ក្រុមប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនបានសម្តែងការគាំទ្រចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការត្រៀមផ្ញើពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិអំពីករណីដីទំហំ ៤,៦គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទព្រះវិហារ និងទាមទារមកវិញនូវវត្ថុបូរាណដែលខ្មែរអះអាងថា ថៃបានលួចយកទៅនោះ ឲ្យប្រគល់ត្រឡប់មកខ្មែរវិញ។ ក៏ប៉ុន្តែអ្នកខ្លះនិយាយថា ការត្រៀមប្តឹងនោះគ្រាន់តែជាការគំរាមក្នុងហេតុផលនយោបាយប៉ុណ្ណោះ។
លោក គុជ ចន្លី ជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់រស់នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក មានប្រសាសន៍ថា ការបញ្ជូនពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារនោះគួរធ្វើឡើងឲ្យបានឆាប់។
លោកបន្ថែមយ៉ាងដូច្នេះ ៖ «ខ្ញុំជឿថា សកម្មភាពរបស់រដ្ឋមន្រ្តីខ្មែរក្នុងការទាមទារឲ្យប្រទេសថៃសងមកវិញនូវការខូចខាតហ្នឹងជាកាយវិការមួយដ៏ត្រឹមត្រូវ ថ្លៃថ្នូរហើយ ហើយខ្ញុំសង្ឃឹមថា វាមិនមែនជាករណីនយោបាយរបស់បុគ្គល ឬមួយក៏របស់គណបក្សណាមួយនោះទេ»។
លោក គុជ ចន្លី មានប្រសាសន៍បន្តថា កម្ពុជាគួរផ្ញើពាក្យបណ្តឹងរបស់ខ្លួនទៅបណ្តាប្រទេសដែលជាម្ចាស់ហត្ថលេខាក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស ដោយសារសន្ធិសញ្ញានេះបានចែងយ៉ាងច្បាស់អំពីការគោរពអធិបតេយ្យរបស់ប្រទេសកម្ពុជាពីសំណាក់ប្រទេសជិតខាង។
លោកបានរៀបរាប់អំពីគោលការណ៍នៃសន្ធិសញ្ញានោះយ៉ាងដូច្នេះ ៖ «សន្ធិសញ្ញាទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ហ្នឹងបានចែងគ្រប់គ្រាន់អស់ហើយ អំពីការជ្រៀតជ្រែកនៃប្រទេសមួយទៀតទៅលើប្រទេសមួយទៀត ឬមួយទៅលើបូរណភាពដែនដី ឬមួយទៅលើអធិបតេយ្យ ឯករាជភាពនៃប្រទេសមួយទៀត។ ខ្ញុំជឿថា ប្រទេសខ្មែរប្រហែលមិនចង់ឲ្យមានការលើកយកករណីខ្មែរថៃហ្នឹងទៅដោះស្រាយក្នុងលក្ខណៈជាច្បាប់តាមសន្ធិសញ្ញាទីក្រុងប៉ារីសទេ។ ខ្ញុំយល់ឃើញថា វាអាចប៉ះពាល់ទៅដល់ព្រំប្រទល់ខ្មែរយួនផងដែរ»។
ចំណែកលោក គង់ សេងលី ដែលពលរដ្ឋខ្មែរដ៏សកម្មម្នាក់ក្នុងសហគមន៍ខែ្មរក្នុងទីក្រុងឡូវេល រដ្ឋម៉ាស្សាឈូសេត មានប្រសាសន៍ថា ពលរដ្ឋខ្មែរនៅទីនោះជាច្រើននាក់ធ្លាប់ប្តឹងទៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អំពីការឈ្លានពានរបស់កងទ័ពថៃចូលក្នុងទឹកដីកម្ពុជា និងដើម្បីទាមទារសម្បត្តិបេតិកភណ្ឌរបស់ខ្មែរមួយចំនួនដែលថៃលួចយកទៅនោះ មកឲ្យកម្ពុជាវិញផងដែរ។
លោក គង់ សេងលី បានបញ្ជាក់ថា ៖ «នៅក្នុងខមួយនៃញត្តិហ្នឹងគឺទាមទារឲ្យរដ្ឋាភិបាលថៃ អាជ្ញាធរថៃ ប្រគល់មកវិញតាមស្មារតីនៃសាលក្រមរបស់តុលាការក្រុងឡាអេ។ ក្នុងសាលក្រមហ្នឹងក៏បានទាមទារឲ្យថៃប្រគល់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងអស់ ដែលថៃបានប្រមូលយកក្នុងអំឡុងការកាន់កាប់ប្រាសាទព្រះវិហារមុនដែលយើងឈ្នះក្តី។ និយាយរួមគឺប្រជាជនខ្មែរនៅក្នុងអាមេរិក ពិសេសគឺរូបខ្ញុំផ្ទាល់ ខ្ញុំគាំទ្រទាំងស្រុងចំពោះការទាមទារនេះ»។
ប្រាសាទព្រះវិហារត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០០៨។ បន្ទាប់មកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំដដែលនោះ កងយោធាឈុតខ្មៅថៃរាប់រយនាក់បានចូលមកកាន់វត្តកែវសិក្ខាគិរីស្វារៈ ជិតប្រាសាទព្រះវិហារឈ្លានពានបូរណភាពទឹកដីរបស់ខែ្មរ។ ហេតុការណ៍នេះបានបណ្តាលឲ្យមានការប្រឈមមុខដាក់គ្នារវាងទ័ពខ្មែរនិងថៃរហូតមកទល់បច្ចុប្បន្ននេះ។
ជុំវិញការអះអាងនានាថា សម្បត្តិបេតិកភណ្ឌរបស់ខ្មែរពីប្រាសាទព្រះវិហារត្រូវបានថៃលួចគាស់យកទៅប្រទេសរបស់គេ បន្ទាប់ពីការអនុវត្តសាលក្រមរបស់តុលាការក្រុងឡាអេ កាលពីថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២នោះ លោក ជុជ ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជានៅមិនទាន់ដឹងច្បាស់លាស់អំពីចំនួន និងប្រភេទរូបសំណាកនោះឲ្យបានជាក់លាក់នៅឡើយទេ។
លោក ជុជ ភឿន បានមានប្រសាសន៍ថា ៖ «រហូតមកទល់ឥឡូវក្រោយឆ្នាំ១៩៦២ហ្នឹង គេនិយាយថា ថៃត្រូវសងត្រូវអីមកវិញហ្នឹង ប៉ុន្តែមិនដឹងថាមានអ្វីខ្លះ ហើយបើចោរលួចទៅធ្វើម៉េចវាប្រាប់យើងថាវាយកនេះ យកនោះ។ ហើយយើងក៏គ្មានបញ្ជីសារពើពន្ធអីដែរ មិនអ៊ីចឹង! ដល់អ៊ីចឹងទៅមិនដឹងជាត្រូវធ្វើយ៉ាងម៉េច។ ទោះឥឡូវអត់មានអ្នកណាដឹងថា វាបាត់អ្វីខ្លះពីតំបន់ប្រាសាទព្រះវិហារហ្នឹង»។
ក៏ប៉ុន្តែអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ថៃបានគាស់យកសិលាចារឹកពីប្រាសាទព្រះវិហារចំនួន២ផ្ទាំង ហើយថៃនៅមិនទាន់ប្រគល់ឲ្យកម្ពុជាវិញរហូតមកដល់បច្ចុប្បន្ននេះ។
លោក ផៃ ស៊ីផាន បានថ្លែងថា ៖ «យើងបាត់បង់របស់ហ្នឹងតាំងពីឆ្នាំដែលយើងឡើងទៅកាន់កាប់មកវិញ គឺនៅបន្ទាប់ពីសាលក្រមបានចេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ យើងបាត់បង់នូវផ្ទាំងសិលាហ្នុង។ ហើយអ្នកប្រវត្តិវិទ្យាបាននិយាយថា ជាផ្ទាំងសិលាដែលជាប់ក្នុងប្រាសាទព្រះវិហារ»។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំសេចក្តីអត្ថាធិប្បាយពីលោក ផាន់នីថាន វាត់តាណាយាកន (Panithan Wathanayakon) ដែលជាអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vijajiva) បានទេ ជុំវិញការគ្រោងប្តឹងរបស់ភាគីកម្ពុជាទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះ។
សាលក្រមរបស់តុលាការក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានសម្រេចឲ្យភាគីថៃដកកងទ័ពចេញពីប្រាសាទព្រះវិហារ ប្រគល់ប្រាសាទព្រះវិហារ និងវត្ថុបូរាណដែលថៃបានលួចយកទៅនោះឲ្យមកខ្មែរវិញ។
អ្នកនាំពាក្យនៃក្រសួងការបរទសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា លោកនៅពុំទាន់ដឹងពេលវេលាជាក់លាក់អំពីការប្តឹងរបស់ភាគីកម្ពុជាទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅឡើយទេ។
លោកមានប្រសាសន៍ថា ភាគីកម្ពុជាបានរៀបចំពាក្យបណ្តឹងនោះរួចរាល់ហើយ ហើយការប្តឹងជាពិសេសនោះគឺអំពីករណីដី ៤,៦គីឡូម៉ែត្រក្រឡា ក្នុងតំបន់ប្រាសាទព្រះវិហារទឹកដីខ្មែរ និងទាមទារយកវត្ថុបូរាណដែលថៃបានលួចយកទៅប្រទេសគេនោះ។
លោក កុយ គួង បានមានប្រសាសន៍ថា ៖ «សម្តេចតេជោលោកបានមានប្រសាសន៍ហើយថា ប្រសិនបើក្រុមប្រឹក្សាសន្តិសុខហ្នឹងបង្វែររឿងឲ្យទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីផ្ទៀងផ្ទាត់ពិនិត្យឡើងវិញ ជាពិសេសផែនទីអីហ្នឹង។ គឺថា កម្ពុជានឹងជំរុញឲ្យតុលាការនេះបង្ខំឲ្យភាគីដែលពាក់ព័ន្ធដូចជាថៃ គឺថា ឲ្យអនុវត្តពេញលេញនូវសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ដែលសម្រេចកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ក្នុងហ្នឹងដូចជាការប្រគល់វត្ថុបូរាណនានាដែលភាគីថៃបានយកចេញពីប្រាសាទព្រះវិហារហ្នឹង ឲ្យត្រឡប់មកវិញ»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដា្ឋនក្នុងប្រទេសន័រវ៉េ លោក អៀ ចាន់ណា ថ្លែងថា លោកមានការព្រួយបារម្ភខ្លាចការបង្ហូរឈាមរវាងខ្មែរនិងថៃរីកកាន់តែធំថែមទៀត ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនឆាប់ប្តឹងទៅអង្គការសហប្រជាជាតិដើម្បីសុំអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលនោះ។
លោក អៀ ចាន់ណា បានអះអាងថា ៖ «ប្រសិនបើលោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហ្នឹងយកសំណុំរឿងហ្នឹងទៅប្តឹងតវ៉ានៅអង្គការសហប្រជាជាតិពិតប្រាកដមែន យើងទាំងអស់គ្នាសប្បាយចិត្ត ហើយយើងទាំងអស់គ្នាអបអរសាទរ ពីព្រោះនេះជាបំណងប្រាថ្នារបស់យើងតាំងពីដើមទីមក ថា យើងតែងតែឲ្យយោបល់ទៅរដ្ឋាភិបាលកម្ពុជាត្រូវបញ្ចប់ដោយសន្តិវិធីនៅក្នុងអង្គការសហប្រជាជាតិ ឬក៏តុលាការអន្តរជាតិ ពីព្រោះបើសិនជាបណ្តោយទុកឲ្យនៅធ្វើការចរចាទ្វេភាគី មិនដឹងថាថ្ងៃណាចប់! ហើយអាចមានការបង្ហូរឈាមឥតឈប់ ឥតឈរទេ។ នេះហើយហៅថា ជាការដោះស្រាយដោយសន្តិវិធី គឺយកទៅបញ្ចប់ដោយឥតមានការបង្ហូរឈាមមួយដំណក់នៅឯអង្គការសហប្រជាជាតិ»។
ជុំវិញការប្តឹងទាមទារវត្ថុបូរាណពីភាគីថៃវិញនេះ ក្រុមអ្នកបូរាណវិទ្យានិយាយថា កម្ពុជានៅមានភាពខ្វះខាតក្នុងការសិក្សា និងស៊ើបអង្កេត ឲ្យបានស៊ីជម្រៅថែមទៀតនៅចរិតលក្ខណៈនៃវត្ថុបូរាណដែលខ្លួនអះអាងថា បានបាត់បង់ទៅប្រទេសថៃនោះ៕
