ស្ត្រីអ្នកភូមិឈ្មោះ លឿង ចាន់ធី ដែលបានយកកូនប្រុសអាយុ ៤ឆ្នាំ មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ បានឲ្យដឹងថា កូនគាត់ក្ដៅខ្លួន មានពងបែកនៅដៃ ជើង មាត់ និងគូថ។ គាត់ក៏រួសរាន់យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្លាម ព្រោះគាត់បារម្ភក្រែងកូនគាត់កើតជំងឺដែលបង្កឡើងដោយមេរោគ EV-71។
អ្នកស្រី លឿង ចាន់ធី៖ «ដំបូងវាក្ដៅខ្លួន ខ្ញុំឲ្យវាលេបថ្នាំប៉ារ៉ា វាត្រជាក់បានតែមួយភ្លេចៗរួចក្ដៅវិញ។ ដល់អញ្ចឹង ខ្ញុំក៏យកវាមកពេទ្យ ព្រោះខ្ញុំឃើញវាចេញស្អូច តែដល់វាអែសវាក្លាយទៅជាពងបែក តែមិនដឹងជាយ៉ាងម៉េចទេ។ ចាំមើលពេទ្យគេយកឈាមទៅពិនិត្យហើយ តែមិនទាន់មានលទ្ធផល»។
ស្ត្រីមួយរូបទៀតឈ្មោះ លៀង គឹមលី នៅឃុំត្រពាំងចាន់ បានឲ្យដឹងថា គាត់បាននាំកូនអាយុ ២ឆ្នាំ មកព្យាបាល ព្រោះកូនគាត់ក៏មានកើតជំងឺពងបែកលើដៃ ជើង និងមាត់ ដែរ។ គាត់ថា គាត់ភ័យណាស់ ព្រោះខ្លាចកូនគាត់កើតជំងឺដូចដែលគេផ្សាយតាមវិទ្យុ និងទូរទស្សន៍៖ «មុនដំបូង វាចេញពងបែក បាតដៃ និងមាត់។ ខ្ញុំខ្លាចវាចេញអារោគអី ដែលគេផ្សាយតាមវិទ្យុ ទូរទស្សន៍ ខ្ញុំក៏នាំកូនមកពេទ្យ»។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ វេជ្ជបណ្ឌិត ឈុន ប៊ុនថា បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍កន្លងមកនេះ បន្ទាប់ពីមានការប្រកាសពីបញ្ហាមេរោគ អ៊ីវី ៧១ បានបង្កឲ្យកុមារកម្ពុជាចំនួន ៥៤នាក់ បានស្លាប់មកនោះ ប្រជាពលរដ្ឋដែលមានកូនចៅមានជំងឺផ្សេងៗ មានការព្រួយបារម្ភនាំគ្នាយកកូនចៅមកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងគ្លីនិកឯកជនយ៉ាងច្រើនខុសប្រក្រតី។
ទោះជាយ៉ាងនេះក្ដី លោកថានៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ពុំទាន់មានករណីកុមារឆ្លងមេរោគ EV-71 ទេ៖ «គាត់គ្រាន់តែឃើញរោគសញ្ញាសង្ស័យ គាត់ក៏នាំមកឲ្យយើងពិនិត្យ។ ដល់ពិនិត្យទៅ វាមិនមែនជា EV-71 ទេ។ ប៉ុន្តែ ដោយឥឡូវប្រជាពលរដ្ឋគាត់យល់ដឹងច្រើនតាមរយៈសារព័ត៌មាន វិទ្យុ ទូរទស្សន៍ ទៅ គាត់ក៏រួសរាន់យកមកពេទ្យ»។
ទាក់ទិនចំពោះជំងឺពងបែកនៅបាតដៃ ជើង និងក្នុងមាត់ ដែលបង្កដោយ EV-71 នេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន មានប្រសាសន៍ថា ពុំទាន់មានកុមារឆ្លងមេរោគ EV-71 ត្រូវបានរកឃើញទេ នៅខេត្តកំពង់ឆ្នាំង។
កុមារកម្ពុជាចំនួន ៥៤នាក់ ត្រូវរាយការណ៍ថា បានស្លាប់ដោយមេរោគ EV-71។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺពងបែកនៅបាតដៃ ជើង និងក្នុងមាត់ ដែលបង្កដោយ EV-71 មួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឲ្យអ្នកជំងឺស្លាប់បាន។ គេរកឃើញថា ជំងឺនេះភាគច្រើនកើតលើកុមារដែលមានអាយុតិចជាង ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។