ពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដក​សមាសភាព​តំណាង​សហគមន៍​នៅ​ខេត្ត​កំពង់ចាម

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​កាត់​បឹងធំ ស្ថិត​ក្នុង​ឡូ​នេសាទ​លេខ​២ ដែល​ជា​បឹង​មាន​ផ្ទៃ​ទឹក​ប្រមាណ​៤៨​ហិកតារ​ជាប់​ចំនួន​៣ស្រុក ក្នុង​ខេត្ត​កំពង់ចាម ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​គ្រប់គ្រង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ មក អ្នក​ភូមិ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​អតីត​ប្រធាន​សហគមន៍​នេសាទ​បាន​ជាប់​ឆ្នោត​ដោយ​ស្ងាត់ៗ​ទៅ​គ្រប់គ្រង​នៅ​សហគមន៍​នេសាទ​នៅ​ថ្នាក់​ស្រុក។
ដោយ ទេព សុរ៉ាវី
2012-08-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​អ្នក​ភូមិ​ចំនួន​៨នាក់ នៅ​ឃុំ​មាន ក្នុង​ស្រុក​ព្រៃឈរ ស្នើសុំ​ឲ្យ​មេ​ឃុំ​ដក​សមាសភាព​អនុប្រធាន​ទី២ នៃ​គណៈកម្មការ​សហគមន៍​បឹងធំ ដែល​គ្រប់គ្រង​ចំនួន​៣ស្រុក​ចេញ បន្ទាប់​ពី​អ្នក​ភូមិ​រក​ឃើញ​ថា តំណាង​សហគមន៍​រូប​នោះ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជលផល​ទទួល​សំណូក​ពី​ប្រជា​នេសាទ​ខុស​ច្បាប់។

ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សាលា​ឃុំ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។ តំណាង​អ្នក​ភូមិ​នៅ​ឃុំ​មាន លោក សុខ ឈឿង ឲ្យ​ដឹង​ថា លោក លឹម សុភាព អតីត​ប្រធាន​សហគមន៍​សាមគ្គី​ឃុំ​មាន ដែល​គ្រប់គ្រង​នៅ​បឹងកេស ជាប់​នឹង​បឹងធំ ត្រូវ​បាន​តែង​តាំង​ដោយ​ស្ងាត់ៗ​ដោយ​មន្ត្រី​ជលផល​ខេត្ត ទៅ​ជា​អនុប្រធាន​ទី២​សហគមន៍​បឹងធំ ដែល​អាច​គ្រប់គ្រង​ចំនួន​៣ស្រុក នៅ​ស្រុក​ព្រៃឈរ ស្រុក​កងមាស និង​ស្រុក​កំពង់សៀម ក្នុង​ខេត្ត​កំពង់ចាម។

លោក សុខ ឈឿង បន្ត​ថា តំណាង​អ្នក​ភូមិ​ចំនួន​១២​រូប មក​ពី​៦​ភូមិ ក្នុង​ឃុំ​មាន ដែល​បាន​មក​ពី​ការ​បោះ​ឆ្នោត​សកល​នៅ​តាម​ភូមិ និង​ដែល​ត្រូវ​បោះ​ឆ្នោត​អសកល​ម្តង​ទៀត​នៅ​ថ្នាក់​ឃុំ ដើម្បី​ឈរ​ឈ្មោះ​ជា​តំណាង​អ្នក​ភូមិ ចូល​រួម​បោះ​ឆ្នោត​នៅ​ថ្នាក់​ស្រុក ជា​សមាជិក​គណៈកម្មការ​សហគមន៍​បឹងធំ មិន​ទាន់​ដំណើរ​ការ​ផង ស្រាប់​តែ​ឈ្មោះ លឹម សុភាព អតីត​ប្រធាន​សហគមន៍​សាមគ្គី​ឃុំ​មាន បែរ​ជា​ជាប់​ឆ្នោត​ស្ងាត់ៗ​ធ្វើ​ជា​តំណាង​អ្នក​ភូមិ​ក្នុង​សហគមន៍​បឹងធំ ទៅ​វិញ។

លោក​បញ្ជាក់​ថា អ្នក​ភូមិ​មិន​ទទួល​ស្គាល់​ឈ្មោះ លឹម សុភាព ជា​តំណាង​របស់​ខ្លួន ហើយ​ទៅ​ឈរ​ឈ្មោះ​ជាប់​ជា​អនុប្រធាន​ទី២ នៃ​គណៈកម្មការ​សហគមន៍​បឹងធំ​នោះ​ទេ។ ទើប​ស្នើសុំ​ឲ្យ​ដក​ឈ្មោះ លឹម សុភាព ចេញ​ពី​សមាសភាព​នៃ​គណៈកម្មការ​នេះ ហើយ​បោះ​ឆ្នោត​ម្តង​ទៀត ដោយ​មាន​តំណាង​ភូមិ​ពិត​ប្រាកដ​ចូល​រួម៖ «មូលហេតុ​អី​បាន​ខេត្ត​ជ្រើសរើស​លោក លឹម សុភាព ទៅ​ឈរ​ឈ្មោះ​វិញ ព្រោះ​មនុស្ស​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​មិន​ប្រក្រតី នៅ​ក្នុង​សហគមន៍»

តំណាង​អ្នក​ភូមិ​បញ្ជាក់​ថា​ឈ្មោះ លឹម សុភាព ត្រូវ​បាន​អ្នក​ភូមិ​អស់​ជំនឿ​ទុកចិត្ត​ឲ្យ​គ្រប់គ្រង និង​ការពារ​តំបន់​នេសាទ បន្ទាប់​ពី​គាត់​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជលផល​មួយ​ចំនួន​ដើរ​យក​លុយ​ពី​ប្រជា​នេសាទ ជា​ថ្នូរ​អនុញ្ញាតិ​ឲ្យ​ពួក​គេ​នេសាទ​នៅ​បឹងធំ ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់។

មេ​ឃុំ​មាន លោក អ៊ុន តារា ឲ្យ​ដឹង​ថា លោក​នឹង​ស្នើសុំ​ឲ្យ​លោក លឹម សុភាព បង្ហាញ​លិខិត​ស្នាម​ស្រប​ច្បាប់​បញ្ជាក់​ពី​ការ​តែងតាំង​គាត់​ជា​អនុប្រធាន​ទី២ នៃ​គណៈកម្មការ​សហគមន៍​បឹងធំ នេះ។

លោក​បញ្ជាក់​ថា ប្រសិន​ជា​មាន​លិខិត​ស្នាម​ស្រប​ច្បាប់ ឬ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នឹង​សរសេរ​លិខិត​ស្នើសុំ​មួយ​ទៅ​ជលផល​ខេត្ត ដើម្បី​សុំ​ដក​លោក លឹម សុភាព ចេញ​ពី​គណៈកម្មការ​នេះ​តាម​ការ​ទាម​ទារ​ពី​អ្នក​ភូមិ៖ «ដូរ​បាន ព្រោះ​ថ្នាក់​ឃុំ​ដូរ​ហើយ ប៉ុន្តែ​វា​ប៉ះ​អ្នក​អាណាព្យាបាល​សហគមន៍ គឺ​ជលផល»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក លឹម សុភាព ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។

នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក ភួង ទីណា ឲ្យ​ដឹង​ថា ខាង​ជលផល​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ករណី​ស្នើសុំ​ដក​លោក លឹម សុភាព នេះ ថា​តើ​ជា​រឿង​ទំនាស់​បុគ្គល ឬ​យ៉ាង​ណា? តែ​បើ​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​លោក​កន្លង​មក លោក លឹម សុភាព និង​មន្ត្រី​ជលផល​ស្រុក និង​ខេត្ត​មិន​បាន​ទទួល​សំណូក​ពី​ប្រជា​នេសាទ​ខុស​ច្បាប់ ដូច​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​នោះ​ឡើយ៖ «ជួន​ទៅ អ្នក​ខ្លះ​ជា​បុគ្គល​មាន​ការ​ខ្នះខ្នែង​ជាមួយ លឹម សុភាព និង​ខ្លះ​ទៀត ក៏​មាន​គេ​គាំទ្រ ហើយ​ខ្លះ​ទៀត​ក៏​មិន​ជា​បញ្ហា​ជាមួយ​គ្នា​ពី​ការ​សុំ​ដក​នេះ​ទៅ»

មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត បញ្ជាក់​ថា ការ​ស្នើសុំ​ដក​ឈ្មោះ លឹម សុភាព ចេញ​ពី​គណៈកម្មការ​នេះ ស្រប​តាម​លក្ខន្តិក​សហគមន៍ ហើយ​អាជ្ញាធរ​ឃុំ​គួរ​ចាត់​នីតិវិធី​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​អ្នក​ភូមិ​ឲ្យ​បាន​លឿន ដើម្បី​កាត់​បន្ថយ​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹងធំ នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ខែ​កក្កដា ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ហ៊ាន​ងើប​ឡើង​តស៊ូ​មតិ​ប្រឆាំង​នឹង​ប្រធាន​សហគមន៍​នេសាទ ឬ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​ទទួល​សំណូក​បើក​ឲ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល