាប់ពីការចាប់ខ្លួនសហស្ថាបនិកធនាគារពាណិជ្ជមួយរូបទៀតឈ្មោះ ង្វៀន ដឹក កៀន (Nguyen Duc kien) កាលពីថ្ងៃទី២០ សីហា ពីបទធ្វើពាណិជ្ជកម្មខុសច្បាប់។
សារព័ត៌មានវៀតណាម បានចុះផ្សាយថា ទីផ្សារភាគហ៊ុនរបស់វៀតណាម បានបាត់បង់ថវិកាជិត៤ពាន់លានដុល្លារអាមេរិក បន្ទាប់ពីចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ធនាគារពាណិជ្ជអាស៊ីនេះ ហើយផ្សារមូលធនរួមនៅទីក្រុងហាណូយ និងហូជីមិញ នៃការប្ដូរប្រាក់ធ្លាក់ចុះ៣៨៥ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។
ការចាប់ខ្លួនលោក ស្វឹងហៃ បានបង្កឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរចំពោះធនាគារពាណិជ្ជអាស៊ី ដែលគេមើលឃើញថា តម្លៃភាគហ៊ុនរបស់ធនាគារនេះ បានធ្លាក់ចុះជិត២០% ដែលធ្វើឲ្យអ្នកផ្ញើប្រាក់ព្រួយបារម្ភ ហើយអតិថិជនបានដកលុយជិត៣៨៤លានដុល្លារ ចាប់តាំងពីការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ នៃធនាគារនេះមក។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃសមាគមសេដ្ឋកិច្ចកម្ពុជា លោក ហេង ឌីណា បានពន្យល់ថា ទោះបីជាក្នុងស្ថានភាពបច្ចុប្បន្ន អ្នកវិនិយោគទុននៅក្នុងប្រទេសវៀតណាម កំពុងមានភាពច្របូកច្របល់ ក្រោយពីការចាប់ខ្លួនអគ្គនាយកធនាគារនេះក្ដី ក៏ប៉ុន្តែលោកបញ្ជាក់ថា ជាការល្អមួយសម្រាប់ពេលអនាគតរបស់ប្រទេសវៀតណាម៖ «ធ្វើអ៊ីចឹង ដើម្បីបញ្ជាក់ប្រាប់អតិថិជន ប្រជាពលរដ្ឋថា រដ្ឋាភិបាលចង់ឲ្យប្រព័ន្ធធនាគារនៅវៀតណាម អាចជឿទុកចិត្តបាននៅពេលអនាគត ការចាប់ខ្លួននេះ វាជារឿងល្អ ដើម្បីកំចាត់អ្នកប្រព្រឹត្តិខុសនៅក្នុងប្រព័ន្ធធនាគារ»។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ធនាគារកណ្ដាលវៀតណាម បានផ្ដល់លុយជាង៦០០លានដុល្លារ ឲ្យប្រព័ន្ធធនាគារ កាលពីថ្ងៃទី២៣ សីហា គឺបង្កើនចំនួនទ្វេដង ដើម្បីអន្តរាគមន៍អំពីបញ្ហានេះ។
ដោយឡែក អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានលើកឡើងថា វៀតណាម កំពុងអភិវឌ្ឍប្រទេសបែបប្រទេសសិង្ហបុរី ដែលគេអភិវឌ្ឍប្រទេសធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌ផ្នែកប្រព័ន្ធតុលាការ និងបោសសម្អាតអំពើពុករលួយ៖ «កន្លែងហ្នឹង យើងចង់បញ្ជាក់ថា អ្នកណាប្រព្រឹត្តិខុសច្បាប់ ប្រព្រឹត្តិអំពើពុករលួយ ត្រូវតែមានទោស អត់មាននិទ្ទណ្ឌភាព។ ទី២ អំពើពុករលួយកុម្មុយនីស្ត ខ្ញុំកោតសរសើរ ដូចនៅកម្ពុជាយើង កាលទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់៩០ យើងឃើញស្រុកខ្មែរ អំពើពុករលួយនៅស្រុកខ្មែរសឹងថា រកមិនឃើញ ដោយសារតែប្រវត្តិរូបរបស់អ្នកធ្វើការហ្នឹង ជាក្រុមស្នូលជាបក្ខជន បើសិនជាអ្នកណាធ្វើការល្អ គេឲ្យធ្វើមេបក្ខជន»។
នៅក្នុងរយៈពេលចុងក្រោយនេះ វៀតណាម បានមកវិនិយោគនៅកម្ពុជាច្រើនជាងគេ បន្ទាប់ពីប្រទេសចិន ទាំងវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា បានសរសេរថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១២ តួលេខពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់ប្រហែល១.៩៦០លានដុល្លារ ក្នុងនោះទំនិញនាំចូលពីវៀតណាមមកកម្ពុជា មានតម្លៃប្រហែល១.៦៣១លាន ហើយទំនិញនាំចេញពីកម្ពុជាទៅវៀតណាម មានទឹកប្រាក់ប្រហែល៣២៩លានដុល្លារអាមេរិក។
អ្នកវិភាគ និងអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងទៀតថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានអនុវត្តច្បាប់តឹងតែងចំពោះជនល្មើសច្បាប់ ទោះបីជាអ្នកនោះមានតួនាទី ឋានៈខ្ពស់យ៉ាងណាក៏ដោយ ដូចជាករណីចាប់ខ្លួនអគ្គនាយកធនាគារពាណិជ្ជអាស៊ី នេះក្ដី។ ដោយឡែកនៅប្រទេសកម្ពុជា វិញ ជាច្រើនទសវត្សរ៍មកហើយ រដ្ឋាភិបាលមិនទាន់មានវិធានការចាត់ការទៅលើមន្ត្រីជាន់ខ្ពស់គ្រប់គ្រងធនាគារនៅឡើយ។
អ្នកសេដ្ឋកិច្ចបានប្រៀបធៀបអ្នកគ្រប់គ្រងធនាគារនៅកម្ពុជា ដូចជាទឹកល្អក់ក្នុងទន្លេមួយ ដែលគេមិនអាចមើលឃើញអ្វីនៅបាតទន្លេ ពោលគឺទាល់តែរដ្ឋាភិបាលចាប់ខ្លួនអ្នកណាម្នាក់ដែលប្រព្រឹត្តិអំពើពុករលួយ ទើបមានការភ្ញាក់ផ្អើលថា អ្នកប្រព្រឹត្តិអំពើពុករលួយ ដូចជាករណីនៅវៀតណាម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។