អំពើ​ហិង្សា​មួយ​ផ្ទុះ​ឡើង​នៅ​ឯ​ទីរួមខេត្ត​រតនគិរី

អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ឯ​ទីរួមខេត្ត​រតនគិរី​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​បី​នាក់​រង​របួស​និង​ម្នាក់​នាក់​ត្រូវ​ចាប់​ខ្លួន ក្នុង​ការបះបោរ​ប្រឆាំង​តុលាការ​ខេត្ត​ដែល​ព្យាយាម​ចាប់​ខ្លួន​តំណាង​សហគមន៍​ជនជាតិ​ដើម​ពីរ​នាក់​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរៃ​រវាង​ប្រជាសហគមន៍​ជនជាតិ​ដើម​ជាមួយ​ក្រុមហ៊ុន​ឌីអឹមហ្រ្គូប។

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៏ លោក ឆាយ ធី បញ្ជាក់ ៖ «ប៉ូលិស​ជិត​១០​នាក់​ស្លៀក​ឯកសណ្ឋាន​ហើយ​បញ្ឆេះ​ឡាន​រង់ចាំ។ ពេល​នោះ​ប៉ូលិស​៧​-​៨​នាក់​ចូល​ទៅ​ក្នុង​បន្ទប់​តុលាការ។ ឮសូរ ស្វិន វេវ ហើយ​និង យ៉ាង ថន ស្រែក​យ៉ាង​ខ្លាំង "ជួយ​ផងៗ អយុត្តិធម៌​ណាស់" ស្រែក​ផង យំ​ផង។ ពេល​នោះ​សហគមន៍​គ្នា​គាត់​បះបោរ​ពី​ខាង​ក្រៅ​ចូល ពេល​នោះ​ប៉ូលិស​បាន​រារាំង សហគមន៍​ក៏​យក​ដំបង​កាន់​រំដោះ ហើយ​យក ស្វិន វេវ ដាក់​លើ​ម៉ូតូ​ជិះ​ទៅ»

ចំណែក​មន្ត្រី​សមាគម​អាដហុក​ខេត្ត​រតនគិរី​ដែល​កំពុង​មាន​វត្តមាន​នៅ​ការិយាល័យ លោក ង៉ែត ណារ៉ា បញ្ជាក់​ថា បាន​ព្យាយាម​រត់​ចូល​គេហដ្ឋាន​មួយ​ខ្នង​ដែល​នៅ​ជាប់​ស្នាក់ការ​សមាគម ក៏ប៉ុន្តែ​ប៉ូលិស​ប្រមាណ​១០​នាក់​បាន​តាម​ចូល​ទៅ​ក្នុង​គេហដ្ឋាន​នោះ​ដោយ​ស្រែក​ថា​ចោរ ហើយ​វាយ​សហគមន៍​ដោយ​ស្វ័យ​កាំភ្លើង​ទើប​ចាប់​ខ្លួន​យក​មក​កាន់​ស្នងការដ្ឋាន​ប៉ូលិស។

លោក ង៉ែត ណារ៉ បាន​ឲ្យ​ដឹង​ថា ៖ «ប៉ូលិស​ប្រើ​ស្នាប់​ភ្លើង​រហូត​ដល់​មាន​ការយក​ដំបង​ធំ​ណាស់ យក​ទៅ​វ៉ៃ​ភ្លៅ ឡើង​គាត់​ស្រែក​ថា "អ៊ូយៗ"»

តាម​ការពិនិត្យ​ឃើញ​ជាក់ស្តែង​ប្រជាពលរដ្ឋ​ជិត​ទី​កើតហេតុ​មាន​ការច្រួលច្របល់​ភិតភ័យ​អស់​រយៈពេល​ប្រមាណ​មួយ​ម៉ោង​នៅ​រសៀល​ម៉ោង​ប្រមាណ​៥ ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ វិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ប៉ូលិស​បាន​ដាក់​កម្លាំង​រាំង​ខ្ទប់​របង​ស្នងការដ្ឋាន​មិន​ឲ្យ​ជន​ណា​ម្នាក់​ចូល​ទៅ​ក្នុង​បាន​ឡើយ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​តាំង​ពី​ថ្ងៃ​កើត​ហេតុ​ដើម្បី​សុំ​កិច្ច​អធិប្បាយ​ពី​មន្ត្រី​ប៉ូលិស​និង​មន្ត្រី​តុលាការ​ខេត្ត​ជុំវិញ​ហេតុការណ៍​នេះ តែ​ត្រូវ​បាន​បដិសេធ។

ចំណែក​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ការិយាល័យ​ព្រះរាជអាជ្ញា​រង​ខេត្ត​រតនគិរី លោក រស់ សារាំ បដិសេធ​ដោយ​ថា​ជាប់​រវល់ ហើយ​ស្នងការ​ប៉ូលិស លោក រាយ រ៉ៃ និង​ស្នងការ​ស្តីទី លោក ចៅ នាង ក៏​ដូច​គ្នា។

យ៉ាង​នេះ​ក្តី​មន្ត្រី​អាដហុក​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ម្នាក់​រង​របួស តំណាង​សហគមន៍ លោក យ៉ាង ថន និង​ជា​សកម្មជន​សមាគម​អាដហុក​ផងដែរ​ត្រូវ​ចាប់​ខ្លួន ចំណែក​ប្រជា​សហគមន៍​ជាង​៤០​នាក់​ដែល​ធ្វើការ​បះបោរ​បាន​រត់​គេច​ខ្លួន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ហៅ​ការចាប់​ខ្លួន​អ្នក​ភូមិ​គឺ​ជា​អំពើ​អយុត្តិធម៌ ហើយ​ទាមទារ​ឲ្យ​មាន​ការថ្កោលទោស​មន្ត្រី​តុលាការ​នោះ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «ក្រុមហ៊ុន​ហ្នឹង​ឈូស​ឆាយ​ដី មិន​ចាត់ការ​អ្នក​ដែល​កាប់​រាន​ដី​ព្រៃ បែរ​ជា​មក​ចាប់​ខ្លួន​សហគមន៍ ក៏​ដូច​ជា​សកម្មជន​របស់​អាដហុក។ លោក​ខិតខំ​ការពារ​ដី​ព្រៃ​ដែល​ជា​ដី​រដ្ឋ ហើយ​ជា​ពិសេស​ដី​សមូហភាព​របស់​គាត់​ផង»

ប្រជា​សហគមន៍​ភូមិ​ប៉ាងតាង​ជាង​១០០​គ្រួសារ​បាន​ប្តឹង​ក្រុមហ៊ុន​ឌីអ៊ឹមហ្រ្គូប​ដែល​បាន​ប្រើប្រាស់​មន្ត្រី​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំលោភ​ឈូសឆាយ​ដី​សមូហភាព​របស់​ប្រជា​សហគមន៍​និង​ដី​ព្រៃ​ឈើ​ជាង​២០០​ហិកតារ តាំង​ពី​ឆ្នាំ​២០០៥ ក៏ប៉ុន្តែ​ពុំ​មាន​ចំណាត់ការ​អ្វី​ឡើយ។

ប្រជា​សហគមន៍​និយាយ​ថា តុលាការ​ប្រើ​វិធី​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​ដើម្បី​បំបាក់​ស្មារតី ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តាម​អ្នក​ភូមិ​និយាយ​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​ជនជាតិ​ដើម​ភូមិ​ប៉ាតាង​ទាំងអស់​គ្នា​គ្រោង​លើក​គ្នា​មក​តវ៉ា​សុំ​ឲ្យ​មាន​ការដោះលែង​តំណាង​ពួក​គេ ក៏ប៉ុន្តែ​ត្រូវ​អាក់ខាន​ដោយសារ​មាន​ការរារាំង​ពី​អាជ្ញាធរ​ឃុំ៕