កូដកម្មទាមទារនេះ ធ្វើឡើងបន្ទាប់ពីព្រះចៅអធិការវត្តបានប្រកាសរុះរើគណៈកម្មការអាចារ្យវត្ត ដែលមានសមាជិកចំនួន១០រូបចេញ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយជូនដំណឹងទៅពុទ្ធបរិស័ទថា គណៈកម្មការនោះដល់ពេលបញ្ចប់អាណត្តិ និងត្រៀមបោះឆ្នោតជ្រើសរើសគណៈកម្មការអាចារ្យវត្តថ្មី នៅខែកញ្ញា ខាងមុខ។
មេឃុំតុងរ៉ុង លោក ថោង ធឿន ឲ្យដឹងថា ការសម្រេចរុះរើគណៈកម្មការវត្តចាស់ចេញនោះ ធ្វើឲ្យពុទ្ធបរិស័ទខឹងសម្បារ និងបានចោទថា ទង្វើរបស់ព្រះចៅអធិការវត្តផ្ទុយពីច្បាប់ ព្រោះគណៈកម្មការនោះមិនទាន់ចប់អាណត្តិនៅឡើយទេ៖ «គណៈកម្មការអាចារ្យអីហ្នឹង វាកំណត់៣ឆ្នាំ បាន២ឆ្នាំ ជិត៣ឆ្នាំ ហើយខ្វះមួយខែទៀត។ លោកធ្វើសេចក្តីរាយការណ៍មួយទៅធម្មការស្រុក លោករំសាយគណៈកម្មការសិន ដោយមូលហេតុថាគណៈកម្មការអាចារ្យហ្នឹងមិនស្រុះស្រួលជាមួយលោក ទាស់គ្នា»។
ពុទ្ធបរិស័ទចំណុះជើងវត្តម្នាក់ ដែលតវ៉ានៅក្នុងវត្តពោធ្យារាម ឲ្យដឹងថា អ្នកភូមិមិនអាចទុកឲ្យព្រះចៅអធិការវត្ត គង់គ្រប់គ្រងវត្តនេះបានទៀតទេ ដោយសារតែព្រះអង្គមិនបានកសាងវត្តឲ្យរីកចម្រើន និងបានបណ្ដេញអាចារ្យវត្តខុសច្បាប់៖ «ចង់សំណូមពរឲ្យដកលោកសង្ឃ្រាជចោល ព្រោះលោកហ្នឹងទុកទៅវាចង្រៃវត្ត។ ទុកទៅវាអត់ចម្រើនទេ កាលពីមុនកសាងវត្តហ្នឹងតែធាងត្នោត តែមួយធាងក៏គេកសាងកើតដែរ ដល់ពេលថ្កុំថ្កើងមកនៅ ទៅដេញអាចារ្យចោលអស់រលីង»។
មេឃុំតុងរ៉ុង លោក ថោង ធឿន ឲ្យដឹងថា អាជ្ញាធរឃុំ និងសមត្ថកិច្ច បានចុះទៅដល់វត្តជាទីដែលពលរដ្ឋធ្វើកូដកម្ម ដើម្បីជួយការពារសណ្ដាប់ធ្នាប់ និងសន្តិសុខដល់ព្រះចៅអធិការវត្ត ដែលព្រះអង្គពិការជើងមួយចំហៀងផង។
លោកបន្តថា ដោយមានភាពចលាចលពេកនៅក្នុងវត្ត ទើបអាជ្ញាធរឃុំ ស្នើសុំឲ្យព្រះចៅអធិការវត្តនិមន្តគង់ទៅវត្តផ្សេងបណ្ដោះអាសន្នសិន ទម្រាំតែមន្ត្រីធម្មការខេត្តចុះមកដោះស្រាយរឿងវិវាទនេះ។
ព្រះចៅអធិការវត្តពោធ្យារាម ព្រះនាម ឆៃ ឈា មានថេរដីកាថា ព្រះអង្គទទួលស្គាល់ថាពិតជាមានរំសាយគណៈកម្មការវត្តពិតមែន ព្រោះគណៈកម្មការនេះដល់ថ្ងៃផុតកំណត់រយៈពេល៣ឆ្នាំរួចហើយ។ តាមច្បាប់គណៈកម្មការថ្មីនឹងត្រូវបោះឆ្នោតនៅខែកញ្ញា ខាងមុខ តែពុទ្ធបរិស័ទទាំងនោះបែរជាបះបោរបណ្ដេញព្រះអង្គមិនឲ្យគង់នៅវត្តនេះ។
ព្រះអង្គបានព្រមព្រៀងនិមន្តចេញពីវត្តពោធ្យារាម បណ្ដោះអាសន្ន ទៅតាមការស្នើសុំរបស់អាជ្ញាធរ ដោយទៅគង់បណ្ដោះអាសន្ននៅវត្តមុន្នីរង្សី ដែលនៅឆ្ងាយពីវត្តពោធ្យារាម ប្រមាណជិត២គីឡូម៉ែត្រ ដើម្បីការពារសុវត្ថិភាព៖ «អាត្មាធ្វើតាមច្បាប់ត្រឹមត្រូវហើយ អត់មានធ្វើខុសទេ ពួកហ្នឹងវាលើកគ្នាមកដេញអាត្មា។ អាត្មាខ្លាច សន្តិសុខគេមកធ្វើបាបអាត្មា ទើបអាត្មាចេញមួយរយៈទៅ»។
តាមព័ត៌មានចុងក្រោយពីអាជ្ញាធរឃុំ មិនត្រឹមតែព្រះចៅអធិការវត្តព្រះនាម ឆៃ ឈា និមន្តចេញពីវត្តបណ្ដោះអាសន្ននោះទេ គឺមានព្រះសង្ឃ៣អង្គទៀត នៅវត្តពោធ្យារាម ក៏បានស្ម័គ្រចាកចេញពីវត្តផងដែរ ដែលធ្វើឲ្យវត្តនោះនៅសល់តែព្រះសង្ឃតែមួយអង្គទេ ដែលគង់ស្នាក់អាស្រ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។