អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេសាប​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​នេសាទ​ខុស​ច្បាប់

អ្នក​ភូមិ​រស់នៅ​តាម​ដង​ទន្លេសាប សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​នេសាទ​ខុស​ច្បាប់ ដែល​ពួក​គាត់​អះអាង​ថា បាន​កើត​មាន​យ៉ាង​ខ្លាំង។ មន្ត្រី​ជំនាញ​ជលផល​ទទួល​ស្គាល់​ថា បទ​ល្មើស​នេសាទ​ពិត​ជា​មាន​កើត​ឡើង​មែន តែ​ជា​បទ​ល្មើស​លួច​លាក់​ដែល​អាជ្ញាធរ​ជំនាញ​កំពុង​ព្យាយាម​តាម​បង្ក្រាប។
ដោយ មណ្ឌល កែវ
2013-01-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បទ​ល្មើស​នេសាទ កំពង់ឆ្នាំង ៣០៥
សមត្ថកិច្ច​ចាប់​ស្រាវ​ស្បៃ​មុង​ក្រឡា​ញឹក​ដែល​ជា​ឧបករណ៍​ល្មើស​ច្បាប់​នៅ​ឃុំ​ប្រឡាយ​មាស ខេត្ត​កំពង់ឆ្នាំង កាល​ពី​ឆ្នាំ​២០១០។
RFA/Mondul Keo

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ បាន​ចោទ​ប្រកាន់​ថា មន្ត្រី​ជំនាញ​ជលផល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ។

អ្នក​ភូមិ​ដែល​រស់នៅ​តាម​តំបន់​នេសាទ​នានា​នៃ​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ មាន​ដូច​ជា​ការ​អូស​អួន​ក្រឡា​ញឹក និង​មាន​បណ្ដោយ​ច្រើន​រយ​ម៉ែត្រ និង​ទូក​រុញ​ជន​ជាច្រើន​គ្រឿង បាន​ធ្វើ​ឲ្យ​ខូច​ខាត​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្រីក្រ ដោយ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ទប់ស្កាត់​ឡើយ។

បុរស​អ្នក​ភូមិ​ឈ្មោះ ពុំ ធួន មាន​ទីលំនៅ​ភូមិ​កោះក្អែក ឃុំ​កំពង់ហៅ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៨ មករា ឆ្នាំ​២០១៣ ថា ស្ទើរ​តែ​រៀង​រាល់​យប់ ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​បាន​ធ្វើ​សកម្មភាព​នេសាទ​ដោយ​គ្មាន​កោត​ក្រែង​ចំពោះ​ច្បាប់ និង​មិន​ខ្ចី​ខ្វាយខ្វល់​ចំពោះ​ការ​ខូច​ខាត​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​ភូមិ​ក្រីក្រ ដូច​មង ឬ​សន្ទូច​ដែល​អ្នក​ភូមិ​បាន​រាយ​នោះ​ឡើយ។

បុរស​អ្នក​ភូមិ​រូប​នេះ​បាន​អះអាង​ថា គាត់​មាន​ប្រភព​ដែល​បញ្ជាក់​ថា ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នេះ​មាន​មន្ត្រី​ជំនាញ​ជលផល មន្ត្រី​ប៉ូលិស និង​ប៉េអិម ជា​ខ្នង​បង្អែក៖ «តាំង​ពី​បិទ​ឡូត៍​នេសាទ​ទៅ អា​វង់​អួន អា​រុញ​ជន និង​របាំង​នោះ វា​ចង់​ជាង​ពេល​មាន​ឡូត៍​ទៀត។ សេរី​ពេញ​តែ​ទន្លេ ខ្ញុំ​ឆ្ងល់​ដែរ​ថា បទ​ល្មើស​ផ្សេង​អាច​បង្ក្រាប​បាន ចុះ​អា​បទ​ល្មើស​នេសាទ​នេះ​ក៏​អត់​មាន​ក្រសួង​ណា​បង្ក្រាប​បាន​អ៊ីចឹង»

អ្នក​ភូមិ​ម្នាក់​ទៀត​រស់នៅ​ភូមិ​កំពង់អុស ឃុំ​ផ្សារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ចំណុច​ភូមិ​កំពង់អុស បទ​ល្មើស​នេសាទ​ប្រភេទ​ឈ្នក់​ក៏​កំពុង​កើត​ឡើង​យ៉ាង​ច្រើន​ដែរ៖ «នៅ​កន្លែង​នេះ​ពួក​វា​ដាក់​ឈ្នុក ដោយ​ប្រើ​អំពូល​សម្រាប់​អូស​ទាញ​ត្រី​ឲ្យ​ចូល​មក ហើយ​វា​ប្រើ​មង ៨​លី ចាប់​អស់​ហើយ​កូន​ត្រី​តូច​តាច។ ពួក​វា​ដាក់​ពេញ​តែ​បឹង​ហ្នឹង គ្មាន​នរណា​អើពើ​ចាប់​វា​ទេ»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សេង ប៊ុនឈឿន មាន​ប្រសាសន៍​ថា លោក​មិន​បដិសេធ​ចំពោះ​របាយការណ៍​របស់​អ្នក​ភូមិ​ទេ។ យ៉ាង​នេះ​ក្ដី លោក​ថា ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​ដំណើរ​ការ​ជា​ប្រចាំ តែ​ដោយ​ស្ថានភាព​ភូមិសាស្ត្រ​ធំ​ទូលាយ លំបាក​ក្នុង​ការ​បង្ក្រាប ទើប​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ខ្លះ៖ «ខ្ញុំ​ចាត់​ការ​អត់​ដែល​ធ្វេសប្រហែស​នោះ​ទេ។ តែ​ធម្មតា អ្នក​លួច​វា​មាន​ល្បិច​ច្រើន​ណាស់។ ម្យ៉ាង​ខ្ញុំ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​រក​មធ្យោបាយ​បង្ក្រាប ព្រោះ​កន្លង​ទៅ​ការ​បង្ក្រាប​ទទួល​បាន​លទ្ធផល​តិចតួច​ណាស់ ព្រោះ​ពួក​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ វា​រហ័ស​ណាស់ ពេល​ដឹង​ថា​យើង​ទៅ​ដល់ វា​កាត់​ទម្លាក់​ចោល​ទៅ យើង​គ្មាន​ភស្តុតាង​ចាប់​វា​ទេ តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ»

អាជ្ញាធរ​ភូមិ ឃុំ នានា​នៅ​តាម​បណ្ដោយ​ដង​ទន្លេសាប ក្នុង​ស្រុក​កំពង់លែង បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ពិត​ជា​មាន​សកម្មភាព​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ដែនដី​របស់​ពួក​គេ​មែន។ ប៉ុន្តែ​អាជ្ញាធរ​ដែនដី​ពុំ​មាន​សិទ្ធិ​អ្វី​ទៅ​ហាមឃាត់ ឬ​ចាប់​រឹប​អូស​ឧបករណ៍​ទាំង​នោះ​ទេ ប្រសិន​គ្មាន​ការ​សហការ​ពី​ផ្នែក​ជំនាញ។ អាជ្ញាធរ​ភូមិ​មួយ​រូប នៅ​ឃុំ​ប្រឡាយមាស បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ឃើញ​ការ​នេសាទ​ល្មើស​ច្បាប់​មាន​ស្ទើរ​រាល់​យប់៖ «ការ​នេសាទ​ខុស​ច្បាប់​នេះ អ្នក​ស្រុក​អ្នក​ភូមិ​ខ្ញុំ គាត់​អត់​បាន​ធ្វើ​ទេ គឺ​អ្នក​ដែល​មក​ពី​ឆ្ងាយ​ជា​អ្នក​ធ្វើ​នេសាទ​ខុស​ច្បាប់​នេះ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​អាច​ទទួល​បាន​លទ្ធផល​ល្អ លុះត្រា​តែ​រាជ​រដ្ឋាភិបាល​បំបាត់​ឲ្យ​អស់​នូវ​អំពើ​ពុក​រលួយ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ហើយ​ត្រូវ​អនុវត្ត​ច្បាប់​នោះ​ឲ្យ​ស្មើ​ភាព​គ្នា​រវាង​អ្នក​មាន​អំណាច ឬ​មាន​លុយ ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ត្រូវ​ធ្វើ​ឡើង​ជា​ប្រចាំ​ដោយ​មិន​ត្រូវ​រង់ចាំ​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ ទើប​ធ្វើ​ការ​បង្ក្រាប​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បទល្មើសជលផលកើតមានច្រើនទួទាំងប្រទេស
ដោយសារ
១-អជ្ញាធរទន់ខ្សោយខ្វះសមត្តភាពក្នុងការបង្រ្កាប
២-ការអនុវត្តច្បាប់បានចំពោះតែអ្នកតូចតាច
៣-អំពើពុករលួយរបស់អជ្ញាធរ (ចាប់បាន បង់លុយចេញវិញ)
៤-កាផ្សព្វផ្សាយច្បាប់មិនមានទូលំទូលាយ

Jan 09, 2013 10:59 PM