ពលរដ្ឋ​រៀបចំ​ពិធី​សំពះ​ព្រះខែ​និង​អក​អំបុក​ទោះ​បី​មិន​មាន​ពិធី​បុណ្យ​អុំ​ទូក

ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ជាតិ​ខ្មែរ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​បុរាណ​កាល ហើយ​នឹង​បាន​បន្ត​រហូត​ដល់​សព្វថ្ងៃ។
ដោយ ខែ សុណង
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អុំទូក​សក្ការបូជា​សំពះ​ព្រះខែ​អកអំបុក ៣០៥
សកម្មភាព​អ្នក​លក់ និង​អ្នក​ទិញ​គ្រឿង​សក្ការបូជា សំពះ​ព្រះខែ និង​អក​អំបុក នៅ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា ឆ្នាំ​២០១២។
RFA/Khe Sonorng

តាម​ការ​គ្រោង​ទុក នៅ​ក្នុង​ឆ្នាំ​២០១២ ពិធី​នេះ​គឺ​គេ​ត្រូវ​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត ថ្ងៃ​កោរ ខែ​កត្តិក រហូត​ដល់​ថ្ងៃ​១​រោច ខែ​កត្តិក ឆ្នាំ​រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី២៧ ទី២៨ និង​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ប៉ុន្តែ​កម្មវិធី​នេះ នឹង​ត្រូវ​ខកខាន​ទៅ​វិញ​ដោយ​ហេតុផល​តែ​មួយ​គត់ គឺ​ពលរដ្ឋ​កម្ពុជា ត្រូវ​កាន់​ទុក្ខ​អតីត​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ទើប​យាង​ចូល​ទិវង្គត​នា​ពេល​កន្លង​ទៅ។

បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​លុប​ចោល​នូវ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក និង​បណ្ដែត​ប្រទីប ក្នុង​ឆ្នាំ​២០១២ នេះ​ក៏​ដោយ ពិធី​នេះ​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទាំង​ស្រុង​នោះ​ទេ។ ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​សស្រាក់សស្រាំ​រៀបចំ​ពិធី​សែន​ព្រេន សំពះ​ព្រះ​ខែ អក​អំបុក ដូច​ធម្មតា​ជា​ដដែល។

តាំង​ពី​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ទី២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​ចំ​ថ្ងៃ​ទី១៥​កើត ពេញ​បូណ៌មី ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ស្ត្រី បាន​នាំ​គ្នា​មូល​មីរ​រូតរះ​ទៅ​ផ្សារ ដើម្បី​ទិញ​គ្រឿង​សក្ការបូជា ដូច​ជា អំបុក ដូង ចេក ទៀន ធូប ផ្កាភ្ញី ជាដើម។

ស្ត្រី​វ័យ​កណ្ដាល​មួយ​រូប ដែល​កំពុង​ឈរ​ទិញ​ចេក​នៅ​ផ្សារ​ដើម​គ កញ្ញា លន់ មណ្ឌល មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា នាង​មាន​ទឹក​ចិត្ត​ជ្រះថ្លា​នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​នេះ ដោយ​នាង​មក​ទិញ​គ្រឿង​សក្ការបូជា​សំពះ​ព្រះខែ និង​អក​អំបុក​ដូច​ឆ្នាំ​មុនៗ​ដែរ៖ «ថ្ងៃ​ហ្នឹង ខ្ញុំ​ទិញ​ចេក ព្រោះ​អី​ថ្ងៃ​ពេញ​បូណ៌ ប៉ះ​ថ្ងៃ​ដែល​ប្រពៃណី​ខ្មែរ​យើង​អក​អំបុក​ណា ដូច្នេះ​ហើយ យើង​ទិញ​យក​ទៅ​វត្ត ឬ​ក៏​ដាក់​សែន​នៅ​ផ្ទះ។ ខ្ញុំ​យល់​ថា ដោយ​សារ​ប្រទេស​យើង​ជួប​នឹង​វិបត្តិ ដោយ​សារ​សម្ដេច​តា​សុគត​ណា ដូច្នេះ​ហើយ​ទោះ​បី​ជា​អត់​មាន​ក៏​អត់​មាន​បញ្ហា​អ្វី​ដែរ បើ​ថា​ចាំ​មាន​ទៅ​លេង​នៅ​បុណ្យ​អុំទូក​ទៅ បើ​ពេល​អត់​មាន​អីចឹង យើង​អាច​ដើរ​កម្សាន្ត​ទៅ​កន្លែង​ណា​ផ្សេង​ជា​គ្រួសារ ឬ​ជា​លក្ខណៈ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​អីចឹង»

ចំណែក​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត គឺ​អ្នកស្រី សុថាវរី ដែល​នៅ​នឹង​ដៃ​មាន​កាន់​ផ្កា និង​ផ្លែ​ឈើ​ផង​នោះ បាន​ឲ្យ​ដឹង​ថា គាត់​មិន​យល់​ទាស់​នោះ​ទេ​ចំពោះ​ការ​មិន​មាន​កម្មវិធី​ប្រណាំង​ទូក និង​លយ​ប្រទីប​នោះ។ អ្នកស្រី​បន្ត​ថា គាត់ និង​អ្នក​ជិត​ខាង នៅ​តែ​រំលឹក​ពិធី​សែន​ព្រះខែ និង​អក​អំបុក​ជា​ធម្មតា និង​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះវ​រាជបិតា​ជាតិ​ខ្មែរ៖ «ទាំង​ពីរ​ហ្នឹង ប្អូន​ទាំង​អក​អំបុក ទាំង​សែន​សំពះ​ព្រះខែ ហើយ​ចំ​ថ្ងៃ​សីល​ទៀត​ណា ដល់​ពេល​អត់​មាន​ពិធី​បុណ្យ​អ៊ីចឹង វា​ល្អ​ម្យ៉ាង​ដែរ»

ទាក់​ទង​ទៅ​នឹង​ការ​មិន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១២ នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ជា​ច្រើន​លើក​ថា កម្ពុជា ជាប់​រវល់​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​បូជា​ព្រះបរមសព អតីត​ព្រះ​មហាក្សត្រ។

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី៣ នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក គឺ​នៅ​មាន​ពេល​ច្រើន​ដើម្បី​ប្រារព្ធ​ពិធី​នៅ​ឆ្នាំ​ជា​បន្ត​បន្ទាប់​បាន ប៉ុន្តែ​ព្រះ​រាជ​ពិធី​បុណ្យ​បូជា​ព្រះបរមសព គឺ​មាន​តែ​ម្ដង​ទេ។

ហេតុ​នេះ រដ្ឋាភិបាល​ចាំបាច់​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​រៀបចំ​ការងារ​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​បូជា​ព្រះបរមសព នា​ពេល​ខាង​មុខ បាន​ល្អ​ប្រសើរ។ ម្យ៉ាង​ទៀត ការ​បិទ​មិន​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នេះ ជា​ការ​សម្ដែង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ទើប​យាង​ចូល​ទិវង្គត​នា​ពេល​កន្លង​ទៅ៖ «សូម​មេត្តា​ប្រជាពលរដ្ឋ មេត្តា​យោគ​យល់​អំពី​ការ​អាក់ខាន​ក្នុង​ការ​សប្បាយ​រីករាយ​នេះ។ យើង​នៅ​មាន​ពេល​ច្រើន​ទៀត តែ​អតីត​ព្រះមហាក្សត្រ សម្ដេចឪ របស់​យើង​មាន​តែ​មួយ​អង្គ​គត់។ ឯ​យើង​នៅ​សល់​ច្រើន​ឆ្នាំ​ទៀត ដើម្បី​នឹង​បុណ្យ​អុំទូក​នោះ ហើយ​អុំទូក​អុំ​ពេល​ណា​ក៏​បាន​ដែរ»

អតីត​ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី១៥ តុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ។

ពាក់ព័ន្ធ​នឹង​ព្រះរាជ​មរណៈ​នៃ​អតីត​ព្រះមហាក្សត្រ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ក្នុង​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៣​ថ្ងៃ នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ចាប់​ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី២៩ នោះ ត្រូវ​រៀបចំ​ពិធី​ផ្សេងៗ​ទាក់​ទង​នឹង​ព្រះបរមសព​នៃ​អតីត​ព្រះមហាក្សត្រ ព្រះ​បាទ នរោត្តម សីហនុ។ នៅ​ល្ងាច​ថ្ងៃ​ទី២៧ វិច្ឆិកា គេ​នឹង​ប្រារព្ធ​ពិធី​មួយ​ចំនួន​តាម​បែប​សាសនា លុះ​នៅ​ថ្ងៃ​បន្ទាប់ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នឹង​ធ្វើ​ពិធី​ថ្វាយ​ព្រះ​គោរមងារ​ព្រះ​បច្ឆា​មរណ​នាម​ជា​ផ្លូវ​ការ ថ្វាយ​ព្រះបរមសព​នៃ​អតីត​ព្រះមហាក្សត្រ ដែល​មាន​ងារ​ថា ព្រះ​បរម​រតន​កោដ្ឋ។

ទាក់​ទង​នឹង​ព្រះបរមសព​នៃ​អតីត​ព្រះមហាក្សត្រ​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ព្រះបរមសព​នឹង​ត្រូវ​ដង្ហែ​ចេញ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី១ កុម្ភៈ ឆ្នាំ​២០១៣ ទៅ​តម្កល់​នៅ​ព្រះ​មេរុ ដែល​ទើប​សាងសង់​រួច មាន​ទីតាំង​នៅ​ទល់​មុខ​សារមន្ទីរ​ជាតិ និង​បន្ទាប់​មក​នៅ​ថ្ងៃ​ទី៤ ខែ​ឆ្នាំ​ដដែល​នោះ នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា។

ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ចុង​ក្រោយ មាន​ហេតុការណ៍​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច នៅ​ម៉ោង​ប្រហែល ៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង ដោយ​សារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។

រដ្ឋាភិបាល​កម្ពុជា បាន​ខកខាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នេះ​រយៈពេល ២​ឆ្នាំ​ជាប់ៗ​គ្នា គឺ​កាល​ពី​ឆ្នាំ​២០១១ ដោយ​សារ​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា មាន​គ្រោះ​ទឹក​ជំនន់ ហើយ​នៅ​ឆ្នាំ​២០១២ គឺ​ពលរដ្ឋ​កម្ពុជា ត្រូវ​កាន់​ទុក្ខ​ចំពោះ​ការ​ចូល​ទិវង្គត​អតីត​ព្រះ​មហា​វីរក្សត្រ។

រីឯ​អ្នក​លក់​ដូរ​គ្រឿង​សក្ការបូជា ដូច​ជា អំបុក ដូង ចេក ទៀន ធូប ផ្កា​ភ្ញី ខ្លះ​បាន​ត្អូញត្អែរ​ថា ការ​លក់​ដូរ​ហាក់​មាន​ភាព​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុនៗ៖ «អូ! អត់​សូវ​ដាច់​ផង​ឆ្នាំ​ហ្នឹង វា​អត់​មាន​មនុស្ស​ច្រើន​ដូច​រាល់​ឆ្នាំ​ទេ រាល់​ឆ្នាំ​មាន​អុំទូក​លក់​ដាច់​ណាស់ ឆ្នាំ​នេះ​ស្ងាត់​ណាស់។ អត់​មាន​អុំទូក ប៉ុន្តែ​គេ​នៅ​ទិញ​តែ​ភាគ​តិច។ ថ្ងៃ​សីល​ក៏​ត្រូវ​ថ្ងៃ​សីល ហើយ​ថ្ងៃ​អក​អំបុក​ក៏​អក​អំបុក។ ដូច​អត់​សូវ​ដាច់​ប៉ុន្មាន​ផង ស្ងាត់​មនុស្ស​ដែរ»

ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក អក​អំបុក លយ​ប្រទីប និង​សំពះ​ព្រះខែ ភាគ​ច្រើន​គេ​ច្រើន​តែ​ធ្វើ​នៅ​រៀង​រាល់​រដូវ​ទឹក​សម្រក ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា ដែល​ជា​ខែ​មាន​ព្រះចន្ទ​រះ​ពេញ​វង់​ល្អ គឺ​ចាប់​ពី​ថ្ងៃ​ទី១៤​កើត ១៥​កើត និង​ថ្ងៃ ១​រោច។

ពិធី​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​តាម​ដង​ទន្លេសាប និង​ខាង​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី ចាស់​ក្មេង មក​ពី​ទី​ជិត​ទី​ឆ្ងាយ​យ៉ាង​កុះករ​ណែនណាន់​តាន់តាប់ ហើយ​ពេល​នោះ​ក៏​មាន​វត្តមាន​ព្រះមហាក្សត្រ ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ក៏​បាន​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ដែរ។

ប្រការ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំទូក លយ​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​នោះ ក៏​ដោយ​សារ​គេ​មាន​ជំនឿ​ទៅ​លើ​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ ដែល​រំឭក​នឹក​ទៅ​ដល់​ថ្ងៃ​ដែល​កងទ័ព​ជើង​ទឹក​ពី​ជំនាន់​បុរាណ បាន​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​បច្ចាមិត្ត ហើយ​ទទួល​បាន​នូវ​ជ័យជម្នះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល