ទឹក​អណ្ដូង​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​អ្នក​រស់​នៅ​ជនបទ

ការ​ជីក​អណ្ដូង​យក​ទឹក​ស្អាត​ប្រើប្រាស់ បាន​រួម​ចំណែក​ជាច្រើន​ក្នុង​ការ​លើក​កម្ពស់​សុខភាព និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ។ ទឹក​ស្អាត​ដែល​បាន​មក​ពី​ការ​ជីក​អណ្ដូង បាន​ជួយ​ទាំង​មនុស្ស និង​សត្វ នៅ​តំបន់​ខ្វះ​ទឹក​ប្រើប្រាស់។
ដោយ កែវ និមល
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អណ្ដូង​ទឹក ៣០៤
អណ្ដូង​ទឹក​ដែល​ផ្ដល់​ដោយ​គម្រោង ECOSORN
Photo/EU-Cambodia

អណ្ដូង​និមួយៗ​មាន​មនុស្ស​ជាច្រើន​គ្រួសារ​ក្នុង​ភូមិ​ប្រើប្រាស់ ដែល​ទាម​ទារ​ឲ្យ​មាន​អ្នក​គ្រប់គ្រង​ថែ​រក្សា ដើម្បី​ធានា​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។ តើ​ការ​ប្រើប្រាស់​ទឹក​អណ្ដូង បាន​រួម​ចំណែក​ជួយ​អ្នក​ស្រុក​អ្វី​ខ្លះ?

ការ​មាន​ទឹក​ស្អាត​បាន​មក​ពី​ការ​ជីក​អណ្ដូង​ប្រើប្រាស់ បាន​ជួយ​អ្នក​ស្រុក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ជីវភាព​រស់នៅ កាត់​បន្ថយ​ជំងឺ​ដង្កាត់​កើត​ឡើង​ដោយ​សារ​ទឹក និង​ជួយ​សម្រាល​កង្វល់​អ្នក​ភូមិ​ក្នុង​ការ​រក​ទឹក​មក​ប្រើប្រាស់។

លោក ផាង ប៉ូលីន នាយក​ប្រតិបត្តិ​អង្គការ​មិន​មែន​រដ្ឋាភិបាល ឈ្មោះ ចេរភាព​កម្ពុជា (សាសស្តែននៃប៊ល ខេមប៊ូឌា = Sustainable Cambodia) ដែល​បាន​ជួយ​ជីក​អណ្ដូង​ឲ្យ​អ្នក​ស្រុក​នៅ​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អ្នក​ស្រុក​មាន​ទឹក​ស្អាត​ប្រើប្រាស់ គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ​គាត់​បាន​មួយ​កម្រិត​ធំ ពីព្រោះ​គាត់​មិន​ចំណាយ​ប្រាក់​លើ​ការ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ដោយ​សារ​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត និង​កាត់​បន្ថយ​ពេល​វេលា​ដែល​ត្រូវ​ចំណាយ​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​រក​ទឹក​ទុក​ប្រើប្រាស់។

លោក ផាង ប៉ូលីន បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​ទឹក​អណ្ដូង​ស្អាត​ប្រើ អ្នក​ស្រុក​មាន​ការ​លំបាក​ច្រើន​យ៉ាង​ណាស់ គិត​តាំង​ពី​ការ​លំបាក​រក​ប្រភព​ទឹក​ស្អាត​ទទួល​ទាន និង​ប្រើប្រាស់ ការ​ដឹក​ជញ្ជូន​ឆ្ងាយ​ការ​បោក​សម្លៀកបំពាក់​លំបាក ការ​ខ្សត់​ទឹក​ស្រោច​ដំណាំ ការ​ខ្វះ​ទឹក​សម្រាប់​ឲ្យ​សត្វ​ផឹក​ជាដើម។

លោក ផាង ប៉ូលីន៖ «កាល​ណា​គាត់​មាន​ទឹក​ប្រើប្រាស់ គឺ​ទាំង​សុខភាព និង​ចំណូល​គាត់​ក៏​ប្រសើរ​ឡើង​ដែរ ពីព្រោះ​ពេល​ខ្លះ​ដំណាំ​កសិកម្ម​គាត់​ធ្វើ​តិច​ជិត​ផ្ទះ​មែន តែ​វា​ជួយ​គាត់ ហើយ​គាត់​ត្រូវ​ទៅ​រក​ទឹក​នៅ​ឆ្ងាយ​លំបាក។ ឥឡូវ​យើង​ឃើញ​ថា គាត់​មាន​ភាព​ធូរ​ស្រាល មាន​ការ​រីក​ចម្រើន។ ហើយ​អា​នេះ​ជា​គោល​ដៅ​របស់​យើង កាល​ណា​គាត់​មាន​សុខភាព​ល្អ គាត់​មាន​ចំណូល។ ដូច្នេះ​គាត់​បញ្ជូន​កូន​គាត់​ឲ្យ​មក​រៀន។ ពី​មុន​គាត់​ឃាត់​កូន​អត់​ឲ្យ​មក​រៀន​ទេ ទុក​ឲ្យ​នៅ​រក​ទឹក​មក​ប្រើប្រាស់ អីចឹង​ក្មេង​វា​ខក​អត់​មាន​មក​រៀន​ទេ»

និយាយ​រៀបរាប់​អំពី​គុណភាព​ទឹក​អណ្ដូង​វិញ លោក ផាង ប៉ូលីន បាន​ឲ្យ​ដឹង​ថា ការ​ជីក​អណ្ដូង​យក​ទឹក​ស្អាត​មក​ប្រើប្រាស់ មិន​មែន​ចេះ​តែ​ជីក​នោះ​ឡើយ គឺ​មាន​ការ​សិក្សា​ច្បាស់​លាស់ និង​មាន​ការ​ពិសោធ​ឲ្យ​ឃើញ​ថា គុណភាព​ទឹក​នោះ​ល្អ មិន​ភ្លាវ មិន​ប្រៃ មិន​ជូរ និង​ជាពិសេស​មិន​មាន​ជាតិ​គីមី​ឈ្មោះ​អាសេនិច ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​ដល់​អ្នក​ប្រើប្រាស់​ទឹក៖ «ខាង​ខ្ញុំ​មាន​ប្រដាប់​វាស់។ ខាង​ខ្ញុំ​មាន​ពិនិត្យ​ជាតិ​អាសេនិច នេះ ហើយ​មាន​ការ​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ពីព្រោះ​ពួក​គេ​មាន​ជំនាញ​ពិនិត្យ គេ​ចូល​រួម​ជាមួយ​យើង​ដែរ»

ការ​ជីក​អណ្ដូង​ដើម្បី​យក​ទឹក​ស្អាត​មក​ឲ្យ​អ្នក​ស្រុក​រស់នៅ​តំបន់​ជនបទ​ប្រើប្រាស់ គឺ​ជា​កង្វល់​ធំ​មួយ​ដែល​ទាម​ទារ​ការ​ចូល​រួម​ដោះស្រាយ​ទាំង​រដ្ឋាភិបាល អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់។

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឈ្មោះ ចេរភាព​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០០៦ មក​ដល់​បច្ចុប្បន្ន អង្គការ​បាន​ជីក​អណ្ដូង​ឲ្យ​អ្នក​ស្រុក​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ចំនួន​ប្រហែល​៧០០​អណ្ដូង។

អណ្ដូង​ជីក​យក​ទឹក​ស្អាត​ប្រើប្រាស់​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​អណ្ដូង​ដែល​ជីក​ប្រើ​នៅ​តាម​ជនបទ​កម្ពុជា មាន ៣​ប្រភេទ​សំខាន់ គឺ​អណ្ដូង​រាក់​គ្មាន​គម្រប អណ្ដូង​ស្នប់ និង​ជម្រៅ។ ការ​ជីក​អណ្ដូង​និមួយៗ​ត្រូវ​ចំណាយ​ប្រាក់​ពី ៣០០ ទៅ​ដល់ ២​ពាន់​ដុល្លារ​អាមេរិក ទៅ​តាម​ប្រភេទ​អណ្ដូង។

ទាក់​ទង​ការ​ជីក​អណ្ដូង​យក​ទឹក​ស្អាត​ប្រើប្រាស់​នេះ​ដែរ តំណាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (ឆាល ហ្វាន់ ខេមប៊ូឌា = Child Fund Cambodia) ដែល​បាន​ជួយ​ជីក​អណ្ដូង​ឲ្យ​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយរៀង និង​ក្រចេះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​អ្នក​ស្រុក​មាន​ទឹក​ស្អាត​ប្រើប្រាស់​បាន​គ្រប់គ្រាន់​នោះ ក្រៅ​ពី​មាន​សុខភាព​ល្អ មិន​មាន​ជំងឺ​នោះ អ្នក​ភូមិ​អាច​កាត់​បន្ថយ​ប្រាក់​ចំណាយ​បាន​ទៀត​ផង៖ «យើង​បាន​ដឹង​ហើយ​ថា ទឹក​វា​មិន​គ្រាន់​តែ​បាន​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទេ តែ​វា​នៅ​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៀត​ផង។ ឧទាហរណ៍ កាល​ណា​ប្រជាពលរដ្ឋ​គាត់​ហូប​ទឹក​មិន​ស្អាត កុមារ​ហូប​ទឹក​មិន​ស្អាត វា​បណ្ដាល​ឲ្យ​ឈឺ។ ដូច្នេះ​គាត់​ត្រូវ​ចំណាយ»

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ប៊ុន ថៃ រស់នៅ​សង្កាត់​ស្វាយអាត់ ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ក្នុង​ភូមិ​លោក​រស់នៅ មាន​ការ​លំបាក​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ ក្រោយ​ពេល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល ជួយ​ជីក​អណ្ដូង​យក​ទឹក​ស្អាត​ប្រើប្រាស់​បាន​មក ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង ពីព្រោះ​វា​បាន​កាត់​បន្ថយ​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គាត់៖ «ប្រយោជន៍​បាន​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​យ៉ាង​ណាស់​បង ព្រោះ​គាត់​ត្រូវ​ការ​ដាំ​ដំណាំ​ផង ហូប​ចុក ហើយ​ទឹក​គោ​ក្របី​ផង ហើយ​ខែ​ប្រាំង យើង​អត់​មាន​ទឹក​ថ្លុក​អី​ទេ អីចឹង​បាន​ទឹក​អណ្ដូង​នេះ​ហើយ​ប្រើប្រាស់»

លោក ប៊ុន ថៃ បាន​និយាយ​ថា ដើម្បី​ធានា​ការ​ប្រើប្រាស់​អណ្ដូង​ទឹក​ស្អាត​ឲ្យ​បាន​យូរ​អង្វែង គេ​ត្រូវ​មាន​ការ​ថែទាំ​អណ្ដូង​នោះ ដោយ​ចាត់​តាំង​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ គ្រប់គ្រង​អណ្ដូង​នោះ៖ «អណ្ដូង​ក្នុង​ពេល​ខ្ញុំ​ទទួល​ពី​អង្គការ ក្នុង​សហគមន៍​ខ្ញុំ​នោះ គឺ​មាន​ការ​ចង​ក្រង​ជា​ក្រុម​ប្រជាពលរដ្ឋ គឺ​ថា​អណ្ដូង​នោះ​មាន​ប៉ុន្មាន​គ្រួសារ។ ឧទាហរណ៍​ថា អណ្ដូង​មួយ​មាន ៥​គ្រួសារ ឬ ១០​គ្រួសារ។ អីចឹង​បង្កើត ១ក្រុម ឲ្យ​ប្រើ​អណ្ដូង​នេះ​មួយ។ អណ្ដូង​នៅ​ផ្ទះ​អ្នក​ណា គឺ​អ្នក​នោះ​ជា​ប្រធាន​ក្រុម ហើយ​មាន​ការ​សន្សំ​លុយ ដើម្បី​ទុក​ជួសជុល​នៅ​ពេល​វា​ខូច»

ការ​ជីក​អណ្ដូង​យក​ទឹក​ស្អាត​ប្រើប្រាស់​នេះ មាន​ការ​សហការ​ពី​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ជាមួយ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​សុំ​យោបល់​ទាក់ទង​ការងារ​ផ្គត់ផ្គង់​អណ្ដូង​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​បាន​ឡើយ។

ប៉ុន្តែ នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១២ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៩ខែ ឆ្នាំ​២០១២ នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ក្រសួង​បាន​ផ្តល់​អណ្ដូង​ថ្មី​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន ១២២​អណ្ដូង និង​ជួស​ជុល​អណ្ដូង​ចាស់​បាន​ចំនួន ៨១៨​អណ្ដូង។ របាយការណ៍​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ៤៧% ដែល​រស់នៅ​ជនបទ​មាន​ទឹក​ស្អាត​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

kheit

ពី Austria

ខាង​ AUSTRIA www.kakihe.at ក៏បានជួយជាច្រើនដែរផ្នែកខាងកំពតនិងកំពុងចាមនិងបណ្តាខេត្តផ្សេងៗទៀត។

Dec 27, 2012 12:20 PM