ប្រជាពលរដ្ឋជាច្រើននាក់បានរៃអង្គាសប្រាក់ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយឧបត្ថម្ភដល់គ្រួសារក្រឡាបញ្ជីតុលាការខេត្តកំពង់ឆ្នាំង លោក សាំង សារ៉េន ដែលត្រូវបានតុលាការខេត្តសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសារលោកបានប្រើប្រាស់អាវុធខុសច្បាប់ និងបង្កឲ្យមានការផ្ទុះ។
លោក ណុប សារ៉ាត់ ជាអាជីវករនៅផ្សារលើ ខេត្តកំពង់ឆ្នាំង លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ មិថុនា ថា មូលហេតុដែលលោកសម្រេចចិត្តជួយឧបត្ថម្ភដល់គ្រួសារលោក សាំង សារ៉េន ក្រឡាបញ្ជីតុលាការខេត្តកំពង់ឆ្នាំង នេះ គឺដោយលោកមានចិត្តអាណិតអាសូរចំពោះគ្រួសាររបស់ក្រឡាបញ្ជីរូបនេះ។ លោកបន្តថា ប្រជាពលរដ្ឋស្រឡាញ់ និងអាណិតលោក សាំង សារ៉េន ព្រោះលោកជាមន្ត្រីតុលាការម្នាក់ ដែលស្លូតត្រង់ និងស្អាតស្អំ។
លោក ណុប សារ៉ាត់៖ «រាល់ថ្ងៃ ប្រពន្ធដាំបន្លែបន្តិចបន្តួចយកទៅលក់ជួយទប់ជាមួយប្ដី ចិញ្ចឹមកូន៤នាក់ទៅរៀន។ ដល់ខ្ញុំទៅឃើញកូនៗគ្នាអត់លុយទៅរៀន ខ្ញុំនឹកអាណិត ក៏ជួយគាត់ ៥ម៉ឺនរៀលម្ដងរួចហើយ។ ឥឡូវខ្ញុំឲ្យថែម ១០ម៉ឺនទៀតចំណែកខ្ញុំ ឲ្យក្មេងៗវាមានលុយទៅរៀន...»។
ប្រធានសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ប្រចាំខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង លោក សុខ ផល្លី បានឲ្យដឹងថា មូលហេតុដែលលោកមានចិត្តចង់ជួយឧបត្ថម្ភដល់គ្រួសារលោក សាំង សារ៉េន នោះ ដោយលោកដឹងថា ក្រឡាបញ្ជីរូបនេះមានជីវភាពក្រីក្រ។ លោកថា មន្ត្រីតុលាការភាគច្រើន គេមានទ្រព្យសម្បត្តិ ផ្ទះសម្បែង យានជំនិះល្អៗ តែផ្ទុយទៅវិញ លោក សាំង សារ៉េន រកតែម៉ូតូចាស់មួយគ្រឿងសម្រាប់ជិះទៅធ្វើការក៏ពុំមានផង។
លោក សុខ ផល្លី៖ «លោក សាំង សារ៉េន ជាក្រឡាបញ្ជីក្រីក្រម្នាក់ដែលខ្ញុំបានស្គាល់គាត់តាំងពីយូរណាស់មកហើយ។ បើគាត់ជាមន្ត្រីពុករលួយស៊ីសំណូកអីនោះ មិនមែនក្ររកតែម៉ូតូមួយជិះមិនបាននោះទេ។ ឯកំហុសគាត់នោះ ក៏មិនមែនធ្ងន់ធ្ងរពេកនោះទេ ព្រោះគាត់ពុំបានបង្កស្នាមរបួសអីទេ។ បើលោក ឈូក បណ្ឌិត បាញ់រះលើកម្មកររបួស ៣នាក់នោះ ម៉េចក៏គេមិនដាក់គុកផង...»។
លោក សាំង សារ៉េន ក្រឡាបញ្ជីអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ។
ភរិយារបស់ក្រឡាបញ្ជី សាំង សារ៉េន គឺអ្នកស្រី មិន សារ៉ុម បានអំពាវនាវឲ្យតុលាការជួយបន្ធូរបន្ថយទោសឲ្យប្ដីគាត់ ព្រោះជីវភាពគ្រួសារ គឺរំពឹងមួយចំណែកធំលើលោក សាំង សារ៉េន។
អ្នកស្រី មិន សារ៉ុម៖ «រាល់ថ្ងៃគ្រួសារខ្ញុំពឹងលើប្ដី គាត់រកបានប៉ុណ្ណា ហូបប៉ុណ្ណឹងទៅ។ ជួនកាលអត់លុយ គាត់ទៅខ្ចីគេមកទិញម្ហូបឲ្យកូនក៏មាន។ ក្រឡាបញ្ជីខេត្តកំពង់ឆ្នាំង មានតែប្ដីខ្ញុំទេក្រជាងគេ។ ខ្ញុំសំណូមពរឲ្យសម្ដេច នាយក ជួយប្ដីខ្ញុំផង ព្រោះគាត់មិនបានប្រព្រឹត្តអំពើហិង្សាលើអ្នកណាទេ...»។
មន្ត្រីតុលាការ ជារឿយៗតែងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានប្រព្រឹត្តអំពើពុករលួយ និងមិនទទួលបានសមានចិត្តស្រឡាញ់អាណិតពីប្រជាពលរដ្ឋប៉ុន្មានទេ។ តែក្រឡាបញ្ជីអយ្យការអមតុលាការខេត្តកំពង់ឆ្នាំង លោក សាំង សារ៉េន បែរជាទទួលបានការអាណិតស្រឡាញ់ពីប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដោយពួកគាត់សំណូមពរឲ្យតុលាការដោះលែងក្រឡាបញ្ជីរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។