ក្នុងសន្និសីទនេះ ជាការផ្ដល់ឱកាសអោយពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តចំនួន១០ បានលើកពីបញ្ហាដែលពួកគេជួបប្រទះ និងចងក្រងសំណើស្នើសុំដំណោះស្រាយពីរដ្ឋាភិបាល។
ពលរដ្ឋមកពីសហគមន៍នៅក្នុងខេត្តចំនួន១០ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះដីធ្លី និងការបំផ្លាញធនធានធម្មជាតិ។ សំណើនេះ បានលើកឡើងនៅក្នុងសន្និសីទថ្នាក់ជាតិប្រចាំឆ្នាំលើកទី៧ ស្ដីពីការរួមគ្នាដើម្បីអភិបាលកិច្ចល្អលើវិស័យដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៧ ខែធ្នូ។
តំណាងបណ្ដាញសហគមន៍ការពារព្រៃឡង់ និងសហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តស្ទឹងត្រែង អ្នកស្រី ខា ស្រស់ មានប្រសាសន៍ថា ធនធានធម្មជាតិក្នុងតំបន់របស់អ្នកស្រី ជាពិសេសព្រៃឡង់ កំពុងរងការបំផ្លាញមិនឈប់ឈរ ហើយថ្មីៗនេះក៏មានសកម្មភាពរានដីដោយក្រុមហ៊ុនដែលនាំអោយមានក្ដីកង្វល់ថ្មីមួយទៀត។
ប្រធានសមាគមអាដហុក (Adhoc) និងជាប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សនៅកម្ពុជា លោក ធន សារ៉ាយ បានលើកឡើងថា ការបាត់បង់ធនធានធម្មជាតិរួមមានព្រៃឈើ បានធ្វើអោយមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសហគមន៍ជនជាតិដើមភាគតិច នៅពេលដែលពួកគេពុំទាន់មានកម្មសិទ្ធិសមូហភាពស្របច្បាប់។ លោក ធន សារ៉ាយ ក៏បានលើកឡើងពីក្ដីបារម្ភចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចណាមួយក្នុងពេលខាងមុខ នៅពេលដែលរដ្ឋាភិបាលបានធ្វើអនុប្រយោគដីជាច្រើនហិកតារទៅជាដីឯកជនរបស់រដ្ឋនៅក្នុងរយៈពេល ១០ខែនាឆ្នាំ២០១២ នេះ។
ឆ្លើយតបនឹងការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា ដែលបានចូលរួមក្នុងពិធីបើកសន្និសីទ មានប្រសាសន៍ថា ការថែរក្សាធនធានធម្មជាតិ គឺជាគោលដៅរបស់រដ្ឋាភិបាលក្នុងកាត់បន្ថយភាពក្រីក្រ។
បើទោះជាយ៉ាងណា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់លើកឡើងថា កម្ពុជា បានរីកចម្រើនច្រើនក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែលោកមានក្តីបារម្ភចំពោះបញ្ហាខ្លះ ក្នុងដំណើរការបោះឆ្នោត និងផលប៉ះពាល់បណ្ដាលមកពីការផ្ដល់សម្បទានដីសេដ្ឋកិច្ច។ ក្នុងនោះ ការផ្ដល់ដីសម្បទាននៅកម្ពុជា ធ្វើឡើងដោយគ្មានតម្លាភាព និងផ្អែកតាមច្បាប់។ លោកថា ច្បាប់នៅលើក្រដាសផ្សេង ប៉ុន្តែការអនុវត្តផ្ទុយទៅនឹងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។