អ្នករស់នៅក្បែរវត្ត បញ្ជាក់ថា ព្រះសង្ឃអង្គនោះបានឆាន់អាហារ មិនថាថ្ងៃ ឬយប់ និងបានបណ្ដេញអាចារ្យមួយចំនួនចេញពីវត្តសុវណ្ណគិរីរស្មី៖ «លោកនេះជេរក៏ជេរ ឲ្យតែអ្នកណាខុសអី ដឹងតែជេរហ្នឹងតែម្តង។ តាំងពីមក ថ្ងៃណាក៏ឲ្យយាយជីដាំបាយឲ្យតែយប់។ ទិញសាច់គោថ្ងៃរសៀលទៅហើយ យកឆ្នាំងហ្នឹងទៅដាក់បៀតបន្ទប់លោក។ ឥឡូវហ្នឹង មិនដឹងគិតយ៉ាងម៉េចទេ អត់មានបាសកមកវត្តទេ»។
ប្រជាពលរដ្ឋភូមិល្បើក ឃុំត្រពាំងបី លោក ពៅ ផុន ថ្លែងថា នៅថ្ងៃសុក្រ ទី៥ តុលា ព្រះភិក្ខុមួយអង្គដែលជាសង្ឃគង់ចាស់វស្សានៅវត្តនេះ មិនពេញចិត្តទង្វើរបស់ព្រះសង្ឃនិមន្តមកថ្មី លោកបាននិមន្តចេញពីវត្ត ដោយសារខ្មាសពុទ្ធបរិស័ទដែលមកចូលរួមកាន់បិណ្ឌ នៅពេលដែលព្រះសង្ឃអង្គនោះ ជេរដាក់មេក្រូ៖ «អាចារ្យអ្នកនិមន្តលោកមកហ្នឹង លោកដេញខ្ចាត់អស់ហើយ គ្មាននៅអីមួយទេ ចេញបាត់ជាង ២ខែហើយ។ អាចារ្យមួយ តាអាចារ្យ ឡឹក ទី២ តាអាចារ្យ ហៀល និងអ្នកទៅនិមន្តមកផ្ទាល់ គាត់ថាទៅនិមន្តមកជួយកសាង ឃើញលោករាងទំនង។ ដល់មកដល់ មិនមកជួយកសាង យកមកជេររាល់ថ្ងៃតែម្តង ដល់អីចឹង»។
តបនឹងការលើកឡើងនោះ ព្រះសង្ឃព្រះនាម សុខ ចាន់តារ៉ា មានថេរដីកាថា កាលពីមុនចូលឆ្នាំខ្មែរ ពុទ្ធបរិស័ទជាង ៣០០នាក់ ទៅនិមន្តព្រះអង្គពីភ្នំពេញ ឯវត្តអង្គសិរី ឲ្យមកជួយកសាងវត្តសុវណ្ណគិរីរស្មី និងធ្វើជាចៅអធិការវត្ត។ ក្នុងពេលគង់ បានរកឃើញថា ថវិកាវត្តមានអាចារ្យមួយចំនួន និងអាជ្ញាធរឃុំ បានកេងប្រវ័ញ្ចប្រាក់វត្តយកទៅសង់ផ្ទះ និងចែកគ្នាចាយ។
លោកបានបណ្ដេញអាចារ្យឲ្យចេញពីវត្តហើយ ដោយសារតែមានអំពើពុករលួយក្នុងវត្ត ទើបព្រះចៅអធិការវត្តមុនៗចំនួន ៨អង្គ មិនអាចគង់នៅក្នុងវត្តបាន។ ព្រះអង្គអះអាងថា ថវិកាកសាងវត្តរីកចម្រើនដោយសារគណបក្សប្រជាជនកម្ពុជា គាំទ្រ និងអ្នកនៅក្រៅប្រទេស។ ព្រះអង្គក៏ទទួលស្គាល់ថា បានជេរក្មេងទំនើង ដែលមកចូលរាំក្នុងវត្ត ហើយបំផ្លាញអំពូលម៉ែត្រ និងអ្វីដែលព្រះអង្គខំកសាង។ ចំពោះការឆាន់អាហារ មិនត្រូវម៉ោងពេលនោះ គឺបានឆាន់មែន នៅពេលនិមន្តមកពីទេសនា នៅខេត្តព្រៃវែង ហួសម៉ោងឆាន់ថ្ងៃត្រង់។
ព្រះអង្គបានបញ្ជាឲ្យយាយជី ទិញសាច់គោ ២គីឡូក្រាម មកធ្វើម្ហូបឆាន់នៅពេលរសៀល។ ព្រះសង្ឃ សុខ ចាន់តារ៉ា ថ្លែងថា ព្រះអង្គនឹងប្ដឹងមន្ត្រីគណបក្សប្រឆាំង ដែលដើរបរិហារកេរ្តិ៍តាមវិទ្យុ និងជេរប្រមាថព្រះអង្គនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កាលពីថ្មីៗ៖ «គេថាទ្រាំលែងបាន អាត្មាឲ្យតាអាចារ្យដាក់មេក្រូអាត្មាជេរតែម្តង អាត្មាជេរចំពោះអាក្មេងណា វាមកបំផ្លាញរបស់អាត្មាដែលខំដឹកនាំត្រាក់ៗពីភ្នំពេញមកអីនេះ»។
មេប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងបី លោក ម៉ី ភិរិន ថ្លែងថា ព្រះសង្ឃ សុខ ចាន់តារ៉ា ឡើងជាចៅអធិការវត្ត នៅពេលណា សមត្ថកិច្ចមិនទាន់ដឹងទេ គ្រាន់តែដឹងថា ព្រះអង្គទើបនិមន្តមកមុនចូលឆ្នាំខ្មែរ គង់នៅវត្តសុវណ្ណគិរីរស្មី។ លោកបន្តថា ព្រះអង្គនៅក្មេង ព្រះជន្មក្រោម ៣០ឆ្នាំ មិនសូវខន្តីទេ ជេរប្រមាថក្មេងស្ទាវដាក់មេក្រូទាំងកណ្ដាលអធ្រាត្រ ថ្ងៃបិណ្ឌទី១ ធ្វើឲ្យផ្អើលអ្នកស្រុក ទើបមានការប្ដឹងព្រះសង្ឃអង្គនោះ។ មេប៉ុស្តិ៍បន្តថា ព្រះសង្ឃអង្គនោះ អួតពីការខំកសាងរបស់ព្រះអង្គ ដោយគាំទ្រពីគណបក្សប្រជាជនកម្ពុជា ទើបប៉ះសម្ដីជាមួយមន្ត្រីគណបក្សប្រឆាំងជាប់ឆ្នោតក្នុងឃុំត្រពាំងបី នេះ។
មេឃុំត្រពាំងបី លោក កែវ លាង ថ្លែងថា ប្រជាពលរដ្ឋប្ដឹងមកអាជ្ញាធរឃុំថា ព្រះសង្ឃវត្តសុវណ្ណគិរីរស្មី ទើបនិមន្តមកគង់នៅវត្តនេះ បានជេរប្រមាថក្នុងពេលបុណ្យកាន់បិណ្ឌ។ ប៉ុន្តែអាជ្ញាធរឃុំកំពុងវាស់ដីធ្លី អនុវត្តយ៉ាងប្រញាប់ ទើបមិនទាន់ដោះស្រាយបណ្ដឹងនោះនៅឡើយ។
ប្រជាពលរដ្ឋដទៃទៀតថ្លែងថា ព្រះសង្ឃ សុខ ចាន់តារ៉ា បានជួយកសាងវត្តសុវណ្ណគិរីរស្មី ច្រើនដែរ ក្នុងរយៈពេលមកគង់នៅវត្តនេះ។ ទាស់តែព្រះអង្គប្រើពាក្យអសុរោះ ក្នុងនាមជាអ្នកស្លៀកស្បង់ព្រះពុទ្ធអប់រំមនុស្ស។
អាជ្ញាធរស្រុកឈូក ឲ្យដឹងថា រង់ចាំតែពាក្យបណ្ដឹងពលរដ្ឋមកដល់សាលាស្រុក នឹងធ្វើការប្រជុំ ព្រោះរដូវកាន់បិណ្ឌ មនុស្សម្នាមកវត្តច្រើនកុះករ ដើម្បីគោរពព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់ មិនគួរបន្តឲ្យកើតរឿងបែបនេះឡើងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។