ពលរដ្ឋ​នៅ​រតនគិរី​ចោទ​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ថា​ទារ​ប្រាក់​ធ្វើ​សៀវភៅ​គ្រួសារ

នៅ​ខេត្ត​រតនគិរី ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា មន្ត្រី​ប៉ូលិស​មូលដ្ឋាន​នៅ​តែ​គាប​សង្កត់​ទារ​ប្រាក់​ច្រើនៗ​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​សៀវភៅ​គ្រួសារ។
ដោយ រដ្ឋា វីសាល
2012-09-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ពីរ​គ្រួសារ រស់នៅ​ភូមិ​អូរជុំ ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ត្រួត​ពិនិត្យ​ការងារ​មន្ត្រី​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការ​កំណត់​ពី​ក្រសួង​មហាផ្ទៃ និង​ជា​ពិសេស សុំ​ឲ្យ​ជួយ​ទប់ស្កាត់​អំពើ​គាប​សង្កត់​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ ដែល​ស្នើសុំ​ធ្វើ​សៀវភៅ​គ្រួសារ​នេះ។

សេចក្តី​អំពាវនាវ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​ពីរ​គ្រួសារ​នេះ អះអាង​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរជុំ ខេត្ត​រតនគិរី បង្ខំ​ទារ​ប្រាក់​ពួក​គាត់​ម្នាក់​១០ម៉ឺន​រៀល ដើម្បី​ធ្វើ​សៀវភៅ​គ្រួសារ ឬ​ចុះ​ឈ្មោះ​សមាជិក​ថ្មី​ម្នាក់​ទៅ​ក្នុង​សៀវភៅ​គ្រួសារ​របស់​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា កន្លង​ទៅ​នេះ។

ប្រជាពលរដ្ឋ​មាន​កំណើត​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង អ្នកស្រី ញឹម សុខឃឿន រស់នៅ​ភូមិ​អូរជុំ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​តម្រូវ​ឲ្យ​អ្នកស្រី​ផ្តល់​ប្រាក់​១០ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​ធ្វើ​សៀវភៅ​គ្រួសារ​នេះ។ អ្នកស្រី​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​គាប​សង្កត់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ប៉ូលិស ប៉ះពាល់​សិទ្ធិ​រស់នៅ​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច៖ «ទៅ​ធ្វើ​ទាំង​អស់​គ្នា​ព្រឹក​មិញ ចាស ឲ្យ​អស់​ហើយ។ ខ្ញុំ​សំណូម​ពរ​ធ្វើ​សៀវភៅ​គ្រួសារ កុំ​ឲ្យ​អស់​លុយ ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ»

ដូច​គ្នា​នេះ​ដែរ ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ឈ្មោះ លឹម សយ មាន​ប្រសាសន៍​ដោយ​ទោមនស្ស​ថា អ្នកស្រី​ក៏​ត្រូវ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ទារ​ប្រាក់​១០ម៉ឺន​រៀល​ដូច​គ្នា ខណៈ​ពេល​អ្នកស្រី​ស្នើសុំ​ចុះ​ឈ្មោះ​កូន​របស់​អ្នកស្រី​ម្នាក់​ទៀត ទៅ​ក្នុង​សៀវភៅ​គ្រួសារ​គាត់​ដែល​មាន​ស្រាប់។ អ្នកស្រី​បន្ត​ថា ប្រសិន​អ្នកស្រី​មិន​ព្រម​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​ប៉ូលិស​នោះ​ទេ គឺ​ប៉ូលិស​មិន​ទទួល​ចុះ​ឈ្មោះ​កូន​គាត់​នៅ​ក្នុង​សៀវភៅ​គ្រួសារ​ឲ្យ​គាត់​ឡើយ៖ «ប៉ូលិស​ឈ្មោះ​គាត់​ប្រុស កូន​ខ្ញុំ​ទើប​កើត​ហ្នឹង ខ្ញុំ​ចង់​បញ្ចូល​ក្នុង​សៀវភៅ​គ្រួសារ។ គេ​បំពេញ​ក្នុង​នេះ ហើយ​គេ​ថា សៀវភៅ​គ្រួសារ​ចាស់​ហ្នឹង​ចោល​ហើយ ប្រើ​ការ​លែង​កើត​ហើយ។ ចង់​ដោះដូរ​ថ្មី គេ​យក​ខ្ញុំ​១០ម៉ឺន ពីរ​នាក់​បី​នាក់​ហើយ គេ​បង់​ទាំង​អស់​ដប់ៗ​ម៉ឺន គេ​បង់​គ្រប់​ទាំង​អស់។ សុំ​គេ​៨ម៉ឺន គេ​អត់​ព្រម​ផង។ ខ្ញុំ​មេម៉ាយ​ផង»

គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​មន្ត្រី​ជំនាញ​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​អ្វី​ឡើយ។

អធិការ​ប៉ូលិស​ស្រុក​អូរជុំ លោក ដោក រឺយ បាន​ចាត់​ទុក​មន្ត្រី​ប៉ូលិស​ណា​ដែល​បង្ខំ​ទារ​ប្រាក់ ឬ​គាប​សង្កត់​ប្រជាពលរដ្ឋ​ឲ្យ​បង់​ប្រាក់​ធ្វើ​សៀវភៅ​គ្រួសារ​ថា ជា​ការ​រំលោភ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​ការ​ណែនាំ​របស់​ស្នងការ​ប៉ូលិស​ខេត្ត។ លោក​អះអាង​ថា នឹង​ត្រួត​ពិនិត្យ​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ ហើយ​តម្រូវ​ឲ្យ​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ប្រគល់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​វិញ៖ «ឲ្យ​តែ​ផ្តល់​ព័ត៌មាន​មក​ខ្ញុំ ខ្ញុំ​នឹង​រៀប​ដាក់​មក​វិញ អត់​បាន​ទេ អ៊ីចឹង ខ្ញុំ​បញ្ជា​អញ្ចេះ​វិញ​ហាម​មិន​ឲ្យ​យក​លើស​លប់​ពេក​ពី​បី​ម៉ឺន​ទៅ គ្រាន់​តែ​រួច​ថ្លៃ​ប៊ិច។ ធ្វើ​អ៊ីចឹង​ហួសហេតុ​ពេក​ហើយ»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា​អាដហុក (ADHOC) ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី បាន​កត់​សម្គាល់​ថា ការ​ធ្វើ​សៀវភៅ​គ្រួសារ​ប្រជាពលរដ្ឋ បាន​ក្លាយ​ទៅ​ជា​អាជីវកម្ម​រក​ប្រាក់​របស់​មន្ត្រី​ប៉ូលិស​អ្នក​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ។ ប្រការ​នេះ ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវភាព​រស់នៅ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស ជន​ជាតិ​ដើម​ភាគ​តិច។

លោក​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ករណី​នេះ ធ្វើ​យ៉ាង​ណា​លប់​បំបាត់​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នេះ ដើម្បី​បម្រើ​សេវា​សាធារណៈ​នេះ​ជូន​ប្រជាពលរដ្ឋ​មាន​សៀវភៅ​គ្រួសារ​បាន​ប្រើប្រាស់​គ្រប់​ក្រុម​គ្រួសារ៖ «ជា​ការ​មួយ​មិន​ល្អ​ដែរ ព្រោះ​គោល​នយោបាយ​រដ្ឋាភិបាល​កាត់​បន្ថយ​ភាព​ក្រីក្រ។ យើង​អំពាវនាវ ជាពិសេស​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ហើយ មិន​យក​លុយ​ទេ​ប្រជាពលរដ្ឋ អ៊ីចឹង សុំ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ហ្នឹង ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ»

ចំណែក​មន្ត្រី​គណៈកម្មការ​សង្កេតការណ៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) អ្នកស្រី គង់ រ៉ាវីន មាន​ប្រសាសន៍​ថា ការងារ​ធ្វើ​សៀវភៅ​គ្រួសារ​សម្រាប់​ប្រជាពលរដ្ឋ គឺ​ជា​ភារកិច្ច​របស់​មន្ត្រី​ជំនាញ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។ អ្នកស្រី​បន្ត​ថា ការ​ទារ​ប្រាក់ ឬ​គាប​សង្កត់​យក​ប្រាក់​ធ្វើ​សៀវភៅ​គ្រួសារ គឺ​ជា​អំពើ​ពុក​រលួយ និង​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ទៀត​ផង។

អ្នកស្រី គង់ រ៉ាវីន៖ «តាម​ពិត​ហ្នឹង គឺ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ដែល​ត្រូវ​ចេញ​សៀវភៅ​គ្រួសារ​ហ្នឹង អ៊ីចឹង ខាង​អាជ្ញាធរ គាត់​អ្នក​អនុវត្ត​ការងារ​ហ្នឹង គាត់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ពង្រឹង​ផ្តល់​សេវា​ហ្នឹង​ដល់​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា មិន​ថា​ខាង​មូលដ្ឋាន​ទេ ខាង​លើ​គួរ​តែ​ចេញ​សេចក្តី​ណែនាំ​មួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ខាង​អាជ្ញាធរ​ធ្វើ​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ ព្រោះ​អាហ្នឹង​ជា​សេវា​សាធារណៈ​មួយ​ដែល​ប្រជាពលរដ្ឋ​គាត់​ត្រូវ​តែ​ទទួល​បាន»

នៅ​ខេត្ត​រតនគិរី របាយការណ៍​របស់​ស្នងការ​ដ្ឋាន​ប៉ូលិស​ខេត្ត ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​៦០%​នៃ​ចំនួន​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ខេត្ត គឺ​មាន​សៀវភៅ​គ្រួសារ​ប្រើប្រាស់។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​ការងារ​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ លោក ចាន់ ថារី មាន​ប្រសាសន៍​បញ្ជាក់​ថា ស្នងការ​ដ្ឋាន​ប៉ូលិស​បាន​ណែនាំ​គ្រប់​អធិការដ្ឋាន និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​នៃ​ថ្ងៃ​បំពេញ​ភារកិច្ច​របស់​ប៉ូលិស។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដែល​រង​ការ​គាប​សង្កត់​ទារ​ប្រាក់​ពី​ប៉ូលិស ពី​ការ​ធ្វើ​សៀវភៅ​គ្រួសារ សុំ​ផ្តល់​ព័ត៌មាន​មក​មន្ត្រី​ស្នងការ​ដ្ឋាន​ប៉ូលិស ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។

លោក ចាន់ ថារី៖ «តាម​គោលការណ៍ អត់​ឲ្យ​មាន​បង់​លុយ​ទេ ស្រេច​បង​ប្អូន​យើង​ផ្តល់​មនោសញ្ចេតនា​តើ។ ដូច​បង​ប្អូន​យើង​ជន​ជាតិ​យើង ខេត្ត​យើង​អភិវឌ្ឍន៍ បង​ប្អូន​យើង​ត្រូវ​ការ​សៀវភៅ​ដែល​ធនាគារ​គេ​ត្រូវ​ការ លក់​ដីធ្លី បញ្ចាំ​អ្វីៗ គេ​ត្រូវ​ការ​ប័ណ្ណ​គ្រួសារ​បង​ប្អូន​យើង ពិបាក​មក​ធ្វើ ប៉ុន្តែ​ភាគ​ច្រើន បង​ប្អូន​យើង​ចំណូល​ថ្មី»

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​នៅ​ភូមិ​អូរជុំ បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ប៉ុស្តិ៍​បាន​យក​ប្រាក់​មក​ប្រគល់​សង​ពួក​គាត់​វិញ​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ក៏ប៉ុន្តែ គាត់​អះអាង​ថា មន្ត្រី​ប៉ូលិស​បាន​គម្រាម​ថា នឹង​មិន​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ពួក​គាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

The authority doesn't want to issue the family book for Khmer because he cannot get money.
It is much easier for VN because they bribe.

Sep 08, 2012 12:57 AM

អ្នក​អាន​អនាមិក

ពាក្យ​ មនោសញ្ចេតនា​ ត្រូវបានរាជការ ដែល​ល្មោភ ប្រើ ដើម្បីលាបពីលើ កំរៃជើងសា ឬ ហៅថា ពុករលួយ។​

Sep 08, 2012 12:10 AM

Banlung

ពី Banlung

តាមឮមកតុកាហ្វេថា​ លោកស្នងការខេត្តសុំនៅក្នុងកិច្ចប្រជុំ ថាសូមកុំយកលុយច្រើន សុំយកតិចតួចបំផុតទៅបើគេឲ្យ តែ ខាងប៉ូលិសប៉ុស្តិ៍ថ្នាក់ក្រោមគាត់ឆ្លើយថា មិនបានទេ វាខាត.......... នេះគឺថាជាសម្តីពិតដែលឮថាមានការ លើកឡើងតបវិញពីលោកមេប៉ុស្តិ៍ឆ្លើយតបឲ្យលោកស្នងការ លែងតបមាត់កើត។

Sep 07, 2012 10:39 PM