អ្នក​ឃ្លាំ​មើល​ព្រំដែន៖ លោក ហ៊ុន សែន បកស្រាយ​ពុំ​ត្រឹមត្រូវ​លើ​តំបន់​ព្រំដែន​ទឹក

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន និង​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ស្រាយ​បំភ្លឺ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ស្ដីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ថា​គឺ​ជា​រឿង​ដោះ​សា​រក​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ។
ដោយ ម៉ម មុនីរតន៍
2012-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ព្រំដែន ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​អះអាង​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា។

ក៏​ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែង​ការពារ​ថា កិច្ច​ព្រមព្រៀង​នៃ​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨២ គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​កំណត់​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម ទៅ​វិញ​ទេ។

ការ​ប្រតិកម្ម​តប​របស់​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ស្នាក់​ការ​នៅ​ប្រទេស​បារាំង និង​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ នៅ​ក្រោយ​ពី​មាន​បទ​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​រង​ការ​រិះគន់​ថា ការ​បកស្រាយ​លើ​​បញ្ហា​ព្រំដែន​បែប​នេះ គឺ​ជា​ផ្នែក​មួយ​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​រាល់​កំហុស​ដែល​បាន​កើត​ឡើង​ក្នុង​អាណត្តិ នៃ​ការ​គ្រប់គ្រង​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក ស៊ាន ប៉េងសែ អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ក្នុង​សម័យ​សាធារណរដ្ឋ​លោក​សេនា​ប្រមុខ លន់ នុល ដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក​រក​ឃើញ​ថា ការ​ពិត​ព្រំដែន​ទឹក​ដែល​លោក ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពិសេស កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ​ជា​ប្រការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​បំភ្លៃ​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​តែ​ប៉ុណ្ណោះ។

លោក ស៊ាន ប៉េងសែ អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​កោះ​មួយ​ចំនួន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម នោះ គឺ​ដោយ​សារ​តែ​សន្ធិសញ្ញា​បន្ថែម​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​កាល​ណោះ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ឆ្នាំ​១៩៨២។

ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ក្រុម​អ្នក​រិះគន់​នេះ​ថា គឺ​ជា​អ្នក​មាន​បំណង​វាយ​ប្រហារ និង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជាង​ការ​ផ្ដល់​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក ហ៊ុន សែន បន្ត​ថា ធាតុ​ពិត​តំបន់​ដែន​ទឹក​ដែល​មាន​ប្រជុំ​កោះ​មួយ​ចំនួន ដូច​ជា​កោះ​ត្រល់ ជាដើម ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ខ្សែ​បន្ទាត់​ប្រេវីយេ ត្រូវ​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម នៅ​ក្រោយ​ឆ្នាំ​១៩៤៩ មក​ម្ល៉េះ។

បើ​ទោះ​ជា​បែប​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​មួយ​ចំនួន​បញ្ជាក់​ថា ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​អះអាង​ថា សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨២ រវាង​កម្ពុជា និង​វៀតណាម គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កំណត់​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ នេះ​ទំនង​ជា​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ។

អតីត​ទាហាន​ខ្មែរ​ក្រហម នៃ​កង​នាវា​ចរ​ជើង​ទឹក​​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៃ​កង​ពល​វរ​សេនា​ធំ​លេខ​៦៣ ធ្លាប់​បាន​ទៅ​ឈរ​ជើង​នៅ​តំបន់​កោះ​សេះ គឺ​លោក ឃិន ប៉ុន។ លោក​គិត​ថា អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជាក់​ថា តំបន់​កោះ​មួយ​ចំនួន​ស្ថិត​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ទឹក ឬ​ហៅ​ថា​ខ្សែ​ប្រេវីយេ ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម គឺ​នៅ​មុន​របប​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​បដិវត្ត​កម្ពុជា នោះ​វា​ហាក់​ផ្ទុយ​ពី​អ្វី​ដែល​ក្រុម​ចលនា​តស៊ូ​បដិវត្ត​កម្ពុជា​ប្រជាធិបតេយ្យ​រក​ឃើញ។ លោក​បន្ត​ថា ព្រោះ​ចាប់​ពី​ឆ្នាំ​១៩៧៥ តំបន់​កោះ​មួយ​ចំនួន ដូច​ជា កោះ​តាំង កោះ​ព្រីង កោះ​ប៉ូឡូវៃ​ថ្មី និង​កោះ​ប៉ូឡូវៃ​ចាស់ ជាដើម ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​វិមាន​រដ្ឋសភា​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​បក្ស សម រង្ស៊ី ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន ដោយ​ទម្លាក់​កំហុស​នៃ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​បង់​ព្រំដែន​ទឹក​ក្នុង​អតីត​របស់​មេ​ដឹកនាំ​មុន ចាប់​តាំង​ពី​ឆ្នាំ​១៩៣៩ ដោយ​ដាក់​កោះ​ត្រល់ និង​កោះ​នានា នៅ​ខាង​ត្បូង​ខ្សែ​បន្ទាត់​ប្រេវីយេ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។

ក៏​ប៉ុន្តែ បើ​ទោះ​ជា​បែប​នេះ​ក្ដី អតីត​យោធា​ខ្មែរ​ក្រហម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ឈរ​ជើង​នៅ​តំបន់​កោះ​ត្រល់ គឺ​លោក ឆ វ័ន លោក​បញ្ជាក់​ថា កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៀត​នៅ​ចន្លោះ​ពី​​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា។

មន្ត្រី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស គ្រោង​នឹង​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ម្ដង​ទៀត​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ ការ​អះអាង​បែប​នេះ ដោយ​សំអាង​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន សែន កន្លង​មក នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ក្រុម​បក្ស​ប្រឆាំង​នឹង​មិន​ស្នើ​ឲ្យ​លោក​ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជា​ថ្មី​ទៀត​ឡើយ។ លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ចែកចាយ​បទ​អន្តរាគមន៍​របស់​លោក កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ទាក់​ទិន​បញ្ហា​ព្រំដែន​ឲ្យ​សាធារណជន​ដឹង​ឭ​បន្ត​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ទាំង​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​យន្តការ​ដោះ​ស្រាយ​ព្រំដែន​របស់​លោក ហ៊ុន សែន តាម​បែប​ធ្មេញ​រណា ដោយ​ចាត់​ទុក​ថា​មធ្យោបាយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​ខាត​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។ ក៏​ប៉ុន្តែ លោក ហ៊ុន សែន អះអាង​ថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​នេះ គឺ​ពុំ​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​នោះ​ទេ តែ​ថា​ផ្ទុយ​ទៅ​វិញ​ប្រទេស​វៀតណាម នៅ​ជំពាក់​ដី​កម្ពុជា​ជាង​១​ពាន់​ហិកតារ​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ដូច​ជា ស្វាយរៀង និង​ខេត្ត​កំពង់ចាម ជាដើម បាន​ទាម​ទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ច្បាស់ ដែល​ថា​វៀតណាម នៅ​ជំពាក់​ដី​កម្ពុជា​នោះ ខណៈ​មាន​ភូមិ​មួយ​ចំនួន និង​ទីតាំង​មួយ​ចំនួន ដូច​ជា​ស្រែ និង​ដី​ប្រកប​កសិកម្ម​របស់​ពួក​គាត់​ធ្លាប់​កាន់​កាប់​ពី​មុន​មក បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម ទៅ​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

What is the benefit that Vietnam give to Hunsen?

Sep 21, 2012 03:08 AM

គឿន

ពី ភ្នំពេញ

រដ្ឋាភិបាលធ្វីអ្វីមិនព្រមទទួលស្គាល់ការពិត ដែលការពិតនោះសូម្បីតែ ពាក់ព័​ន្ធនឹងប្រយោជន៍ និង ការខាតបង់របស់ប្រទេសកម្ពុជាយ៉ាងណាក៏ដោយ អោយតែប្រជាប្រិយភាពរបស់ខ្លួនឯងមិនត្រូវបានប៉ះពាល់។
តើការដឹកនាំបែបនេះ ជាការដឹកនាំដើម្បីអ្វី?

Aug 26, 2012 10:39 PM

khmer

ពី Baden-Württemberg

neak niyeay khmer min trov chroung , min dael cheh doeng pi provoatesastr khmer min doeng tha yuon min doeng tha khmer yang na doch hun sen nih kmean thngay yoll khos yoll trov loeuy.

Aug 23, 2012 04:19 PM

កូនខ្មែរ

ពី ភ្នំពេញ

នយោបាយខ្មែរ ៥ទសវត្សចុងក្រោយនេះ មានតែរបប លន់ ណុល និង ប៉ុល ពត ទេ​ ដែលមិនមានការបាត់បង់ទឹកដី ។ ស្តេចក៌ដោយ រាស្រ្តក៌ដោយ ដែលដឹកនាំថែទឹកដីមិនគង់គឺជាជនក្បត់ជាតិ ។

Aug 18, 2012 10:57 AM

កូន ខ្មែរ

ពី សហរដ្ធ

នេះជាការពិត ខ្ញុំយល់ស្រប២០០ភាគរយ។

Aug 19, 2012 04:43 PM

អ្នក​អាន​អនាមិក

តែអ្នកខ្លះថា ផ្ទះក្រហមបាត់បង់នៅសម័យប៉ុលពត។

Aug 22, 2012 11:41 AM

Chek

ពី Siem Reap

People poor complain when they want to find the job with government like as work in Health Center, Hospital, must provide $ to leader, and we saw USAID support to one NGO to implement in Siem Reap province, why this NGO don't support to people far frrom town, they support people close the town , but some IO,NGO are OK they work with people poor far from the town

Aug 18, 2012 09:32 AM

មើល​មតិ​ទាំង​អស់.