ប្រជាពលរដ្ឋបានស្នើសុំឲ្យមានការចរចាពីបញ្ហាសំណងជូនពួកគាត់មុននឹងធ្វើការអនុវត្តគម្រោងនេះ។
តំណាងប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ ក្នុងចំណោមពលរដ្ឋប្រមាណ ២០០គ្រួសារ បាននាំគ្នាដាក់លិខិតទៅអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ឲ្យជួយអន្តរាគមន៍រកដំណោះស្រាយជាសំណងឲ្យពួកគាត់ ដែលរងផលប៉ះពាល់ដោយសារគម្រោងស្ដារព្រែកបារាំង ដើម្បីរំដោះទឹកភ្លៀងរបស់សាលារាជធានីភ្នំពេញ នៅសង្កាត់និរោធ ខណ្ឌមានជ័យ។
ស្ត្រីឈ្មោះ ផ្លុង ផល្លា មកពីភូមិតាងូវ សង្កាត់និរោធ បានថ្លែងនៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៤ តុលា ថា អាជ្ញាធរកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ បានតម្រូវឲ្យពលរដ្ឋនៅសង្កាត់និរោធ សង្កាត់ច្បារអំពៅ១ និងសង្កាត់ព្រែកប្រា ច្រឹប និងរំកិលផ្ទះចេញពីតំបន់ដែលអាជ្ញាធរស្ដារព្រែក ដើម្បីរំដោះទឹកភ្លៀង។
លោកស្រី ផ្លុង ផល្លា៖ «មកសាលាក្រុង ដើម្បីឲ្យសាលាក្រុងជួយរកដំណោះស្រាយឲ្យខ្ញុំផង។ ខ្ញុំមិនដឹងជាទៅនៅឯណាទេ ព្រោះអីគេឲ្យខ្ញុំកាត់ផ្ទះ ៣ម៉ែត្រហ្នឹង កាត់ហើយផ្ទះហ្នឹងរលំហើយ។ ឲ្យសាលាក្រុងលោកជួយ ព្រោះអីប្រជាជនមិនដឹងជាទៅនៅឯណាទេ។ ខ្ញុំអត់មានថាប្រទាំងគេទេ តែថាធ្វើម៉េចឲ្យតែសាលាក្រុងគេជួយជាលុយកាក់បន្តិចបន្តួចមក»។
ស្ត្រីអ្នកភូមិម្នាក់ទៀត ថ្លែងថា ពួកគាត់បានរស់នៅលើព្រែកបារាំងនោះ ដោយទិញតពីគ្នា និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។ គាត់ថា អាជ្ញាធរមិនបានកោះហៅប្រជាពលរដ្ឋទៅពិភាក្សាចំពោះការអភិវឌ្ឍនេះទេ និងបានជូនដំណឹងដល់ពលរដ្ឋរយៈពេលខ្លីពេក៖ «ដប់ឆ្នាំហើយ តាំងពីឆ្នាំរោង ឯណោះ ពួកគេខាងមុខនោះ ២០ឆ្នាំហើយ រំកិលដូចតែអស់ហ្មង មានផ្ទះតែ ៥ម៉ែត្រ រំកិលអស់មួយកំណាត់ ហើយនៅមួយម៉ែត្រហ្នឹង ដូចគេរុះចោលហ្មង ផ្ទះចាស់ពុកអស់ហើយណាកូន កុំច្រឹប ផ្ទះទទេ»។
តំណាងពលរដ្ឋ ៤នាក់ បានយកលិខិតអន្តរាគមន៍ដាក់ជូនមន្ត្រីសាលារាជធានីភ្នំពេញ ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីបកស្រាយបញ្ហានេះបានឡើយ។
នៅក្នុងលិខិតដាក់ជូនទៅសាលារាជធានីភ្នំពេញ បានសរសេរថា នៅថ្ងៃទី២២ តុលា ឆ្នាំ២០១២ អាជ្ញាធរខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ មានប៉ូលិស ប៉េអិម និងកម្មករ ចុះរុះរើផ្ទះប្រជាពលរដ្ឋទាំងបង្ខំអស់ចំនួន ៤ខ្នង និងបន្តរុះជាបន្តបន្ទាប់ទៀត។
ប៉ុន្តែអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន មានប្រសាសន៍ថា ការអនុវត្តនេះ គឺជាការរំកិលផ្ទះពលរដ្ឋ មិនមែនជាការរុះរើនោះទេ។ លោកថា សាលាខណ្ឌត្រូវការស្ដារព្រែកដែលកកស្ទះដោយសំរាម ដើម្បីរំដោះទឹកចេញ ដែលបង្កឲ្យមានការជន់លិចតំបន់នោះជារៀងរាល់ឆ្នាំ៖ «ព្រោះបងប្អូនហ្នឹង គឺខ្ញុំបានដាក់ចូលនៅក្នុងការអនុវត្ត ការដោះស្រាយតាមសារាចរ ០៣ ប៉ុន្តែចំពោះមុខនេះ ដោយសារបងប្អូនវាចេះតែរំកិលមក វាជិតប្រឡាយ យើងអត់អាចស្ដារបាន វាធ្វើឲ្យប្រឡាយហ្នឹង វាស្ទះលិចទឹកបងប្អូននៅខាងមុខនោះប្រមាណរយគ្រួសារ ហើយសាលាច្បារអំពៅ ក៏លិចអស់ដែរ»។
យ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើលសហគមន៍នៃអង្គការសិទ្ធិលំនៅឋាន បានអះអាងថា តាមសារាចរលេខ ០៣ ស្ដីពីការដោះស្រាយសំណងបណ្ដោះអាសន្នលើដីរបស់រដ្ឋ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចពិគ្រោះយោបល់ពីការផ្ដល់សំណង ឬរកទីតាំងថ្មីដល់ពលរដ្ឋ បើទោះបីជាពលរដ្ឋទាំងនោះរស់នៅសំណង់អានាធិបតេយ្យក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
