អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងរៀបចំវេទិកាថ្នាក់តំបន់លើកទី៤ នៅខេត្តព្រះសីហនុ ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីដំណើរវិវឌ្ឍន៍របស់សាលាក្ដីខ្មែរក្រហម ដល់ដើមបណ្ដឹងរដ្ឋប្បវេណីប្រមាណ ២០០នាក់ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ។
មន្ត្រីទទួលបន្ទុកនៃអង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម លោក អ៊ឹម សុភា មានប្រសាសន៍ថា ការរៀបចំវេទិកានេះ សម្រាប់ឲ្យដើមបណ្ដឹងរដ្ឋប្បវេណីប្រមាណ ២០០នាក់ ដែលមិនធ្លាប់បានចូលរួមស្ដាប់សវនាការនៃសំណុំរឿងលេខ០០២ នៅក្នុងឆ្នាំ២០១២ ដែលមកពី ៤ខេត្ត រួមមានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកំពង់ស្ពឺ។ លោកបញ្ជាក់ថា សាលាក្ដីមានលទ្ធភាពតិចតូចបំផុត សម្រាប់អញ្ជើញដើមបណ្ដឹងរដ្ឋប្បវេណីមកស្ដាប់ផ្ទាល់នៅក្នុងសវនាការ។
លោក អ៊ឹម សុភា អះអាងថា ការធ្វើវេទិកានេះមានគោលបំណងសំខាន់ឲ្យដើមបណ្ដឹងរដ្ឋប្បវេណីទទួលបានការពន្យល់ពីមេធាវីរបស់ខ្លួន នូវដំណើរការនៃការបំបែកនីតិវិធីសំណុំរឿង០០២ និងដើម្បីឲ្យដើមបណ្ដឹងទាំងនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន៖ «យើងបានរៀបចំបង្កឱកាសហ្នឹង មិនមែនត្រឹមតែវេទិកាថ្នាក់តំបន់ហ្នឹង ជាប្រចាំ អ្នកត្រូវមកផ្ដល់សក្ខីកម្មហ្នឹង យើងរៀបចំដាច់ដោយឡែក»។
ទោះបីជាយ៉ាងនេះក្ដី មេធាវីដើមបណ្ដឹងរដ្ឋប្បវេណី លោកមេធាវី ហុង គឹមសួន បានបំភ្លឺថា នៅមានឧបសគ្គជាច្រើនចំពោះដើមបណ្ដឹងរដ្ឋប្បវេណី ដូចជាការតាមមិនទាន់អំពីដំណើរការរបស់សាលាក្ដី ការមិនយល់អំពីនីតិវិធីរបស់តុលាការ ឬពីសិទ្ធិរបស់ខ្លួនជាដើម។ លោកបញ្ជាក់ទៀតថា មូលហេតុសំខាន់ បើសាលាក្ដីមានថវិកាដើម្បីយកដើមបណ្ដឹងរដ្ឋប្បវេណីមកស្ដាប់សវនាការដោយផ្ទាល់ ជាការប្រសើរ៖ «ដំណើរការខ្វះថវិកា ដែលពួកគាត់អត់មក មួយទៀត ពួកគាត់មិនបានដឹងទេ សូម្បីតែករណី០០១ ឌុច ហ្នឹង ក៏មិនបានផ្សាយបន្តផ្ទាល់ឲ្យដឹងដែរ។ ដូច្នេះ ថាមិនថា ដើមបណ្ដឹងរដ្ឋប្បវេណី ឬប្រជាពលរដ្ឋទូទៅទេ»។
ការរៀបចំវេទិកាថ្នាក់តំបន់របស់អង្គភាពគាំពារជនរងគ្រោះនេះ នៅគ្រាដែលសាលាក្ដីខ្មែរក្រហម កំពុងដំណើរការជំនុំជម្រះសំណុំរឿងលេខ០០២ លើអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងរបបខ្មែរក្រហម មាន នួន ជា អៀង សារី និងខៀវ សំផន។ ការជំនុំជម្រះសេចក្ដីលើមេដឹកនាំខ្មែរក្រហមទាំងនេះ ផ្ដល់ឱកាសដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយក្នុងការបង្ហាញឲ្យឃើញថា របបកម្ពុជាប្រជាធិបតេយ្យបានធ្វើការសម្រេចចិត្តជាច្រើន ដែលបង្កឲ្យមានការស្លាប់ប្រជាពលរដ្ឋប្រមាណ ២លាននាក់។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៣ វិច្ឆិកា សរសេរថា ដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់មាន ៣.៨៦៤នាក់។ អង្គភាពគាំពារជនរងគ្រោះ មានផែនការរៀបចំវេទិកាថ្នាក់តំបន់ចំនួន៨ នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្នុងគម្រោងការចូលរួមរបស់ជនរងគ្រោះ ប្រកបដោយអត្ថន័យក្នុងនីតិវិធីសាលាក្ដីខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។