អ្នកស្រុករាប់រយនាក់កាលពីរសៀលថ្ងៃពុធកន្លងទៅ បានបាតុកម្មនៅមុខសាលាស្រុកទ្រាំង ខេត្តតាកែវ ទាមទារឲ្យមានការដកហូតមន្ត្រីសង្ឃប្រចាំស្រុក ព្រះតេជព្រះគុណ ខាត់ យស ចេញពីមខតំណែង បន្ទាប់ពីព្រះអង្គបានឡើងទៅវាយភិក្ខុពីរអង្គដែលកំពុងសូត្រធម៏នៅក្នុងពិធីមង្គលការមួយ ក្នុងភូមិតាស្មែត ឃុំព្រៃស្លឹក ។
អ្នកស្រី យ៉ន ឧបាសិកាជើងវត្តឲ្យដឹងថា មេគុណស្រុកដែលគង់នៅវត្តខ្លែង មានការខឹងសម្បាទៅនឹងព្រះសង្ឃវត្តភូមិគ នៅគ្រាដែលព្រះសង្ឃទាំងពីរអង្គត្រូវបានគេនិមន្តមកសូត្រមន្ត នាពេលល្ងាចថ្ងៃចូលរោងការ ដោយមិននិមន្តព្រះអង្គដែលនៅក្បែរនោះទៅវិញ ។
អ្នកស្រីបន្តទៀតថា ព្រះតេជព្រះគុណ ខាត់ យស បានដឹកនាំកូនសិស្សមកវាយតប់ព្រះសង្ឃ ដែលកំពុងតែសូត្រធម៏នៅក្នុងពិធីមង្គលនោះ ប៉ុន្តែត្រូវបានអ្នកស្រុកលើគ្នាដេញទៅវិញ ។ ហើយបន្ទាប់មកទៀត លោកក៏បាននិមន្តទៅកាន់វត្តភូមិគ គាបសង្កត់ឲ្យសង្គ្រាចវត្តធ្វើកិច្ចព្រមព្រៀង ក្នុងការចែកខណ្ឌសីមាចំនួនភូមិដែលត្រូវនិមន្តជាដើម ។
អ្នកស្រីពិពណ៏នាយ៉ាងដូច្នេះ ៖ «ខ្ញុំយល់ថាយើងជាសង្ឃផង ហើយកាលណាយើងធ្វើអ៊ីចឹង លោកអ្នកណាគេឲ្យយើងមានចែកទឹកចែកដីអ៊ីចឹង» ។
សង្គ្រាចវត្តភូមិគរ ព្រះតេជព្រះគុណ អ៊ូច សុគន្ធ មានដីកាថាបន្ទាប់ពីវាយព្រះសង្ឃ ហើយមេគុណ ខាត់ យស បានមកគាបសង្កត់ឲ្យព្រះអង្គរទទួលការចែកតំបន់ដែលត្រូវនិមន្ត ហើយព្រះអង្គក៏បានយល់ព្រមផងដែរដោយចង់បញ្ចប់បញ្ហានេះ ។
ព្រះតេជព្រះគុណ អ៊ូច សុគន្ធ បានមានដីកាថា ៖ «ឥឡូវរឿងហ្នឹងអាត្មាថាវាតម្លាភាពវិញ ។ ព្រោះកាលពីម្សិលមិញញាតិញោមទៅសាលាស្រុកហ្នឹងវាច្រើនពេក អាត្មានឹកឃើញថា រឿងហ្នឹងកុំឲ្យវាវែងឆ្ងាយ យើងជាព្រះសង្ឃ ទង្វើដែលលោកធ្វើអ៊ីចឹងវាខុសច្រើនពេក» ។
ចៅហ្វាយស្រុកទ្រាំងមិនធ្វើអត្ថាធិប្បាយរឿងនេះទេ ។ ព្រះតេជព្រះគុណ ខាត់ យស ព្រះជន្ម ៧១វស្សា មានពុទ្ធដីកាថាព្រះអង្គមិនបានអុកឡុក ពិធីមង្គលការនោះទេ គ្រាន់តែសុំឲ្យព្រះសង្ឃវត្តភូមិគ ចុះមកជជែកគ្នាប៉ុណ្ណោះ ពេលដែលពិធីសូត្រមន្តបានបញ្ចប់ទៅហើយ ។ ព្រះអង្គចោទថាទង្វើរបស់អ្នកស្រុកមិនត្រឹមត្រូវ ។
ព្រះតេជព្រះគុណ ខាត់ យស បានមានដីកាថា ៖ «ជើងវត្តពីដើមមកចែកវេនដីថា បើអ្នកឯងសូត្រមន្តនៅជើងវត្តលោកហ្នឹង ទាល់តែសួរលោក ដល់សូត្រមន្តអត់សួរលោក អាត្មាថាមិនបាច់សូត្រទេ គ្រាន់តែប៉ុណ្ណឹងទេ អត់មានកើតរឿងអីទេ ហើយបាសកទាំងអស់គ្នាបាតុភាព បាតុកម្ម ។ ធ្វើបាតុភាពគេខឹងគេថា គេស្រឡាញ់លោកវត្តនោះ... អាត្មាខំជួយគាត់ទាំងពីលូទឹក ទាំងពីកសាងថ្នល់អី ផ្លូវមុខផ្ទះគាត់ទាំងអស់ គេកាច់ក្បាលអាត្មាពេកហើយ ហើយអាត្មាគ្រាន់តែឃាត់តើ» ។
អ្នកការពារសិទ្ធិមនុស្ស អាដហុក លោក ប្រាក់ សារ៉ាន់ ឲ្យដឹងថាក្រុមសិទ្ធិមនុស្សមានវត្តមាននៅក្នុងហេតុការណ៍នោះ លោកបានរិះគន់ថា មន្រ្តីសង្ឃធ្វើបែបនេះគឺជាការគាបសង្កត់ទៅដល់សេរីភាព នៃការគោរពរបស់អ្នកស្រុក ។ លោកជឿថាទង្វើបែបនេះជះឥទ្ធិពលអាក្រក់ ទៅដល់វិស័យពុទ្ធសាសនា ។
រដ្ឋលេខាធិការក្រសួងធម្មការ លោក ឈន អៀម អត្ថាធិប្បាយថា លោកនឹងដោះស្រាយរឿងនេះ នៅពេលទទួលបានរបាយការណ៍ពីមន្រ្តីខេត្ត ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
វៀតណាមលួចជីករករ៉ែមាសនៅស្រុកសៀមប៉ាងខែត្រស្ទឹងត្រែង?
ប៉េអឹមខេត្តព្រះវិហាររងការចោទថារំលោភសិទ្ធិមនុស្ស
ពលរដ្ឋនៅខណ្ឌឫស្សីកែវក្រុងភ្នំពេញបារម្ភពីបញ្ហាល្បែងស៊ីសង
នាយករដ្ឋមន្ត្រីសម្ពោធឲ្យប្រើប្រាស់ផ្លូវទៅទីរួមខែត្រកោះកុង
ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រត្រូវបានដាក់ក្នុងក្រដាសប្រាក់២ម៉ឺនរៀលថ្មី
នាយករដ្ឋមន្ត្រីជំរុញឲ្យគ្រូបង្រៀនបង្កើនចំណេះដឹង
ក្រុមតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រោងធ្វើបាតុកម្មនៅប៉ោយប៉ែត
ជនជាតិគួយនៅព្រះវិហារបារម្ភពីសកម្មភាពជីករករ៉ែមាសខុសច្បាប់
ការប្រារព្ធពិធីបុណ្យពិសាខបូជាអន្តរជាតិនៅរដ្ឋកាលីហ្វ័រញ៉ា