វៀតណាម​បញ្ជូន​អ្នក​សុំ​ទាន​ខ្មែរ​១០៣​នាក់​មក​កម្ពុជា​វិញ

អាជ្ញាធរ​វៀតណាម​នៅ​ថៃ្ង​សុក្រ ៤ ធ្នូ​នេះ បាន​ចាប់​បញ្ជូន​អ្នក​សុំទាន​ខែ្មរ​ចំនួន​១០៣​នាក់ មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង។

លោកស្រី សៅ ស៊ីថា ជា​មន្រ្តី​នៃ​មន្ទីរ​សង្គមកិច្ច ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា អ្នក​សុំ​ទាន​ទាំង​នោះ​ភាគ​ច្រើន​ជា​កុមារ ហើយ​ការ​ប្រមូល ឬ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​នោះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​រក្សា​សណ្តាប់​ធ្នាប់ ពី​ព្រោះ​អ្នក​សុំ​ទាន​ទាំង​នោះ​ដេក​តាម​សំយ៉ាប​ផ្ទះ​និង​មុខ​ផ្ទះ។

ភាគ​ច្រើន​នៃ​អ្នក​សុំ​ទាន​ទាំង​នោះ គឺ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម។

លោក ង៉ែត ណារ៉ា ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​វៀតណាម​តែងតែ​បញ្ជូន​អ្នក​សុំ​ទាន​ខែ្មរ​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​លោក​មិន​បាន​ឃើញ​អាជ្ញាធរ​កម្ពុជា បញ្ជូន​វៀតណាម​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ទេ៕