អត្រាទាបរបស់ស្ត្រីដឹកនាំនៅទ្វីបអាស៊ី នឹងអាចប៉ះពាល់យ៉ាងខ្លាំងដល់ការរីកចំរើននាពេលអនាគតក្នុងប្រទេសទាំងនោះ។ ការអះអាងនេះ បានធ្វើឡើងក្នុងរបាយការណ៍ស្រាវជ្រាវមួយរបស់អង្គការអន្តរជាតិឈ្មោះ សង្គមអាស៊ី (The Asian Society) ដែលមានស្នាក់ការធំនៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មេសា ឆ្នាំ២០១២។
លោកសាស្ត្រាចារ្យ អាស្ត្រីដ ទូម៊ីណេ (Astrid S. Tuminez) នៃសាលា លីគាន់យូ (Lee Kuan Yew) ផ្នែកនយោបាយសាធារណៈ នៅប្រទេសសិង្ហបុរី ដែលជាអ្នកចាត់ចែងប្រមូលឯកសារនៃការស្ទាបស្ទង់មតិពីស្ថានភាពស្ត្រីផ្នែកសុខភាពអប់រំ សេដ្ឋកិច្ច និងភាពដឹកនាំផ្នែកនយោបាយនៅប្រទេសជាច្រើនក្នុងទ្វីបអាស៊ី បានរកឃើញថា ស្ត្រីប្រមាណជា ២ពាន់លាននាក់បានទទួលប្រាក់ខែទាបជាងបុរស ទោះបីមានតួនាទីបំពេញការងារដូចជាបុរសក៏ដោយ។
លោកថា ការបន្តអនុវត្តក្នុងទិសដៅដូចគ្នានេះទៅថ្ងៃអនាគត នឹងនាំឲ្យមានហានិភ័យ ឬគ្រោះថ្នាក់ដល់ការសម្រេចជោគជ័យលើវិស័យផ្សេងៗទៀតជាច្រើននៅក្នុងប្រទេសទាំងនោះ ទន្ទឹមដែលស្ថានភាពស្ត្រីមានការផ្លាស់ប្តូរ និងមានភាពខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតនេះ។ គម្លាតខុសគ្នារវាងតួនាទី និងប្រាក់ខែរបស់បុរស និងស្ត្រីនៅប្រទេសទាំងនោះ រួមមាន កម្ពុជា ប៉ាគីស្ថាន នេប៉ាល់ ឥណ្ឌា និងកូរ៉េខាងត្បូង។
របាយការណ៍ដដែលនោះបន្តថា អត្រាទាបរបស់ស្ត្រីដែលមានការងារធ្វើបណ្តាលឲ្យប្រទេសក្នុងតំបន់ត្រូវការចំណាយប្រាក់ប្រមាណជា ៨៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារបាត់បង់ធនធានមនុស្ស និងការបាត់បង់ផលិតផលនានា។ ទោះបីជាប្រទេសខ្លះ មាន ជប៉ុន កូរ៉េខាងត្បូងក្តី ដែលមានសេដ្ឋកិច្ចលូតលាស់ និងមានអត្រាខ្ពស់នៃធនធានមនុស្សក៏ដោយ ក៏ចំនួនស្ត្រីដឹកនាំ និងចាត់ចែងការងារនៅមានកម្រិតទាបដដែល។
របាយការណ៍បន្តថា ភាពរើសអើងរវាងកូនប្រុស និងកូនស្រីនៅក្នុងប្រទេសចិន និងឥណ្ឌា គឺចាប់ផ្តើមនៅមុនកំណើតរបស់កូនម្ល៉េះ ដោយខ្លះធ្វើការពន្លូត ក្រោយដែលបានដឹងថា ជាកូនស្រី។ ភាពរើសអើងនេះ នាំឲ្យមានភាពទន់ខ្សោយផ្នែកសេវាសុខភាព ការផ្តល់ចំណីអាហារ និងការរៀនសូត្ររបស់កូនស្រីទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ ប្រទេសថៃ និងហ្វីលីពីន មានចំនួនស្ត្រីដឹកនាំច្រើន ក្នុងនោះស្ត្រីមានតួនាទីខ្ពស់ចំនួន ៣៩% បើប្រៀបធៀបទៅប្រទេសឥណ្ឌា មានចំនួន ១៤% និងចិន មាន ២៥%។
ក្នុងរបាយការណ៍ស្ទាបស្ទង់មតិនេះ ក៏បានបង្ហាញពីវិធានការច្បាស់លាស់មួយចំនួន ដើម្បីលើកស្ទួយស្ត្រី ក្នុងនោះគឺបង្កើននូវការផ្តល់ជាដំបូន្មាន អនុញ្ញាតឲ្យមានការឈប់សំរាកបានយូរក្រោយសំរាលកូនរួច ផ្តល់សេវាមើលកូន និងមនុស្សចាស់ និងផ្តល់ប្រាក់ចូលនិវត្តន៍ឲ្យបានស្មើគ្នារវាងបុរស និងស្ត្រី។
នៅទន្ទឹមនេះ របាយការណ៍ក៏បានអំពាវនាវសុំឲ្យបណ្តាប្រទេសនៅទ្វីបអាស៊ី ត្រូវជំរុញឲ្យក្មេងស្រី ឬស្រ្តី ទទួលបានការរៀនសូត្រដូចជាក្មេងប្រុស និងបុរស កាត់បន្ថយការជ្រើសរើសកូនប្រុសជាងកូនស្រី បង្កើនការយកចិត្តទុកដាក់បន្ថែមដើម្បីឲ្យស្ត្រីមានជាកម្មសិទ្ធិដីធ្លី ផ្តល់កិច្ចគាំពារ និងធានាឲ្យស្ត្រីអាចចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយដៃគូបុរស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។