អាជ្ញាធរ​ខេត្ត​បាត់ដំបង រង​ការ​ចោទ​ថា​ចោទ​ប្រកាន់​ពលរដ្ឋ​ខុស​ពី​ការ​ពិត

តុលាការ​ខេត្ត​បាត់ដំបង បាន​លើក​លែង​ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​ម្នាក់ តែ​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ប្រាំ​នាក់ ដោយ​ចោទ​ពី​បទ​ឆបោក និង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ទៅ​កម្លាំង​មាន​សមត្ថកិច្ច។
ដោយ សួន សុផលមុន្នី
2012-07-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ សមត្ថកិច្ច​ចាប់​ ៣០៥
ពលរដ្ឋ ៤​នាក់​ក្នុង​ចំណោម ៦​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៨ កក្កដា ឆ្នាំ​២០១២។
Adhoc

សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា បាន​ចាប់​ប្រជាពលរដ្ឋ​៦​នាក់ ក្នុង​នោះ​មាន​បី​នាក់​ត្រូវ​ចាប់​ខ្លួន​តាម​ដីកា និង​បី​នាក់​ទៀត ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ទៅ​លើ​សមត្ថកិច្ច។ ក្រុម​អ្នក​ភូមិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រតិកម្ម​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​រឿង​មូល​បង្កាច់​ខុស​ពី​ការ​ពិត។

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) និង​ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​ប្រតិកម្ម​លើ​ករណី​ចៅក្រម​ស៊ើបសួរ​តុលាការ ដែល​បាន​សម្រេច​បញ្ជូន​អ្នក​ភូមិ​៥​នាក់ ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆបោក និង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ទៅ​លើ​កង​កម្លាំង​មាន​សមត្ថកិច្ច។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កក្កដា តំណាង​អយ្យកា​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​សាកសួរ​ជន​ជាប់​សង្ស័យ រួច​ក៏​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ។ ចៅក្រម​បាន​បញ្ជូន​ជន​ជាប់​សង្ស័យ​ទៅ​ឃុំ​ខ្លួន ដោយ​អ្នក​ខ្លះ​ជាប់​បទល្មើស​ផ្ទួន​គ្នា គឺ​បទ​ឆបោក និង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ អ្នក​ភូមិ​ទាំង​នោះ​មាន ឈ្មោះ សើរ សាមេន ឃឿន សារ៉េត យឹម វិរៈ ឌី សាវុធ និង​ឈួយ ស៊ើន។

ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី បាន​ថ្លែង​ថា សមាគម​គ្រោង​ធ្វើ​លិខិត​អន្តរាគមន៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដាក់​ទៅ​ព្រះរាជអាជ្ញា និង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ទាក់​ទិន​រឿង​មិន​ប្រក្រតី​ដែល​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ឡើង​ចោទ​ប្រកាន់​ក្រុម​អ្នក​ភូមិ​ខុស​ពី​ការ​ពិត។

លោក យិន ម៉េងលី៖ «ការ​ពិត មិន​មែន​ជន​ជាប់​ចោទ​វ៉ៃ​ទេ គឺ​សមត្ថកិច្ច​បើក​ឡាន​មក​ពាំង​ពី​មុខ​ឡាន​ជន​ជាប់​ចោទ ហើយ​រុញ​ទ្វារ​ឡាន​បុក​ម៉ូតូ​ទ្រេត​តែ​ម្តង។ ហើយ​ពេល​នោះ​មនុស្ស​៦​នាក់ ខ្លះ​ស្លៀក​ស៊ីវិល ខ្លះ​ខោ​បារ៉ា បាន​ចុះ​ចាប់​វ៉ៃ​តែ​ម្តង វ៉ៃ​លើ ឃឿន សារ៉េត វ៉ៃ​លើ សើរ សាមេន ដែល​ធ្វើ​ឲ្យ សើរ សាមេន ហ្នឹង ប៉ោង​ភ្នែក ឃឿន សារ៉េត មិន​បាន​វ៉ៃ​ចំ​ភ្នែក​ទេ វ៉ៃ​លើ​ដង​ខ្លួន។ ហើយ​ការ​ចាប់​មនុស្ស​ទាំង​៦​នាក់​នេះ មិន​មែន​ចាប់​កន្លែង​តែ​មួយ​ទេ គឺ​ចាប់​កន្លែង​ពីរ​ខុស​គ្នា។ មួយ​នៅ​ជិត​គល់​ស្ពាន​ចែងមានជ័យ នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​បុសខ្នុរ។ មួយ​ទៀត​នៅ​ហួស​ហ្នឹង​ទៀត ចាប់​នៅ​មុខ​ហ្នឹង ព្រោះ​ពីរ​នាក់​បាន​ជ្រុល​ហួស​ទៅ​មុន​ហើយ។ អញ្ចឹង​ការ​ចាប់​ហ្នឹង​មាន​អ្នក​ព័ទ្ធ​ពី​ក្រោយ អ្នក​ខ្លះ​ព័ទ្ធ​ពី​មុខ។ អញ្ចឹង កម្លាំង​នគរបាល​ច្រើន ហើយ​លោក ឃឿន សារ៉េត ជា​មនុស្ស​ពិការ​ជើង​ខាង​ស្តាំ អញ្ចឹង​យើង​គិត​ថា​មិន​មាន​លទ្ធភាព​ទេ ក្នុង​ការ​តវ៉ា»

លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ថា លោក​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​មនុស្ស​តែ​បី​នាក់ ចូល​ខ្លួន​មក​តុលាការ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត ស្រាប់​តែ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ចូល​ទៅ​ជួយ ទើប​មាន​ការ​ឃាត់​ខ្លួន​ច្រើន​នាក់​ដូច្នេះ៖ «មុន​ដំបូង ដោយ​សារ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​មនុស្ស​បី​នាក់ ហើយ​យើង​ធ្វើ​ដីកា​អញ្ជើញ​គាត់​យក​មក​ហើយ ដល់​ពេល​យើង​កំពុង​អនុវត្ត​ដីកា មាន​មនុស្ស​ច្រើន​ប្រតាយ​ប្រតប់​សមត្ថកិច្ច​ហ្នឹង ដើម្បី​យក​បងប្អូន​បី​នាក់​ទៅ​វិញ។ ប៉ុន្តែ​សមត្ថកិច្ច​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​យក​ទៅ ព្រោះ​ក្នុង​បំពេញ​កិច្ចការ។ អញ្ចឹង​គាត់​ត្រូវ​ឃាត់​ខ្លួន​ពីរ​រូប​បី​រូប​ហ្នឹង ពី​បទល្មើស​ជាក់​ស្ដែង​ដោយ​ប្រើ​អំពើ​ហិង្សា​ចេតនា ទៅ​លើ​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​ហ្នឹង»

លោក រាម រួន ដែល​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នោះ បាន​អះអាង​ថា មិន​មាន​ក្រុម​អ្នក​ភូមិ​ណា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កង​កម្លាំង​មាន​សមត្ថកិច្ច​ទេ។ លោក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កក្កដា មាន​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពី ២០​ទៅ​៣០​នាក់ ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ដៃ បាន​ជិះ​រថយន្ត​ទៅ​ស្ទាក់​ចាប់​ពួក​គាត់​នៅ​តាម​ផ្លូវ៖ «មុន​ធ្វើ​ដំណើរ​មក លោក​មេឃុំ ជឹម វ៉ែន គាត់​បាន​ទូរស័ព្ទ​អោយ​លោក ឃឿន សារ៉េត ព្រម​ទាំង​ក្រុម​ការងារ​ហ្នឹង ឲ្យ​ទៅ​ជួប​គាត់។ ពេល​នោះ​មិន​បាន​ទៅ​ដល់​ជួប​គាត់​ទេ ទៅ​ដល់​ត្រឹម​ចុង​ស្ពាន​ចែងមានជ័យ ហ្នឹង ខាង​សមត្ថកិច្ច​បើក​ឡាន​ទៅ​កាក់​ពី​មុខ បើក​ទ្វារ​ឡាន​ផ្ដួល​ម៉ូតូ ក៏​ចាប់ ឃឿន សារ៉េន និង​ឈួយ ស៊ើន វ៉ៃ​ភ្លាម​ទៅ»

កាល​ពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែ​កក្កដា ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នៅ​តែ​បន្ត​លើក​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​អគារ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​៥​នាក់​នោះ រួច​ផុត​ពី​បទ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា ពួក​គាត់​ពុំ​មាន​កំហុស​ទេ រឿង​លក់​ទិញ​ដី​នៅ​តំបន់​ទំនាស់​នោះ បង្ក​ឡើង​ដោយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ ការ​ទាមទារ​នេះ​ត្រូវ​បាន​តុលាការ​ច្រានចោល។ មន្ត្រី​តុលាការ​បាន​អន្តរាគមន៍​ទៅ​សមាគម អាដហុក ឲ្យ​ប្រាប់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​តវ៉ា ហើយ​រក​មេធាវី​ទៅ​ធានា​អ្នក​ជាប់​ពន្ធនាគារ​ទាំង​៥​នាក់​នោះ តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល