កាលពីខែធ្នូ ឆ្នាំ២០០៩ មជ្ឈមណ្ឌលនេះបានទទួលអនុវត្តគម្រោងធំមួយ ដែលផ្ដល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប។ ក្នុងចំណោមសកម្មភាពសំខាន់ៗដែលត្រូវអនុវត្តនៅក្នុងគម្រោងនេះ មានសកម្មភាពនៃការរៀបចំតាក់តែងរបាយការណ៍មួយ ដែលផ្ដោតទៅលើឋានៈរបស់ស្ត្រីនៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា។
ក្នុងបំណងចង់ឲ្យស្ត្រីកាន់តែមានចំនួនច្រើនឡើង បានចូលរួមក្នុងសកម្មភាពនយោបាយមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តន៍ច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបើកវេទិកាមួយ ដែលមានឈ្មោះថា "ការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងដំណើរការបោះឆ្នោត" នៅឯខេត្តកំពង់ឆ្នាំង។
មន្ត្រីកាន់គម្រោង កញ្ញា សូ លីដា បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ កញ្ញា ថា កន្លងទៅ គេសង្កេតឃើញថា ស្ត្រីតែងត្រូវបានឡោមព័ទ្ធឲ្យធ្វើការងារឯកជន និងទទួលខុសត្រូវលើការងារដែលពាក់ព័ន្ធនឹងការផលិតឡើងវិញ ការងារមើលថែក្មេង និងការងារផ្ទះដែលត្រូវបានគេចាត់ទុកថា ជាការងារក្នុងលំដាប់ទាប។ ផ្ទុយទៅវិញ ភាគច្រើន បុរសធ្វើការងារក្នុងវិស័យសាធារណៈ ដែលមានសកម្មភាពខុសប្លែកពីសកម្មភាពរបស់ស្ត្រី និងត្រូវបានគេគោរពជាងស្ត្រី។ ស្ថានភាពនេះ បង្ហាញថា សព្វថ្ងៃយើងនៅតែចាត់ទុកថា នយោបាយ និងការងារសាធារណៈជាការងារសម្រាប់បុរស។
ស្ត្រីដែលគ្មានជំនួយពីគ្រួសារ ឬពីផ្នែកហិរញ្ញវត្ថុ ហើយចង់ចូលទៅក្នុងវិស័យនយោបាយ បានជួបបញ្ហាលំបាកជាច្រើន។ នេះហើយជាមូលហេតុដែលមានវេទិកានេះកើតឡើង៖ «ខាងសាលាច្បាប់ជាអ្នកទទួលបានគម្រោង និងជាអ្នកអនុវត្តន៍ផ្នែកមួយ នៃគម្រោងនេះ គឺគេឲ្យសរសេររបាយការណ៍ចំនួន៤ ដែលមួយក្នុងចំណោមរបាយការណ៍ទាំង៤ នេះ គឺការបោះឆ្នោត និងការលើកទឹកចិត្តស្ត្រី ឲ្យចូលរួមក្នុងការបោះឆ្នោត។ វេទិកានេះ ធ្វើបន្ថែមម្ដងទៀតនៅភ្នំពេញ ដើម្បីបំពេញឲ្យរបាយការណ៍មួយនេះ»។
មន្ត្រីកាន់គម្រោង កញ្ញា សូ លីដា បានឲ្យដឹងថា វេទិកានេះផ្ដល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប ក្នុងបំណងនេះ មិនមែនគ្រាន់តែចង់ឲ្យស្ត្រីមានឋានៈត្រឹមតែជាអ្នកបោះឆ្នោតប៉ុណ្ណោះទេ តែគឺចង់ឲ្យស្ត្រីមានឋានៈជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតទៀតផង។
និស្សិតឆ្នាំទី២ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃវិទ្យាស្ថានប្រាយហូព (Bright Hope) ខេត្តកំពង់ឆ្នាំង កញ្ញា ប្រាក់ មុនីរស្មី ដែលបានចូលរួមក្នុងវេទិកានេះ សម្ដែងពីទឹកចិត្តរីករាយ បន្ទាប់ពីទទួលបាននូវចំណេះដឹងថ្មីពីវេទិកានេះ៖ «វេទិកានេះ បានផ្ដល់សិទ្ធិឲ្យស្ត្រី និងលើកកម្ពស់ស្ត្រីក្នុងការចូលរួមក្នុងការបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ សម្រាប់ខ្ញុំៗមានការរំភើបមែនទែន ដែលបានចូលរួមក្នុងវេទិកានេះ»។
ប្រហាក់ប្រហែលគ្នានេះដែរ កញ្ញា ម៉ាង ម៉ូនីកា គ្រូបង្រៀននៅមហាវិទ្យាល័យច្បាប់ និងជាគ្រូឧទ្ទេសនាម មានប្រសាសន៍ថា គោលដៅរបស់វេទិកា គឺចង់ឲ្យស្ត្រីខ្មែរកាន់តែច្រើនឡើង ក្លាយជាអ្នកដឹកនាំសង្គម៖ «ក្នុងសិក្ខាសាលានេះ យើងមានគោលបំណងលើកទឹកចិត្តស្ត្រីឲ្យចូលរួមទាំងក្នុងការបោះឆ្នោត ទាំងលើកទឹកចិត្តឲ្យគាត់ឈរឈ្មោះឲ្យគេបោះឆ្នោត។ ហើយនៅពេលដែលគាត់បានជាប់ឆ្នោត គឺគាត់ត្រូវបន្តគាំទ្រស្ត្រីគ្នាគាត់បន្តគ្នាទៀត»។
ថ្លែងក្នុងឱកាសបើកវេទិកា លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ស្ត្រីមិនត្រឹមតែជាអ្នកបោះឆ្នោតប៉ុណ្ណោះទេ តែស្ត្រីក៏មានឋានៈជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ។
ដូច្នេះ ស្ត្រីគប្បីមានភាពក្លាហានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យខ្លួនមានសមត្ថភាពអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យកាន់តែច្រើនឡើងថែមទៀត។ លោកថា ការចូលរួមរបស់ស្ត្រីក្នុងឆាកនយោបាយ និងមុខងារសាធារណៈ គឺជាសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។