អ្នកភូមិ និងអាជ្ញាធរចោទថា ការដេញថ្លៃនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ ព្រោះតារាងតម្លៃដែលដេញថ្លៃដោយអ្នកម៉ៅការខ្ពស់ជាងតម្លៃដែលអ្នកភូមិធ្លាប់ធ្វើដំណើរជារៀងរាល់ថ្ងៃ ដោយទូកដឯកជនដែលមិនមានអ្នកម៉ៅការ។
តារាងតម្លៃឆ្លងទៅមកពីកំពង់ដទទឹង ឃុំតាជេស និងឃុំសែប ស្រុកកំពង់ត្រឡាច ទៅឃុំកោះថ្កូវ ស្រុកជលគីរី ដែលដេញថ្លៃដោយអ្នកម៉ៅការដថ្មី រងការតវ៉ាយ៉ាងខ្លាំងពីអ្នកភូមិ និងអាជ្ញាធរឃុំ។
តំណាងអ្នកភូមិកោះថ្កូវ ឈ្មោះ សារ៉េត បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ធ្នូ ថា តារាងតម្លៃឆ្លងទៅមកដែលមានការសម្រេចយល់ព្រមពីអាជ្ញាធរខេត្ត មានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពអ្នកភូមិ។ អ្នកភូមិរូបនេះ បានលើកយកករណីសិស្សម្នាក់ដែលត្រូវឆ្លងទៅមក ដើម្បីទៅរៀននោះថា អ្នកភូមិដែលមានកូនឆ្លងដទៅរៀន គឺត្រូវចំណាយលើសសព្វដងប្រមាណ ១០ម៉ឺនរៀល ក្នុងមួយឆ្នាំ នេះមិនទាន់គិតពីតម្លៃកសិផលដែលត្រូវដឹកឆ្លងយកមកលក់ដែលក្នុងសៀវភៅបន្ទុកបានកំណត់តម្លៃលើសទូកដឯកជនទ្វេដង។
គាត់បន្តថា សកម្មភាពវិនិយោគនេះបានផ្ទុយពីគោលការណ៍កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលទាំងស្រុង៖ «កំពង់ដចាស់គេមានដំណើរការល្អ។ ចរាចរណ៍ចេញចូលក៏ស្រួល ហើយបើប្រៀបធៀបបញ្ហាសិស្សសាលានោះ គឺគេមានការអនុគ្រោះច្រើន ដោយក្នុងមួយឆ្នាំគេយកតែស្រូវ ៤០គីឡូទេ នេះបើគិតជាលុយក្នុងមួយថ្ងៃមិនដល់ ១០០រៀលផង។ តែដល់អ្នកម៉ៅការផ្ដាច់មុខដថ្មីនេះ គេថាមិនយកលុយកូនសិស្សទេ តែគេយកថ្លៃកង់មួយថ្លៃ ៣០០រៀល។ ដល់អ៊ីចឹង យើងគិតមើល តើមួយខែអស់ប៉ុន្មាន ហើយ១ឆ្នាំប៉ុន្មាន? ខ្ញុំដូចជាមិនពេញចិត្តសោះ ចំពោះបញ្ហានេះ»។
ក៏ដូចជាអ្នកភូមិដែរ មេឃុំតាជេស គឺលោក សួស ស៊ីផៃ លោកមានប្រសាសន៍ថា លោកមិនគាំទ្រឲ្យមានការវិនិយោគបែបនេះទេ។ លោកថា លោកកំពុងធ្វើរបាយការណ៍ស្នើសុំឲ្យថ្នាក់លើពិចារណាឡើងវិញក្នុងការបញ្ឈប់ការវិនិយោគដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្របែបនេះ៖ «ជារឿងមួយដែលខ្ញុំអត់បានចូលរួមទទួលខុសត្រូវ ហើយអត់បានដឹង។ ហើយដល់ថ្នាក់លើដាក់មកអ៊ីចឹង ឲ្យខ្ញុំអនុវត្ត ខ្ញុំដូចជាមិនយល់ថាហេតុអី។ ខ្ញុំនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ខ្ញុំដឹងពីសុខទុក្ខពួកគាត់។ ឯអ្នកមកពីខាងក្រៅ មិនបានដឹង ហើយស្រាប់តែធ្វើដោយពុំមានការពិភាក្សាជាមួយខ្ញុំជាអាជ្ញា។ ឥឡូវមានបញ្ហាការតវ៉ារបស់ប្រជាពលរដ្ឋ អ៊ីចឹងខ្ញុំមិនដឹងធ្វើម៉េច បានត្រឹមតែរាយការណ៍ទៅលើឲ្យពិចារណាឡើងវិញ»។
យ៉ាងនេះក្ដី អភិបាលរងទទួលបន្ទុកសេដ្ឋកិច្ច និងការវិនិយោគខេត្តកំពង់ឆ្នាំង លោក អ៊ុន សំអុល មានប្រសាសន៍ថា លោកទើបតែទទួលបានព័ត៌មានពីប្រតិកម្មរបស់ប្រជាពលរដ្ឋតាមរបាយការណ៍របស់អាជ្ញាធរឃុំ និងស្រុក។ លោកថា លោកនឹងពិនិត្យពីការវិនិយោគនេះឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៖ «ឥឡូវ ខ្ញុំឲ្យខាងស្រុក និងមន្ទីរជំនាញពិនិត្យមើល។ ទោះបីថាគាត់មានច្បាប់អនុញ្ញាតក៏ដោយ ក៏ខ្ញុំត្រូវពិនិត្យឡើងវិញពីតម្លៃនៃសៀវភៅបន្ទុកមិនមែនអ្នកម៉ៅការដេញថ្លៃបានចេះតែយកតម្លៃស្រេចតែចិត្តនោះទេ»។
ប្រភពពីអាជ្ញាធរឃុំតាជេស បានឲ្យដឹងថា កំពង់ចម្លងដទទឹងឃុំតាជេស នេះជាជំនួយរបស់ស្ថានទូតជប៉ុន ក្រោមគម្រោងគូសាណូណិ របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈជំនួយឧបត្ថម្ភទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ បានជួយសាងសង់ ចំណាយអស់ប្រាក់ជាង ១០ម៉ឺនដុល្លារ និងបានសាងសង់រួចរាល់កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ។ ស្រាប់តែឥឡូវ មានមនុស្សមួយក្រុមមកចង់ដណ្ដើមផលប្រយោជន៍ពីប្រជាពលរដ្ឋទៅវិញ ដោយយកលេសថាចង់វិនិយោគសាងសង់កំពង់ចម្លងដទទឹងពីឃុំតាជេស ទៅឃុំកោះថ្កូវ ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។