ពលរដ្ឋ​ខណ្ឌ​មានជ័យ​ស្នើសុំ​សំណង​ពី​ការ​រុះរើ​ផ្ទះ​ដើម្បី​ស្ដារ​ព្រែក

ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដល់​លំនៅឋាន​ពី​ការ​ស្ដារ​ព្រែក ដើម្បី​រំដោះ​យក​ទឹក​ចេញ ស្ថិត​ក្នុង​សង្កាត់​ចំនួន​៣ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​តវ៉ា​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួក​គេ។
ដោយ ខែ សុណង
2012-10-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តវ៉ា​ដីធ្លី​ខណ្ឌ​មានជ័យ ៣០៥
លោកស្រី ផ្លុង ផល្លា មក​ពី​ភូមិ​តាងូវ សង្កាត់​និរោធ ប្រាប់​អ្នក​កាសែត នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១២។
RFA/Khe Sonorng

ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ចរចា​ពី​បញ្ហា​សំណង​ជូន​ពួក​គាត់​មុន​នឹង​ធ្វើ​ការ​អនុវត្ត​គម្រោង​នេះ។

តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ បាន​នាំ​គ្នា​ដាក់​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ឲ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជា​សំណង​ឲ្យ​ពួក​គាត់ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​ស្ដារ​ព្រែក​បារាំង ដើម្បី​រំដោះ​ទឹក​ភ្លៀង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​សង្កាត់​និរោធ ខណ្ឌ​មានជ័យ។

ស្ត្រី​ឈ្មោះ ផ្លុង ផល្លា មក​ពី​ភូមិ​តាងូវ សង្កាត់​និរោធ បាន​ថ្លែង​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ តុលា ថា អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​នៅ​សង្កាត់​និរោធ សង្កាត់​ច្បារអំពៅ១ និង​សង្កាត់​ព្រែកប្រា ច្រឹប និង​រំកិល​ផ្ទះ​ចេញ​ពី​តំបន់​ដែល​អាជ្ញាធរ​ស្ដារ​ព្រែក ដើម្បី​រំដោះ​ទឹក​ភ្លៀង។

លោកស្រី ផ្លុង ផល្លា៖ «មក​សាលា​ក្រុង ដើម្បី​ឲ្យ​សាលា​ក្រុង​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ខ្ញុំ​ផង។ ខ្ញុំ​មិន​ដឹង​ជា​ទៅ​នៅ​ឯណា​ទេ ព្រោះ​អី​គេ​ឲ្យ​ខ្ញុំ​កាត់​ផ្ទះ ៣ម៉ែត្រ​ហ្នឹង កាត់​ហើយ​ផ្ទះ​ហ្នឹង​រលំ​ហើយ។ ឲ្យ​សាលា​ក្រុង​លោក​ជួយ ព្រោះ​អី​ប្រជាជន​មិន​ដឹង​ជា​ទៅ​នៅ​ឯណា​ទេ។ ខ្ញុំ​អត់​មាន​ថា​ប្រទាំង​គេ​ទេ តែ​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​សាលា​ក្រុង​គេ​ជួយ​ជា​លុយ​កាក់​បន្តិច​បន្តួច​មក»

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត ថ្លែង​ថា ពួក​គាត់​បាន​រស់នៅ​លើ​ព្រែក​បារាំង​នោះ ដោយ​ទិញ​ត​ពី​គ្នា និង​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀត​ផង។ គាត់​ថា អាជ្ញាធរ​មិន​បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​ចំពោះ​ការ​អភិវឌ្ឍ​នេះ​ទេ និង​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​រយៈពេល​ខ្លី​ពេក៖ «ដប់​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ​រោង ឯណោះ ពួក​គេ​ខាង​មុខ​នោះ ២០ឆ្នាំ​ហើយ រំកិល​ដូច​តែ​អស់​ហ្មង មាន​ផ្ទះ​តែ ៥ម៉ែត្រ រំកិល​អស់​មួយ​កំណាត់ ហើយ​នៅ​មួយ​ម៉ែត្រ​ហ្នឹង ដូច​គេ​រុះ​ចោល​ហ្មង ផ្ទះ​ចាស់​ពុក​អស់​ហើយ​ណា​កូន កុំ​ច្រឹប ផ្ទះ​ទទេ»

តំណាង​ពលរដ្ឋ ៤នាក់ បាន​យក​លិខិត​អន្តរាគមន៍​ដាក់​ជូន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បក​ស្រាយ​បញ្ហា​នេះ​បាន​ឡើយ។

នៅ​ក្នុង​លិខិត​ដាក់​ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​ថា នៅ​ថ្ងៃ​ទី២២ តុលា ឆ្នាំ​២០១២ អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ប៉ូលិស ប៉េអិម និង​កម្មករ ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​បង្ខំ​អស់​ចំនួន ៤ខ្នង និង​បន្ត​រុះ​ជា​បន្ត​បន្ទាប់​ទៀត។

ប៉ុន្តែ​អភិបាល​ខណ្ឌ​មានជ័យ លោក គួច ចំរើន មាន​ប្រសាសន៍​ថា ការ​អនុវត្ត​នេះ គឺ​ជា​ការ​រំកិល​ផ្ទះ​ពលរដ្ឋ មិន​មែន​ជា​ការ​រុះរើ​នោះ​ទេ។ លោក​ថា សាលា​ខណ្ឌ​ត្រូវ​ការ​ស្ដារ​ព្រែក​ដែល​កក​ស្ទះ​ដោយ​សំរាម ដើម្បី​រំដោះ​ទឹក​ចេញ ដែល​បង្ក​ឲ្យ​មាន​ការ​ជន់​លិច​តំបន់​នោះ​ជា​រៀង​រាល់​ឆ្នាំ៖ «ព្រោះ​បង​ប្អូន​ហ្នឹង គឺ​ខ្ញុំ​បាន​ដាក់​ចូល​នៅ​ក្នុង​ការ​អនុវត្ត ការ​ដោះស្រាយ​តាម​សារាចរ ០៣ ប៉ុន្តែ​ចំពោះ​មុខ​នេះ ដោយ​សារ​បង​ប្អូន​វា​ចេះ​តែ​រំកិល​មក វា​ជិត​ប្រឡាយ យើង​អត់​អាច​ស្ដារ​បាន វា​ធ្វើ​ឲ្យ​ប្រឡាយ​ហ្នឹង វា​ស្ទះ​លិច​ទឹក​បង​ប្អូន​នៅ​ខាង​មុខ​នោះ​ប្រមាណ​រយ​គ្រួសារ ហើយ​សាលា​ច្បារអំពៅ ក៏​លិច​អស់​ដែរ»

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ឃ្លាំ​មើល​សហគមន៍​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន បាន​អះអាង​ថា តាម​សារាចរ​លេខ ០៣ ស្ដីពី​ការ​ដោះស្រាយ​សំណង​បណ្ដោះ​អាសន្ន​លើ​ដី​របស់​រដ្ឋ ដែល​ត្រូវ​បាន​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់ រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ពិគ្រោះ​យោបល់​ពី​ការ​ផ្ដល់​សំណង ឬ​រក​ទី​តាំង​ថ្មី​ដល់​ពលរដ្ឋ បើ​ទោះ​បី​ជា​ពលរដ្ឋ​ទាំង​នោះ​រស់នៅ​សំណង់​អានាធិបតេយ្យ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល