ពលរដ្ឋ​នៅ​កំពង់ឆ្នាំង នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​បារម្ភ​ពី​មេរោគ EV-71

ឪពុក​ម្ដាយ​កុមារា កុមារី ជាច្រើន​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​នាំ​កូន​ចៅ​ពួក​គាត់​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក និង​ខ្លះ​ទៀត​ទៅ​កាន់​គ្លីនិក​ឯកជន ដោយ​ពួក​គាត់​បារម្ភ​ថា កូន​ចៅ​គាត់​អាច​កើត​ជំងឺ​ដែល​បង្ក​ឡើង​ដោយ មេរោគ Enterovirus 71 (EV-71=អ៊ីវី ៧១)។
ដោយ មណ្ឌល កែវ
2012-07-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កុមារ មន្ទីរពេទ្យ ​ខេត្ត​កំពង់ឆ្នាំង ៣០៥
២០-កក្កដា-២០១២៖ កុមារ​ជាច្រើន​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។
RFA/Mondul Keo

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ លឿង ចាន់ធី ដែល​បាន​យក​កូន​ប្រុស​អាយុ ៤ឆ្នាំ មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា កូន​គាត់​ក្ដៅ​ខ្លួន មាន​ពង​បែក​នៅ​ដៃ ជើង មាត់ និង​គូថ។ គាត់​ក៏​រួសរាន់​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ភ្លាម ព្រោះ​គាត់​បារម្ភ​ក្រែង​កូន​គាត់​កើត​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ EV-71។

អ្នកស្រី លឿង ចាន់ធី៖ «ដំបូង​វា​ក្ដៅ​ខ្លួន ខ្ញុំ​ឲ្យ​វា​លេប​ថ្នាំ​ប៉ារ៉ា វា​ត្រជាក់​បាន​តែ​មួយ​ភ្លេចៗ​រួច​ក្ដៅ​វិញ។ ដល់​អញ្ចឹង ខ្ញុំ​ក៏​យក​វា​មក​ពេទ្យ ព្រោះ​ខ្ញុំ​ឃើញ​វា​ចេញ​ស្អូច តែ​ដល់​វា​អែស​វា​ក្លាយ​ទៅ​ជា​ពង​បែក តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ។ ចាំ​មើល​ពេទ្យ​គេ​យក​ឈាម​ទៅ​ពិនិត្យ​ហើយ តែ​មិន​ទាន់​មាន​លទ្ធផល»

ស្ត្រី​មួយ​រូប​ទៀត​ឈ្មោះ លៀង គឹមលី នៅ​ឃុំ​ត្រពាំងចាន់ បាន​ឲ្យ​ដឹង​ថា គាត់​បាន​នាំ​កូន​អាយុ ២ឆ្នាំ មក​ព្យាបាល ព្រោះ​កូន​គាត់​ក៏​មាន​កើត​ជំងឺ​ពង​បែក​លើ​ដៃ ជើង និង​មាត់ ដែរ។ គាត់​ថា គាត់​ភ័យ​ណាស់ ព្រោះ​ខ្លាច​កូន​គាត់​កើត​ជំងឺ​ដូច​ដែល​គេ​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍៖ «មុន​ដំបូង វា​ចេញ​ពង​បែក បាត​ដៃ និង​មាត់។ ខ្ញុំ​ខ្លាច​វា​ចេញ​អា​រោគ​អី ដែល​គេ​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ខ្ញុំ​ក៏​នាំ​កូន​មក​ពេទ្យ»

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ វេជ្ជបណ្ឌិត ឈុន ប៊ុនថា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​សប្ដាហ៍​កន្លង​មក​នេះ បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​បញ្ហា​មេរោគ អ៊ីវី ៧១ បាន​បង្ក​ឲ្យ​កុមារ​កម្ពុជា​ចំនួន ៥៤​នាក់ បាន​ស្លាប់​មក​នោះ ប្រជាពលរដ្ឋ​ដែល​មាន​កូន​ចៅ​មាន​ជំងឺ​ផ្សេងៗ មាន​ការ​ព្រួយ​បារម្ភ​នាំ​គ្នា​យក​កូន​ចៅ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក និង​គ្លីនិក​ឯកជន​យ៉ាង​ច្រើន​ខុស​ប្រក្រតី។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ពុំ​ទាន់​មាន​ករណី​កុមារ​ឆ្លង​មេរោគ EV-71 ទេ៖ «គាត់​គ្រាន់​តែ​ឃើញ​រោគ​សញ្ញា​សង្ស័យ គាត់​ក៏​នាំ​មក​ឲ្យ​យើង​ពិនិត្យ។ ដល់​ពិនិត្យ​ទៅ វា​មិន​មែន​ជា EV-71 ទេ។ ប៉ុន្តែ ដោយ​ឥឡូវ​ប្រជាពលរដ្ឋ​គាត់​យល់​ដឹង​ច្រើន​តាម​រយៈ​សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ទៅ គាត់​ក៏​រួសរាន់​យក​មក​ពេទ្យ»

ទាក់​ទិន​ចំពោះ​ជំងឺ​ពង​បែក​នៅ​បាត​ដៃ ជើង និង​ក្នុង​មាត់ ដែល​បង្ក​ដោយ EV-71 នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន មាន​ប្រសាសន៍​ថា ពុំ​ទាន់​មាន​កុមារ​ឆ្លង​មេរោគ EV-71 ត្រូវ​បាន​រក​ឃើញ​ទេ នៅ​ខេត្ត​កំពង់ឆ្នាំង។

កុមារ​កម្ពុជា​ចំនួន ៥៤​នាក់ ត្រូវ​រាយការណ៍​ថា បាន​ស្លាប់​ដោយ​មេរោគ EV-71។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ជំងឺ​ពង​បែក​នៅ​បាត​ដៃ ជើង និង​ក្នុង​មាត់ ដែល​បង្ក​ដោយ EV-71 មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​ជា​ផល​វិបាក​ធ្ងន់ធ្ងរ និង​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន។ គេ​រក​ឃើញ​ថា ជំងឺ​នេះ​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល