មូលហេតុ​​តុលាការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ករណី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ។
ដោយ ខែ សុណង
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចាន់ សុវ៉េត ៣០៥
អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត និយាយ​ក្នុង​ពិធី​ខួប​លើក​ទី​២០​របស់​អង្គការ​លីកាដូ (Licadho) កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាង​២០​បាន​នាំ​គ្នា​រិះគន់​ថា ដីកា​កោះ​ហៅ លោក ចាន់ សុវ៉េត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សន្ទរកថា​ជា​សាធារណៈ​នោះ។

ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក គឺ​ជា​រឿង​នយោបាយ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ ការ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្តល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​តាម​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី​ស៊ី​អេក​អរ (C.C.H.R) លោក អ៊ូ វីរៈ បាន​រិះគន់​ថា ការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត គឺ​ជា​រឿង​នយោបាយ ជា​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ការងារ​សិទ្ធិ​មនុស្ស ដែល​អាច​ឲ្យ​តុលាការ​ដែល​មិន​អាច​បញ្ចេញ​តួនាទី​បាន​ដោយ​ឯករាជ្យ។

លោក អ៊ូ វីរៈ៖ «យើង​សង្ឃឹម​ថា​តុលាការ​នឹង​ធ្វើ​ការ​ឯករាជ្យ។ បើ​សិន​ជា​តុលាការ​ឯករាជ្យ​ប្រហែល​ជា​មិន​បាន​ឈាន​ដល់​ការ​កោះ​ហៅ​ទេ។ ការ​កោះ​ហៅ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​លើ​ការ​អំពាវនាវ​ដោយ​លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​មុន។ ដូច្នេះ​យើង​ដឹង​ថា តុលាការ​ធ្វើ​ការ​អត់​ឯករាជ្យ​ទេ។ អ៊ីចឹង បើ​តុលាការ​ធ្វើ​ការ​ឯករាជ្យ ហើយ​មើល​ទៅ​តាម​តួនាទី តាម​កាតព្វកិច្ច​របស់​ប្រទេស​ខ្មែរ​យើង​ទៅ​លើ​ច្បាប់​អន្តរជាតិ គេ​ធ្វើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ដូច​លោក ចាន់ សុវ៉េត ដូច្នេះ មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​អ៊ីចឹង​ទេ»

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា បាន​សរសេរ​ថា ការ​កោះ​ហៅ​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំ​ឲ្យ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់ ឲ្យ​ចេញ​មក​សារភាព​នូវ​ទង្វើ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ភូមិ​ខេត្ត​ក្រចេះ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ចំពោះ​របាយការណ៍​នេះ។

លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ច្រាន​ចោល​ចំពោះ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ។ លោក​ថា ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ គឺ​ជា​ការ​ដាក់​សំពាធ​ទៅ​លើ​តុលាការ​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ សីហា បាន​ថ្លែង​ចោទ​ដោយ​ប្រយោល​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ៖ «ប្រាំពីរ​នាក់​ដែល​មក​ទទួល​បទ​បញ្ជា​ចេញ​ប្រាំ​មួយ​ហើយ រាប់​ទាំង​អ្នក​មួយ​ទៅ​ដល់​ថៃ​នោះ ហើយ​អ្នក​ដែល​មុន​ចេញ​ទៅ​ថៃ​នោះ មក​នៅ​ដូច​ដែល​ខ្ញុំ​ប៉ាន់ស្មាន​អ៊ីចឹង មក​នៅ​ផ្ទះ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ នៅ​ភ្នំពេញ​អស់​២​យប់ ហើយ​បាន​លុយ​៣០​ម៉ឺន​រៀល​ចេញ​តាម​ឡាវ​ទៅ​ប្រទេស​ថៃ។ ដូច​ហៅ​សួរ​នៅ? អត់​ទាន់​ហៅ​សួរ​ទេ? អត់​ទាន់​ហៅ​សួរ ដឹង​ខ្លួន​ហើយ​អត់​ទាន់​ដឹង​ខ្លួន។ កន្លែង​នេះ​កន្លែង​នោះ​ក្នុង​ហ្នឹង​មាន​ទាំង​អ៊ិន.ជី.អូ (NGO) ខ្លះ សុំ​ចេញ​មក អា​ហ្នឹង​ខ្ញុំ​ជូន​សារ​មួយ​ហើយ។ រក​មេធាវី​ឲ្យ​ខ្លាំង​ដើម្បី​មក​ត​ទល់។ ហើយ​ខ្ញុំ​ក៏​មិន​មែន​តុលាការ​ដែរ ក្នុង​តួ​អង្គ​រដ្ឋ គឺ​ស្ថាប័ន​ជំនាញ​មាន​សិទ្ធិ​ធ្វើ​កិច្ច​ការងារ​ដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ជាតិ»

យ៉ាង​ណា​ក៏​ដោយ លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក បាន​អះអាង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។ លោក​បន្ត​ថា ការងារ​ដែល​លោក​បាន​ធ្វើ​កន្លង​មក ក៏​មិន​ខុស​ពី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ដែរ ដូច​ជា​ការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​វិវាទ​ដីធ្លី និង​ផ្ដល់​ការ​ប្រឹក្សា​យោបល់ និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ។

ការ​កោះ​ហៅ​រូប​លោក​នេះ គឺ​សង្កេត​ឃើញ​ថា តុលាការ​ហាក់​ដូច​ជា​មិន​បាន​អនុវត្ត​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។

សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ជំនួយ​ដល់​ជន​ត្រូវ​ចោទ​ក្នុង​ចលនា​បង្កើត​តំបន់​អបគមន៍ ដើម្បី​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លើ​ទីតាំង​ដី​សម្បទាន​ទំហំ​១.៥០០​ហិកតារ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា កង​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ បាន​ចុះ​បង្ក្រាប និង​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​ក្នុង​តំបន់​សម្បទាន នៅ​ភូមិ​ប្រម៉ា ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ក្រុម​បង្កើត​តំបន់​អបគមន៍។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​អាជ្ញាធរ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់ ឈ្មោះ ហេង ចន្ថា បាន​ស្លាប់​ភ្លាម។ ក្នុង​ហេតុការណ៍​នោះ​ដែរ តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ដែល​គេ​ចាត់​ទុក​ថា​ជា​មេ​ដឹកនាំ​បង្កើត​តំបន់​អបគមន៍។

មន្ត្រី​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ចំពោះ​ទង្វើ​បាញ់​ប្រហារ​នេះ និង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ថ្កោល​ទោស​រដ្ឋាភិបាល ហើយ​ថា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា នោះ​មិន​បាន​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

មន្ត្រី​អង្គការ​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​កាល​នោះ បាន​ចុះ​ទៅ​ឃ្លាំ​មើល និង​ផ្ដល់​ជំនួយ​ផ្លូវ​ច្បាប់​ដល់​ប្រជាពលរដ្ឋ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ប្រជាពលរដ្ឋ​រួច​មក​នោះ។

លោក ចាន់ សុវ៉េត អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ផ្តល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ តាម​បទ​ចោទ​នេះ អាច​នឹង​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥០០​ដុល្លារ​អាមេរិក ទៅ​១.៥០០​ដុល្លារ​អាមេរិក បើ​សិន​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​បាន​ប្រព្រឹត្តិ​ខុស​តាម​បទ​ចោទ​នោះ​មែន។

ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​មេធាវី សុខ សំអឿន បាន​ពន្យល់​ថា ប្រសិន​ជន​ណា​ម្នាក់​ផ្ដល់​ទីលំនៅ ផ្ដល់​ទី​កន្លែង​លាក់​ខ្លួន ផ្ដល់​មធ្យោបាយ​សម្រាប់​ការ​រស់នៅ និង​គ្រប់​មធ្យោបាយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​រត់គេច​ខ្លួន ដល់​ជន​ណា​ដែល​មន្ត្រី​អនុវត្ត​ច្បាប់ និង​តុលាការ​កំពុង​ស្វែងរក រួច​ផុត​ពី​ការ​ស្រាវជ្រាវ​នោះ នឹង​ត្រូវ​ជាប់​បទ​ក្នុង​ចោទ​ផ្ដល់​ជំនួយ​ដល់​ចារី។

ពាក់ព័ន្ធ​នឹង​ការ​បង្គាប់​របស់​តុលាការ​ឲ្យ​លោក ចាន់ សុវ៉េត ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ឃាត់​ខ្លួន​លោក ចាន់ សុវ៉េត។

លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់ ដែល​ហ៊ាន​និយាយ​ការ​ពិត និង​រិះគន់​ចំៗ​នូវ​ចំណុច​ខ្វះខាត​ពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល។

របាយការណ៍​រួម​របស់​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា ឆ្នាំ​២០១២ នេះ គឺ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ ដោយ​ប្រើ​គ្រប់​មធ្យោបាយ។ មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ ការ​កើន​ឡើង​នៃ​ការ​សម្លាប់ ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​តុលាការ និង​ការ​ព្យាយាម​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​មក​លើ​ការងារ​ដែល​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

It is power abuse. It happens commenly when someone stays so long in the power. There should be a fixed term for Prime Minister and Senior Government Officials.

Aug 20, 2012 09:28 PM

អ្នក​អាន​អនាមិក

ប្រទេសជាតិមួយដែលធ្លាប់រុងរឿងតែពោរពេញដោយរឿងអាស្រូវច្រើនរាប់មិនអស់នោះក៏ដោយសារតែអ្នកដឹកនាំគ្របដណ្ដប់ទៅដោយភាពក្មេងខ្ចីខាងនយោបាយ និងការទូត។

Aug 20, 2012 02:24 AM

អ្នក​អាន​អនាមិក

Justic do like for honest Hun Sen gang, if any day Hun sen Die this server will decide to die the same day with Hun sen or not? I very wonder??

Aug 20, 2012 12:34 AM

អ្នក​អាន​អនាមិក

how many leaders in the world like Hun Sen?? Use the toilet words in public like this? Never dare to protect territory and only kill and threaten his own people like this. He is exactly same Khmer Rouge

Aug 19, 2012 06:45 AM

អ្នក​អាន​អនាមិក

So much regret for the Cambodian people to have a country leader like this. It is painful. I WISH CAMBODIA PEOPLE TO HAVE A GOOD LEADER IN THE FUTURE USE THEIR BRAIN TO SETTLE THE PROBLEM PEACEFULLY AND NOT USE THEIR POWERS TO KILL THEIR ONLY PEOPLE LIKE THIS.

Aug 19, 2012 06:34 AM

មើល​មតិ​ទាំង​អស់.