ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ

ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សហគមន៍​បឹង​កក់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ហើយ​ពួក​គេ​បាន​បង្ហាញ​ពាក្យ​បណ្ដឹង​ដែល​ពួក​គេ​បាន​ត្រៀម​បម្រុង​នាំ​ទៅ​ប្រគល់​អោយ​បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ជួយ​អន្តរាគមន៍។
ដោយ សុ ជីវី
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​សហគមន៍​ទាំង​នោះ បាន​ចំណាយ​ពេល​មួយ​ព្រឹក​ស្វែង​រក​ទីស្នាក់ការ​អង្គការ​នោះ ប៉ុន្តែ​ពុំ​អាច​រក​ឃើញ។ ពួក​គេ​បាន​សម្រេច​នាំ​គ្នា​ទៅ​អាន​សំណើ​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​បឹង​កក់។

ពលរដ្ឋ​ជិត​១០០​នាក់​មក​ពី​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ចំនួន​ប្រាំ នៅ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ចេញ​ពី​តំបន់​បឹង​កក់ និង​បន្ទាប់​មក​បាន​ជិះ​រ៉ឺម៉ក​ទេសចរណ៍​ទៅ​តាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន ប៉ុន្តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​ទីស្នាក់ការ​របស់​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា​ឡើយ។

ពលរដ្ឋ​ទាំង​នោះ​មក​ពី​តំបន់​បឹង​កក់ បុរី​កីឡា បឹង​ឈូក សហគមន៍​៣៤៧ និង​អ្នក​រស់​ជាប់​របង​ប្រលាន​យន្តហោះ​ភ្នំពេញ ដែល​រង​ផល​ប៉ះពាល់​ផ្នែក​ដីធ្លី។ ពួក​គេ​បាន​អំពាវនាវ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ទីតាំង​ជាក់​លាក់ ដើម្បី​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ស្វែង​រក​អន្តរាគមន៍​ជួយ​រក​ដំណោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី។

តំណាង​បុរី​កីឡា អ្នកស្រី ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា ពួក​គេ​បាន​ជួប​ការ​លំបាក​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​រវាង​ពួក​គេ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phanimex)។ នៅ​ពេល​ពួក​គេ​បាន​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ចេតនា​ពី​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី ពួក​គេ​ព្យាយាម​ទាក់ទង​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ជា​ច្រើន​ថ្ងៃ ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ជួយ​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​របស់​ពួក​គេ ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ​នេះ។

អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា តំណាង​ឲ្យ​អង្គការ​យុវជន អង្គការ​សមាគម​ចំនួន​៣១ មាន​បេសកកម្ម​តស៊ូ​មតិ និង​លើក​ស្ទួយ​យុត្តិធម៌។

ពលរដ្ឋ​នៃ​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​ដឹង​ថា​អង្គការ​សង្គម អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​៦ សីហា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ទៅ​នឹង​ការ​អះអាង​របស់​លោក សៀរ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​ថា​ក្រុម​និស្សិត​ចុះ​វាស់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​មិន​មាន​ប្រសិទ្ធភាព និង​និរន្តរភាព។

សេចក្ដី​ថ្លែងការណ៍​នោះ​ចុះ​ហត្ថលេខា​ដោយ​លោក ថៅ វាសនា បាន​កោតសរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល បាន​អនុវត្ត​កំណែ​ទម្រង់​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព។ ដោយ​សង្កេត​ករណី​នេះ ទើប​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​នោះ បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រធាន​អង្គការ​មួយ​នេះ។

តំណាង​អ្នក​ភូមិ​បឹង​កក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា អ្នក​បឹង​កក់​ចង់​ផ្ដល់​ព័ត៌មាន​ទៅ​លោក ថៅ វាសនា ពី​បញ្ហា​របស់​ពួក​គាត់ និង​ស្នើ​អោយ​ជួយ​ដោះស្រាយ​បញ្ហា​៣​ចំណុច សម្រាប់​អ្នក​បឹង​កក់ នោះ គឺ​ការ​បោះ​បង្គោល​កំណត់​ព្រំ​ដី​ទំហំ​១២,៤៤​ហិកតារ ផ្ដល់​ដីធ្លី​ដល់​អ្នក​ដែល​ត្រូវ​ឆ្វៀល​ចេញ និង​លើក​លែង​ការ​ចោទ​ប្រកាន់​តំណាង​១៥​នាក់​នៅ​តុលាការ។

តំណាង​អ្នក​សហគមន៍​បឹង​ឈូក អ្នកស្រី ខៀវ ចិន្តា មាន​ប្រសាសន៍​ថា ជា​ការ​ប្រសើរ​ណាស់​ប្រសិន​បើ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា អាច​ជួយ​ពួក​គាត់​បាន។ ពួក​គាត់​បាន​បាត់​បង់​ដីធ្លី ផ្ទះ​សម្បែង ចំណែក​តំណាង​ជាច្រើន​នាក់​ក៏​ត្រូវ​ចោទ​ប្រកាន់​ទៅ​តុលាការ​ដោយ​សារ​តែ​ជម្លោះ​ដីធ្លី។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា លោក ថៅ វាសនា មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នោះ គឺ​ពុំ​ចាំ​បាច់​ដាក់​សំណើ​ទៅ​អង្គការ​របស់​លោក​ឡើយ ដ្បិត​អង្គការ​លោក​មិន​បាន​ផ្ដោត​លើ​ជម្លោះ​ដីធ្លី​ឡើយ។ លោក ថៅ វាសនា បន្ត​ថា ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​ដីធ្លី ចាំ​បាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត ប៉ុន្តែ​អង្គការ​របស់​លោក​ពុំ​មាន​បទ​ពិសោធ​ក្នុង​ករណី​នេះ​ឡើយ។

បើ​ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ដែល​ចង់​បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ បាន​អះអាង​ថា ពួក​គេ​នឹង​ព្យាយាម​ស្វែង​រក​ស្នាក់​ការ​របស់​អង្គការ​របស់​លោក ថៅ វាសនា តទៅ​ទៀត ដើម្បី​បាន​បង្ហាញ​ពី​ទុក្ខ​លំបាក ពី​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​បណ្ដេញ​ពួក​គេ​ចេញ​ពី​លំនៅឋាន។

តំណាង​បុរី​កីឡា អ្នកស្រី ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា គង់​នឹង​មាន​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​អាច​ដឹង​ពី​អាសយដ្ឋាន​អង្គការ​នេះ។

ក្រៅ​ពី​ការ​ជំរុញ​អោយ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ងាក​មក​យកចិត្ត​ទុក​ដាក់​ពី​ការ​រំលោភ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​នេះ អ្នក​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី ក៏​បាន​អំពាវនាវ​ទៅ​ដល់​អង្គការ សមាគម ទោះ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល ឬ​ជំទាស់ ត្រូវ​បង្ហាញ​ទីតាំង​ស្នាក់​ការ​របស់​ខ្លួន​អោយ​បាន​ជាក់​លាក់ ដើម្បី​ផ្ដល់​ឱកាស​អោយ​ពលរដ្ឋ​បាន​ស្នើ​សុំ​អន្តរាគមន៍ ឬ​ជួប​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ទៅ​តាម​តួនាទី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល