អាជ្ញាធរ​និង​ពលរដ្ឋ​នៅ​ស្វាយរៀង​តវ៉ា​ចំពោះ​កា​រហាម​ជួសជុល​ផ្លូវ​ពី​សំណាក់​វៀតណាម

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​អាជ្ញាធរ​ព្រំដែន​វៀតណាម​ដែល​បាន​ហាម​ឃាត់​ការ​ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្មែរ។

0:00 / 0:00

លោក មាស រដ្ឋា ជំទប់​ទី​២ សង្កាត់​ប្រាសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​២៣ ខែ​កញ្ញា ថា ការ​ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែ​មាន​បណ្តោយ​១.៨៣៨​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ដែល​ប្រើប្រាស់​ថវិកា​មូលនិធិ​របស់​សង្កាត់​នោះ ត្រូវ​បាន​ភាគី​ខាង​វៀតណាម​ហាមឃាត់​ដោយ​ពុំ​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។

លោក មាស រដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ទទួល​បាន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ហ្នឹង គណៈកម្មការ​និង​អាចារ្យ​ប្រចាំ​នៅ​វត្ត​ប្រាសាទ​ហ្នឹង គាត់​បកប្រែ​លិខិត​របស់​វៀតណាម គេ​ប្រាប់ ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​នៅ​បាវិត​ហ្នឹង ឲ្យ​គាត់​ជម្រាប​ទៅ​ខាង​វីអូអេ​និង​អាស៊ីសេរី ដើម្បី​ឲ្យ​លោក​ជួយ​ផ្សព្វផ្សាយ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គាត់​ដឹង​ផង​ថា តើ​ដី​ខ្មែរ​ឬ​ក៏​ដី​យួន​ដែល​យួន​ចេញ​បញ្ជា​មិន​ឲ្យ​ធ្វើ​នេះ? ខ្ញុំ​ជឿជាក់​ថា ដី​នេះ​ពិត​ជា​ដី​របស់​ខ្មែរ​មែន ពីព្រោះ​យើង​ធ្វើ​នៅ​ខាង​លិច​បង្គោល​លាក់​ដែល​កំពុង​តែ​ចាក់​រាល់​ថ្ងៃ​នេះ ចម្ងាយ​ប្រហែល​ជា​៨០​ម៉ែត្រ»

ស្រ្តី​ឈ្មោះ ចាន់ ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ផ្លូវ​លំ​មួយ​ខ្សែ​នេះ​គឺ​ជា​ផ្លូវ​ចាស់​មាន​ស្រាប់​តាំង​ពី​យូរយារ​ណាស់​មក​ហើយ តែ​មាន​ការ​ខូចខាត​តែ​អាជ្ញាធរ​វៀតណាម​បាន​មក​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ត​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំណូមពរ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ធ្វើការ​ជួសជុល។

អ្នកស្រី ចាន់ ថា បាន​បញ្ជាក់​ថា ៖ «ផ្លូវ​អស់​ហ្នឹង​វា​ដាច់ ផ្លូវ​គេ​រកស៊ី ផ្លូវ​ធំ ហើយ​ដល់​ពេល​ធ្វើ​ទៅ​ស្រាប់តែ​វៀតណាម​គេ​លែង​ឲ្យ​លើក វា​អត់​ត្រឹមត្រូវ ព្រោះ​ដី​ខ្មែរ​យើង»

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ព្រំដែន​វៀតណាម​បាន​ទេ​នៅ​ថ្ងៃ​២៣ កញ្ញា​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ទ្រិញ បាកឹម ក៏​ពុំ​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ដែរ។ ប៉ុន្តែ​លោក កែវ ឈាន ចៅ​សង្កាត់​ប្រាសាទ មាន​ប្រសាសន៍​ថា លោក​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ព្រំដែន​វៀតណាម​និង​អាជ្ញាធរ​ស្រុក​ចាំងបាង​នៃ​ខេត្ត​តៃនិញ​ដើម្បី​ពន្យល់​ពួក​គេ​ពី​បញ្ហា​នេះ។

លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត បាន​បដិសេធ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ការ​កសាង​ផ្លូវ​ក្នុង​ដែនដី​ដែល​លោក​គ្រប់គ្រង។

លោក ឈូក បណ្ឌិត បាន​មាន​ប្រសាសន៍​ថា ៖ «យើង​អត់​មាន​ធ្វើ​ផ្លូវ​ណា​កាត់​ព្រំដែន​នោះ​ទេ យើង​មាន​តែ​ធ្វើ​ផ្លូវ​នៅ​ក្នុង​នេះ​យើង អត់​មាន​នរណា​មក​ឃាត់​ផង មាន​នរណា​មក​ឃាត់​នៅ​ក្នុង​ទឹក​ដី​យើង»

តាម​របាយការណ៍​ស្តីពី​ការងារ​របស់​រាជ​រដ្ឋាភិបាល​ប្រចាំ​ឆ្នាំ​២០០៨ អំពី​ការងារ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​បាន​បង្ហាញ​ថា ក្រុម​បច្ចេកទេស​ចម្រុះ​កម្ពុជា​-​វៀតណាម​បាន​ចុះ​ធ្វើការ​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​លើ​ដី​ជាក់ស្តែង​បាន​ចំនួន​៥៦​ទីតាំង​ស្មើ​នឹង​៦៩​បង្គោល៕