សមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី១៨ ខែកក្កដា បានចាប់ប្រជាពលរដ្ឋ៦នាក់ ក្នុងនោះមានបីនាក់ត្រូវចាប់ខ្លួនតាមដីកា និងបីនាក់ទៀត ត្រូវចាប់ខ្លួនពីបទប្រើអំពើហិង្សាដោយចេតនា ទៅលើសមត្ថកិច្ច។ ក្រុមអ្នកភូមិ និងអង្គការក្រៅរដ្ឋាភិបាល ប្រតិកម្មថា ការចោទប្រកាន់នេះ គឺជារឿងមូលបង្កាច់ខុសពីការពិត។
សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) និងក្រុមអ្នកភូមិជាច្រើននាក់ បានប្រតិកម្មលើករណីចៅក្រមស៊ើបសួរតុលាការ ដែលបានសម្រេចបញ្ជូនអ្នកភូមិ៥នាក់ ទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទឆបោក និងបទប្រើអំពើហិង្សាដោយចេតនា ទៅលើកងកម្លាំងមានសមត្ថកិច្ច។
កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា តំណាងអយ្យកាសាលាដំបូងខេត្តបាត់ដំបង បានសាកសួរជនជាប់សង្ស័យ រួចក៏បញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ។ ចៅក្រមបានបញ្ជូនជនជាប់សង្ស័យទៅឃុំខ្លួន ដោយអ្នកខ្លះជាប់បទល្មើសផ្ទួនគ្នា គឺបទឆបោក និងបទប្រើអំពើហិង្សាដោយចេតនា។ អ្នកភូមិទាំងនោះមាន ឈ្មោះ សើរ សាមេន ឃឿន សារ៉េត យឹម វិរៈ ឌី សាវុធ និងឈួយ ស៊ើន។
ប្រធានសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី បានថ្លែងថា សមាគមគ្រោងធ្វើលិខិតអន្តរាគមន៍ពីរដាច់ដោយឡែកពីគ្នា ដាក់ទៅព្រះរាជអាជ្ញា និងស្នងការនគរបាលខេត្តបាត់ដំបង ទាក់ទិនរឿងមិនប្រក្រតីដែលសមត្ថកិច្ចកសាងសំណុំរឿងឡើងចោទប្រកាន់ក្រុមអ្នកភូមិខុសពីការពិត។
លោក យិន ម៉េងលី៖ «ការពិត មិនមែនជនជាប់ចោទវ៉ៃទេ គឺសមត្ថកិច្ចបើកឡានមកពាំងពីមុខឡានជនជាប់ចោទ ហើយរុញទ្វារឡានបុកម៉ូតូទ្រេតតែម្តង។ ហើយពេលនោះមនុស្ស៦នាក់ ខ្លះស្លៀកស៊ីវិល ខ្លះខោបារ៉ា បានចុះចាប់វ៉ៃតែម្តង វ៉ៃលើ ឃឿន សារ៉េត វ៉ៃលើ សើរ សាមេន ដែលធ្វើឲ្យ សើរ សាមេន ហ្នឹង ប៉ោងភ្នែក ឃឿន សារ៉េត មិនបានវ៉ៃចំភ្នែកទេ វ៉ៃលើដងខ្លួន។ ហើយការចាប់មនុស្សទាំង៦នាក់នេះ មិនមែនចាប់កន្លែងតែមួយទេ គឺចាប់កន្លែងពីរខុសគ្នា។ មួយនៅជិតគល់ស្ពានចែងមានជ័យ នៅក្នុងភូមិសាស្ត្រភូមិបុសខ្នុរ។ មួយទៀតនៅហួសហ្នឹងទៀត ចាប់នៅមុខហ្នឹង ព្រោះពីរនាក់បានជ្រុលហួសទៅមុនហើយ។ អញ្ចឹងការចាប់ហ្នឹងមានអ្នកព័ទ្ធពីក្រោយ អ្នកខ្លះព័ទ្ធពីមុខ។ អញ្ចឹង កម្លាំងនគរបាលច្រើន ហើយលោក ឃឿន សារ៉េត ជាមនុស្សពិការជើងខាងស្តាំ អញ្ចឹងយើងគិតថាមិនមានលទ្ធភាពទេ ក្នុងការតវ៉ា»។
លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់កាលពីថ្ងៃទី១៩ កក្កដា ថា លោកបានចេញដីកាបញ្ជាឲ្យមនុស្សតែបីនាក់ ចូលខ្លួនមកតុលាការ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះអនុវត្ត ស្រាប់តែមានមនុស្សជាច្រើននាក់ទៀតចូលទៅជួយ ទើបមានការឃាត់ខ្លួនច្រើននាក់ដូច្នេះ៖ «មុនដំបូង ដោយសារមានបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធមនុស្សបីនាក់ ហើយយើងធ្វើដីកាអញ្ជើញគាត់យកមកហើយ ដល់ពេលយើងកំពុងអនុវត្តដីកា មានមនុស្សច្រើនប្រតាយប្រតប់សមត្ថកិច្ចហ្នឹង ដើម្បីយកបងប្អូនបីនាក់ទៅវិញ។ ប៉ុន្តែសមត្ថកិច្ចយើងមិនអនុញ្ញាតឲ្យគាត់យកទៅ ព្រោះក្នុងបំពេញកិច្ចការ។ អញ្ចឹងគាត់ត្រូវឃាត់ខ្លួនពីររូបបីរូបហ្នឹង ពីបទល្មើសជាក់ស្ដែងដោយប្រើអំពើហិង្សាចេតនា ទៅលើសមត្ថកិច្ចកំពុងប្រតិបត្តិការហ្នឹង»។
លោក រាម រួន ដែលបានរួចផុតពីការចោទប្រកាន់នោះ បានអះអាងថា មិនមានក្រុមអ្នកភូមិណាបានប្រើអំពើហិង្សាទៅលើកងកម្លាំងមានសមត្ថកិច្ចទេ។ លោកថា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា មានកងកម្លាំងសមត្ថកិច្ចចម្រុះពី ២០ទៅ៣០នាក់ ប្រដាប់ដោយអាវុធនៅក្នុងដៃ បានជិះរថយន្តទៅស្ទាក់ចាប់ពួកគាត់នៅតាមផ្លូវ៖ «មុនធ្វើដំណើរមក លោកមេឃុំ ជឹម វ៉ែន គាត់បានទូរស័ព្ទអោយលោក ឃឿន សារ៉េត ព្រមទាំងក្រុមការងារហ្នឹង ឲ្យទៅជួបគាត់។ ពេលនោះមិនបានទៅដល់ជួបគាត់ទេ ទៅដល់ត្រឹមចុងស្ពានចែងមានជ័យ ហ្នឹង ខាងសមត្ថកិច្ចបើកឡានទៅកាក់ពីមុខ បើកទ្វារឡានផ្ដួលម៉ូតូ ក៏ចាប់ ឃឿន សារ៉េន និងឈួយ ស៊ើន វ៉ៃភ្លាមទៅ»។
កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ក្រុមអ្នកភូមិជាច្រើននៅតែបន្តលើកគ្នាមកតវ៉ានៅខាងមុខអគារតុលាការខេត្តបាត់ដំបង ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកភូមិ៥នាក់នោះ រួចផុតពីបទចោទប្រកាន់ ដោយអះអាងថា ពួកគាត់ពុំមានកំហុសទេ រឿងលក់ទិញដីនៅតំបន់ទំនាស់នោះ បង្កឡើងដោយក្រុមអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែ ការទាមទារនេះត្រូវបានតុលាការច្រានចោល។ មន្ត្រីតុលាការបានអន្តរាគមន៍ទៅសមាគម អាដហុក ឲ្យប្រាប់ប្រជាពលរដ្ឋបញ្ឈប់ការតវ៉ា ហើយរកមេធាវីទៅធានាអ្នកជាប់ពន្ធនាគារទាំង៥នាក់នោះ តាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។