លោក សឿង យ៉ារ៉ាត់ មានប្រសាសន៍បញ្ជាក់ថា ម្ចាស់កសិដ្ឋានចម្ការកៅស៊ូមួយរូប គឺលោក ឡាយ សេង មានជាប់ពាក់ព័ន្ធសកម្មភាពកាប់រានព្រៃនោះ ដើម្បីពង្រីកយកដី៖ «គេកាប់ឈើណាត្រូវប៉ាន់គេអារ ឈើណាមិនត្រូវប៉ាន់ គេកាប់ចោលបំផ្លាញតែម្តង ខែប្រាំបី រហូតខែប្រាំបួន គេកាប់រហូតបន្តបន្ទាប់ហ្នឹង»។
ទាក់ទិនសេចក្តីចោទប្រកាន់នេះ លោក ឡាយ សេង បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធការកាប់រានព្រៃថ្មី ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា ដីព្រៃនៅតំបន់នោះ ត្រូវក្រុមសហគមន៍ជនជាតិដើមក្នុងភូមិ និងមន្ត្រីមូលដ្ឋានលក់រាប់រយហិកតារទៅឲ្យប្រជាពលរដ្ឋពីម្នាក់ទៅម្នាក់ ទើបព្រៃឈើនៅតំបន់នោះត្រូវអ្នកទិញដីកាប់រានជាបន្តបន្ទាប់៖ «បើនិយាយខ្លី មិនដឹងជនជាតិ មិនដឹងពីណាពីណី ពេញទឹកពេញដី គគោកទៅធ្វើលើដីរ៉ែត្បូង រ៉ែមាសហ្នឹង។ ឡាវ មានខ្មែរ កាប់ចម្ការពេញវាលហ្នឹង»។
ព្រៃតាមបណ្តោយអូរកាន ស្ថិតក្នុងភូមិសាយ៉ោះលើ រាប់រយហិកតារត្រូវបានគេកាប់រាន ដើម្បីយកដីតាំងពីឆ្នាំ២០០៥ រហូតមក ហើយករណីនេះ មន្ត្រីជំនាញព្រៃឈើបានចុះបង្ក្រាប និងដកហូតបានដីប្រមាណ៧០ហិកតារទុកជាសម្បត្តិរដ្ឋ។
អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន មានប្រសាសន៍ទទួលស្គាល់ថា ពិតជាមានការកាប់រានព្រៃនោះមែន ក៏ប៉ុន្តែបញ្ហានេះមានជាប់ពាក់ព័ន្ធទៅនឹងម្ចាស់កសិដ្ឋាន និងអ្នកទិញដីពីរនាក់ផ្សេងទៀត ដែលបានប្ដឹងផ្តល់គ្នាតាមផ្លូវតុលាការ ក្នុងរឿងនេះហើយ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានមិនមានអំណាចសម្រេចលើរឿងក្តីនេះបានទេ៖ «ទីកន្លែងហ្នឹង ថតរូបហើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ កាលទៅហ្នឹង ប្រហែលជាបីបួនហិកតារ ប៉ុន្តែក្រោយមកទៀត ខ្ញុំអត់ដឹងដែរ»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន មានប្រសាសន៍បញ្ជាក់ថា សំណុំរឿងក្តីកាប់បំផ្លាញព្រៃឈើនៅតំបន់អូរកាន នោះ មន្ត្រីជំនាញព្រៃឈើបានកសាងសំណុំរឿងជូនតុលាការមួយចំនួនហើយ ក៏ប៉ុន្តែ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋស្ដីពីសកម្មភាពកាប់រានព្រៃឈើថ្មីនោះ លោកនឹងចាត់មន្ត្រីជំនាញចុះពិនិត្យមើលថា តើសេចក្តីរាយការណ៍នេះមានមូលដ្ឋានពិត ឬយ៉ាងណា?៖ «កំពុងទៅមើល ព្រោះរឿងកាប់ថ្មីនេះ ទោះបីគាត់រត់ចេញក៏ដោយ ក៏អត់រួចដែរ ព្រោះគេនៅកសាងសំណុំរឿងទៅតុលាការ។ បើសិនណាមានកាប់មែន អាហ្នឹងគេដាក់ទៅតុលាការហើយ»។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ការកាប់រានព្រៃឈើនៅតំបន់អូរកាន កើតមានច្រើនឆ្នាំរហូតមក ក៏ប៉ុន្តែ មិនឃើញមាននរណាម្នាក់ត្រូវបានផ្ដន្ទាទោសនោះឡើយ។ លោកបន្តថា អ្នកកាប់រានព្រៃឈើភាគច្រើន គឺជាអ្នកមានអំណាច និងអ្នកមានប្រាក់ ហើយសំណុំរឿងកាប់បំផ្លាញព្រៃឈើមួយចំនួន តុលាការយឺតយ៉ាវមិនបានចាត់ការ៖ «យើងឃើញថា មានបណ្ដឹងដល់តុលាការហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញបណ្ដឹងណាមួយដែលត្រូវស្ថាប័នយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ ព្រោះវាជាបទឧក្រិដ្ឋ។ ហើយប្រសិនគ្មានការផ្ដន្ទាទោសទេ ព្រៃឈើនៅខេត្តរតនគិរី នឹងត្រូវបាត់បង់»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តរតនគិរី ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ព្រៃឈើនៅតំបន់អូរកាន ប្រមាណ៣០០ហិកតារ ត្រូវគេកាប់រានដើម្បីយកដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។