ពលរដ្ឋ​ស្នើ​ឲ្យ​ក្រុម​ការងារ​វាស់​វែង​ដី​ត្រួត​ពិនិត្យ​លើ​មន្ត្រី​ឃុំ​និង​សុរិយោដី​ស្រុក

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១២ អំពាវនាវ​ឲ្យ​ក្រុម​ការងារ​និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដី​របស់​រាជរដ្ឋាភិបាល ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​មន្ត្រី​ឃុំ និង​មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក ដែល​មាន​គំនិត​លំអៀង​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។
ដោយ រដ្ឋា វីសាល
2012-07-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ឈ្មោះ សន ផល្លា រស់នៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា កន្លង​ទៅ​នេះ ប្រធាន​ភូមិ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទៅ​ចុះ​បញ្ជី​ដីធ្លី​នៅ​សាលា​ឃុំ ដើម្បី​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជរដ្ឋាភិបាល​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ដី​លោក​មាន​ពីរ​កន្លែង មួយ​កន្លែង​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ អេលែវ ហ្យ័ញ ស្តុក (Elev Joint Stock) និង​មួយ​កន្លែង​ទៀត​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ឌីអឹម ហ្រ្គូប (DM Group)។

ក៏​ប៉ុន្តែ ពេល​លោក​ចូល​ទៅ​បំពេញ​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ដីធ្លី មេឃុំ​សេដា គឺ​លោក ធុំ ផាន់ និង​ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​លំផាត់ គឺ​លោក ម៉ឹង មិនធិន បាន​ពោល​ពាក្យ​គំរាម​ថា ពួក​គេ​នឹង​មិន​ធ្វើ​ការ​វាស់វែង​ដី​នោះ​ជូន​គាត់​ទេ ដោយ​សំអាង​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រួច​ហើយ៖ «ថា​ដី​ហ្នឹង ឯង​ធ្វើ​ដី​របស់​គេ ឯង​ធ្វើៗ​ទៅ ខ្ញុំ​អ្នក​ធ្វើ​ហ្នឹង ខ្ញុំ​ដឹង​ថា ដី​ហ្នឹង​របស់​គេ ខ្ញុំ​ដក​ហើយ ខ្ញុំ​អត់​ធ្វើ​ទេ ឯង​បិទ​តែ​រូបថត​ចោល​ក្រដាស​ហ្នឹង ក៏​ខ្ញុំ​មិន​ធ្វើ​ឲ្យ​ដែរ»

ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១២ ក្រុម​ការងារ​និស្សិត​វាស់វែង​ដី​របស់​រាជរដ្ឋាភិបាល និង​ក្រុម​ការងារ​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចុះ​វាស់វែង​ដី​នៅ​ភូមិ​សមុទ្រ​ក្រោម បន្ទាប់​ពី​បាន​ចុះ​បញ្ជី និង​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​សមុទ្រ​លើ ឃុំ​សេដា រួច​ហើយ។

មេឃុំ​សេដា លោក ធំ ផាន់ បាន​បញ្ជាក់​ថា លោក​មិន​បាន​គំរាម​កំហែង​អ្វី​ដូច​ការ​ចោទ​របស់​លោក សន ផល្លា នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា បាន​ប្រាប់​ទៅ​លោក សន ផល្លា និង​មន្ត្រី​សុរិយោដី​ពី​ដី​ដែល​ស្នើ​សុំ​ចុះ​បញ្ជី​នោះ ពីព្រោះ​ដី​មួយ​ទីតាំង គឺ​ជា​ដី​ដែល​ក្រុមហ៊ុន​ឯកជន​បាន​ទិញ​មិន​អាច​ចុះ​បញ្ជី​ដីធ្លី​បាន​ទេ៖ «ទៅ​យក​ពាក្យ​អា​ហ្នឹង ងាប់​តែ​ម្តង​ខ្ញុំ។ អ្នក​ណា​ទៅ​គំរាម​គាត់ អញ្ចឹងៗ។ ខ្ញុំ​ខ្លាច​ថា ដល់​គាត់​នៅ​គម្រប​ដី​គេ​ហើយ​ហ្នឹង ដល់​ទៅ​វាស់​ទៅ​វែង គេ​អត់​វាស់​អត់​វែង​ឲ្យ​គាត់ ខ្ញុំ​ថា ម៉េច​ធ្វើ​បាន​អត់?»

ចំណែក​ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​លំផាត់ លោក មឹង មិនធិន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក សន ផល្លា មិន​យល់​ពី​គោលការណ៍​ចុះ​បញ្ជី​ដី ទើប​យល់​ថា​ការ​ណែនាំ​របស់​លោក​ជា​ការ​គំរាម​ទៅ​វិញ។ លោក​ពន្យល់​ថា រាជរដ្ឋាភិបាល​មិន​មាន​គោលការណ៍​ឲ្យ​ចុះ​បញ្ជី​ដីធ្លី​នៅ​តំបន់​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ៖ «ដី​ហ្នឹង នៅ​ក្រៅ​តំបន់​សម្បទាន យើង​អត់​ទាន់​ធ្វើ​ទេ រឿង​ឯកជន។ នៅ​ពេល​ដែល​គាត់​យក​មក​ចុះ អញ្ចឹង​យើង​សួរ​គាត់​ទៅ​មិន​មែន​យើង​ប្រាប់​គាត់​ថា មិន​អាច​ចុះ​បាន​ទេ ព្រោះ​មិន​ឋិត​ក្នុង​តំបន់​វិនិច្ឆ័យ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​យើង​កំណត់​ណា! យើង​ពន្យល់​ប្រាប់​គាត់​ហើយ គាត់​នៅ​តែ​មិន​ស្តាប់​មិន​ដឹង​ធ្វើ​ម៉េច»

រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ការ​ចុះ​បញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​គោលការណ៍​បី​ចំណុច រួម​មាន ទី​មួយ ដី​នៅ​ក្នុង​តំបន់​ព្រៃ​សម្បទាន។ ទី​ពីរ ដី​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ទី​បី ដី​តំបន់​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន និង​ក្នុង​ដី​រដ្ឋ ដែល​មាន​ដីកា​ដក​ហូត​ពី​អាជ្ញាធរ​រាជធានី​ខេត្ត។

យ៉ាង​នេះ​ក្តី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​នៅ​តំបន់​ជនជាតិ​ដើម​ភាគ​តិច​កំពុង​មាន​បញ្ហា​ច្រើន​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច​រំលោភ​យក។ ហេតុ​នេះ រាជរដ្ឋាភិបាល​គួរ​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​ជា​មុន​សិន ដើម្បី​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រៀបចំ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​សមូហភាព​សហគមន៍​បាន​គ្រប់​គ្រាន់៖ «សុំ​រាជរដ្ឋាភិបាល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​សហគមន៍​បាន​ចុះ​បញ្ជី ជា​កម្មសិទ្ធិ​សមូហភាព​ហ្នឹង ទទួល​បាន​ដី​គ្រប់​គ្រាន់»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២ ក្រុម​និស្សិត និង​ក្រុម​ការងារ​ខេត្ត​បាន​ចេញ​សលាកបត្រ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ១.០៤៦​ក្បាល​ដី សម្រាប់​ប្រជាពលរដ្ឋ ៧០៤​គ្រួសារ និង​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​បាន​១៤២​ក្បាល​ដី នៅ​ភូមិ​គោល​ដៅ​ចំនួន ១២​ឃុំ និង​នៅ​លើ​ទីតាំង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤ គឺ​ក្រុមហ៊ុន អេសខេ (SK) និង​ក្រុមហ៊ុន​អេលែវ (Elev) នៅ​ស្រុក​លំផាត់ ក្រុមហ៊ុន ជា ចាន់រិទ្ធ (Chea Chanrith) នៅ​ស្រុក​បរកែវ និង​ក្រុមហ៊ុន វាសនា អិនវេសមែន (Veasna Investment) នៅ​ស្រុក​អណ្ដូង​មាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល