តែទីបំផុត ពួកគាត់បានចាញ់បោកអង្គការនេះក្នុងម្នាក់ៗអស់រាប់រយដុល្លារ ដោយអង្គការនេះមិនបានផ្ដល់ការងារឲ្យពួកគាត់ ដូចពាក្យសន្យាឡើយ។
ស្ត្រីឈ្មោះ អាន ឃុត ជាប្រជាពលរដ្ឋនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អ្នកស្រីបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ កក្កដា ថា លោក ខែម យីម ជាប្រធានអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ បានទទួលយកប្រាក់ពីគាត់ចំនួន ២០០ដុល្លារ ដោយសន្យាថាឲ្យកូនស្រីគាត់បានចូលធ្វើការក្នុងអង្គការនេះ និងទទួលបានបៀវត្សរ៍ចំនួន ២០០ដុល្លារ ក្នុងមួយខែ។
ប៉ុន្តែ រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅហើយ កូនស្រីគាត់ទទួលបានត្រឹមតែលិខិតតែងតាំង១សន្លឹកប៉ុណ្ណោះ។ អង្គការនេះ មិនបានផ្ដល់ការងារអ្វីឲ្យកូនគាត់ធ្វើតាមពាក្យសន្យាឡើយ៖ «គាត់សន្យាថា រកការងារឲ្យកូនខ្ញុំធ្វើ ហើយគាត់ឲ្យខ្ញុំបង់លុយមុន២០០ដុល្លារ។ គាត់ថាខែ១១ ឆ្នាំ២០១១ បានធ្វើ។ ដល់ខែ ខ្ញុំសួរ គាត់សន្យាថា៣ខែទៀត រហូតដល់ឥឡូវ។ ដល់ខ្ញុំទៅសួរលើកក្រោយនេះទៀត គាត់ថាអត់បានការងារហ្នឹងធ្វើទេ។ ខ្ញុំក៏ទារយកលុយវិញ គាត់ថាលុយយកទៅបង់ឲ្យថ្នាក់លើអស់ហើយ»។
កញ្ញា អ៊ិន សុភ័ណ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ អង្គរ ខេមរា ខេត្តពោធិ៍សាត់ កញ្ញាបានឲ្យដឹងថា កញ្ញាក៏ត្រូវអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃបោកប្រាស់អស់ ២០០ដុល្លារដូចកូនអ្នកស្រី អាន ឃុត ដែរ។ កញ្ញាបន្តថា មិនមែនតែរូបនាងម្នាក់នោះទេ មិត្តភ័ក្ដិរបស់នាងជាច្រើននាក់ទៀតក៏បានចាញ់បោកអង្គការនេះអស់ប្រាក់ក្នុងម្នាក់ៗ ២០០ដុល្លារដូចជារូបនាងដែរ៖ «គេអត់មាននិយាយប្រាប់អីទេ រហូតដល់ឥឡូវ គេធ្វើរបៀបពន្យារយើងរហូត។ ហើយក៏ស្ងាត់រហូតដល់ឥឡូវតែម្ដងទៅ»។
យ៉ាងនេះក្ដី ប្រធានគណៈកម្មាធិការនាយកអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ គឺលោក ខែម យីម មានប្រសាសន៍ថា ការរៀបចំរចនាសម្ព័ន្ធនៅខេត្តពោធិ៍សាត់ មិនទាន់បានសម្រេច ហេតុនេះ ឈ្មោះបុគ្គលិកដែលលោករើសនោះក៏មិនទាន់មានការងារអ្វីធ្វើដែរ។ លោក ខែម យីម សុំឲ្យអ្នកទាំងនោះបន្តអត់ធ្មត់រង់ចាំរហូតដល់ថ្ងៃដែលលោកទៅរៀបចំរចនាសម្ព័ន្ធអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ នៅខេត្តពោធិ៍សាត់ សិន។
យ៉ាងណាក៏ដោយ លោក ខែម យីម មិនបានកំណត់ពេលវេលាពិតប្រាកដថាលោកនឹងទៅរៀបចំរចនាសម្ព័ន្ធអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ នៅខេត្តពោធិ៍សាត់ ពេលណានោះឡើយ៖ «ឈប់សិន ចាំពេលមានបៀវត្សរ៍ធ្លាក់មក ចាំខ្ញុំទៅរៀបសារឡើងវិញ។ខ្ញុំបានរៀបរួចហើយ ចំនួន ៦ខេត្តហើយ ទាំងស្នាក់ការកណ្ដាល គឺបាន៧ខេត្តហើយ រួមមានខេត្តតាកែវ ព្រះសីហនុ កំពង់ស្ពឺ កំពត កំពង់ចាម ក្រចេះ និងមណ្ឌលគិរី ចំណែកខេត្តពោធិ៍សាត់ នៅទេ»។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា អង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ មានទីស្នាក់ការកណ្ដាលនៅភូមិវាលវង់ សង្កាត់អូរឬស្សី២ ក្រុងក្រចេះ ខេត្តក្រចេះ និងមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១១។
លិខិតក៏បានបញ្ជាក់ពីភារកិច្ចរបស់អង្គការថា មានភារកិច្ចទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជីវចម្រុះធម្មជាតិ ការរុករានទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការចរាចរណ៍ដឹកជញ្ជូន ឬការធ្វើអាជីវកម្មផល អនុផលព្រៃឈើ សត្វព្រៃ គ្រប់ប្រភេទដោយខុសច្បាប់ ព្រមទាំងការធ្វើឲ្យប៉ះពាល់ដល់ព្រៃលិចទឹក ដែលជាដែនជម្រកត្រីពង ដោយសហការជាមួយស្ថាប័នជំនាញទាំងអស់។
ទាក់ទិនចំពោះបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត ត្រូវតែពិនិត្យចំពោះសកម្មភាពរបស់អង្គការមួយនេះ។ ជាពិសេស គឺទប់ស្កាត់កុំឲ្យអង្គការនេះបន្តធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ក្នុងខេត្តពោធិ៍សាត់ បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។