ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១៨​ស្ថាប័ន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​ការ​ការពារ​បរិស្ថាន​ធម្មជាតិ បើក​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី៧ ស្ដីពី​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។
ដោយ សុ ជីវី
2012.12.08
យឹម ឆៃលី ៣០៥ លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី (ឆ្វេង) ប្រធាន​ក្រុម​ប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី៧ ស្ដីពី ធ្វើ​ការ​រួម​គ្នា​ដើម្បី​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Sochivy

ក្នុង​សន្និសីទ​នេះ ជា​ការ​ផ្ដល់​ឱកាស​អោយ​ពលរដ្ឋ​នៅ​តាម​សហគមន៍​ក្នុង​ខេត្ត​ចំនួន​១០ បាន​លើក​ពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ និង​ចង​ក្រង​សំណើ​ស្នើ​សុំ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​មក​ពី​សហគមន៍​នៅ​ក្នុង​ខេត្ត​ចំនួន​១០ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។ សំណើ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី៧ ស្ដីពី​ការ​រួម​គ្នា​ដើម្បី​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែ​ធ្នូ។

តំណាង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ខេត្ត​ស្ទឹងត្រែង អ្នកស្រី ខា ស្រស់ មាន​ប្រសាសន៍​ថា ធនធាន​ធម្មជាតិ​ក្នុង​តំបន់​របស់​អ្នកស្រី ជាពិសេស​ព្រៃ​ឡង់ កំពុង​រង​ការ​បំផ្លាញ​មិន​ឈប់​ឈរ ហើយ​ថ្មីៗ​នេះ​ក៏​មាន​សកម្មភាព​រាន​ដី​ដោយ​ក្រុមហ៊ុន​ដែល​នាំ​អោយ​មាន​ក្ដី​កង្វល់​ថ្មី​មួយ​ទៀត។

ប្រធាន​សមាគម​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ធន សារ៉ាយ បាន​លើក​ឡើង​ថា ការ​បាត់​បង់​ធនធាន​ធម្មជាតិ​រួម​មាន​ព្រៃ​ឈើ បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច នៅ​ពេល​ដែល​ពួក​គេ​ពុំ​ទាន់​មាន​កម្មសិទ្ធិ​សមូហភាព​ស្រប​ច្បាប់។ លោក ធន សារ៉ាយ ក៏​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​មួយ​ក្នុង​ពេល​ខាង​មុខ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​អនុប្រយោគ​ដី​ជា​ច្រើន​ហិកតារ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​នៅ​ក្នុង​រយៈពេល ១០​ខែ​នា​ឆ្នាំ​២០១២ នេះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បើក​សន្និសីទ មាន​ប្រសាសន៍​ថា ការ​ថែ​រក្សា​ធនធាន​ធម្មជាតិ គឺ​ជា​គោល​ដៅ​របស់​រដ្ឋាភិបាល​ក្នុង​កាត់​បន្ថយ​ភាព​ក្រីក្រ។

បើ​ទោះ​ជា​យ៉ាង​ណា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់​លើក​ឡើង​ថា កម្ពុជា បាន​រីក​ចម្រើន​ច្រើន​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​លោក​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ខ្លះ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច។ ក្នុង​នោះ ការ​ផ្ដល់​ដី​សម្បទាន​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព និង​ផ្អែក​តាម​ច្បាប់។ លោក​ថា ច្បាប់​នៅ​លើ​ក្រដាស​ផ្សេង ប៉ុន្តែ​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។