កម្មករ​រោងចក្រ​វិនស៊ីងធិច ជិត១​ពាន់​នាក់ ធ្វើ​កូដកម្ម

កម្មករ-កម្មការិនី​រោងចក្រ​ដេរ​សំលៀក​បំពាក់​ជិត ១​ពាន់​នាក់ មាន​ទីតាំង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ដើម្បី​ទាមទារ​លក្ខខណ្ឌ ១៥​ចំណុច។
ដោយ ដែន អយុធ្យា
2012-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ម៉ែន វណ្ណា ជា​តំណាង​សហភាព​ការងារ​កម្ពុជា ប្រចាំ​រោងចក្រ វិន​ស៊ីង​ធិច (WIN SHING TEX)។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា ថា កម្មករ​រោង​ចក្រ​នេះ បាន​ធ្វើ​កូដកម្ម​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដក​បុគ្គលិក​រដ្ឋបាល​រោង​ចក្រ​ចំនួន ៣​នាក់ ដែល​ពួក​គេ​ចោទ​ថា បាន​ប្រើ​ពាក្យ​សម្ដី​មិន​សម​រម្យ​មក​លើ​កម្មករ។

លោក​បន្ត​ថា លក្ខខណ្ឌ​ចំនួន ១៥​ចំណុច ដែល​កម្មករ​ទាមទារ មាន​ដូច​ជា ស្នើ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ ដំឡើង​ប្រាក់​រង្វាន់ មិន​ត្រូវ​កាត់​ប្រាក់​ឈ្នួល​កម្មករ និង​ត្រូវ​ថែម​ប្រាក់​ជូន​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ជា​ដើម។

បន្ថែម​លើ​នេះ ក្រុម​កម្មករ និង​កម្មការិនី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​ថៅកែ​រោង​ចក្រ​មិន​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​សម​ស្រប​ទេ ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ទៀត។ ក្រុម​កម្មករ​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង ១៥​ចំណុច ដែល​ពួក​គេ​ទាមទារ គឺ​តម្រូវ​ឲ្យ​ថៅកែ​រោង​ចក្រ​ដក​ប្រធាន និង​មន្ត្រី​រដ្ឋបាល​ចំនួន ៣​នាក់ ចេញ​ពី​ការ​ងារ ទើប​ពួក​គេ​ព្រម​ចូល​ធ្វើ​ការ​វិញ។

លោក ឈិន សៅ ប្រធាន​រដ្ឋបាល​រោង​ចក្រ​វិន​ស៊ីង​ធិច បាន​ថ្លែង​ថា លក្ខ​ខណ្ឌ​ចំនួន ១៥​ចំណុច ដែល​កម្មករ​ទាម​ទារ គឺ​ខាង​មន្ត្រី​ក្រសួង​ការងារ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចុះ​សម្របសម្រួល​រួច និង​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១២ ប៉ុន្តែ​កម្មករ​មិន​បាន​គោរព​តាម​ទេ។

លោក​ចោទ​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​បណ្ដាល​មក​ពី​ការ​ញុះញង់​របស់​មេ​ដឹក​នាំ​សហជីព​ក្នុង​រោង​ចក្រ ទាក់​ទង​នឹង​ទំនាស់​ផល​ប្រយោជន៍។

យ៉ាង​ណា​ក៏​ដោយ លោក សាន ស៊ីផា ជា​មន្ត្រី​ផ្នែក​ច្បាប់​របស់​សហភាព​ការ​ងារ​កម្ពុជា បាន​ស្នើ​ទៅ​ថៅកែ​ក្រុមហ៊ុន និង​មន្ត្រី​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ ត្រូវ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​កម្មករ​ឲ្យ​បាន​សម​ស្រប ដើម្បី​បញ្ចប់​ជម្លោះ​ឲ្យ​បាន​ឆាប់។

ទាក់​ទង​បញ្ហា​នេះ លោក វ៉ា យុវវឌ្ឍនា ជា​ប្រធាន​ការិយាល័យ​វិវាទ​ការងារ​នៃ​ក្រសួង​ការ​ងារ បាន​ឲ្យ​ដឹង​ថា វិវាទ​រវាង​ក្រុម​កម្មករ និង​ថៅកែ​រោង​ចក្រ​វិន​ស៊ីង​ធិច មន្ត្រី​ជំនាញ​កំពុង​ចុះ​សម្របសម្រួល ប៉ុន្តែ​ក្រុម​កម្មករ​មិន​ទាន់​ទទួល​យក​ដំណោះ​ស្រាយ​នោះ​ទេ។ លោក​ថា វិវាទ​នេះ លោក​បាន​បញ្ជូន​ទៅ​មន្ត្រី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​រក​ដំណោះ​ស្រាយ​បន្ត។

អ្នក​ស្រី បូ ចន្ទ​វាសនា ជា​មន្ត្រី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ទទួល​បន្ទុក​ដោះ​ស្រាយ​វិវាទ​ការងារ។ អ្នក​ស្រី បាន​ឲ្យ​ដឹង​ថា វិវាទ​នៅ​រោង​ចក្រ​វិន​ស៊ីង​ធិច មន្ត្រី​ជំនាញ​គ្រោង​នឹង​កោះ​ហៅ​ភាគី​ទំនាស់​ទាំង​ពីរ មក​សម្របសម្រួល ដើម្បី​បញ្ចប់​ជម្លោះ។ អ្នក​ស្រី​បាន​អំពាវនាវ​ឲ្យ​ក្រុម​កម្មករ​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជួយ​រក​ដំណោះ​ស្រាយ។

ទោះ​យ៉ាង​ណា ក្រុម​កម្មករ​បាន​ព្រមាន​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ទៀត ប្រសិន​ថៅកែ​រោង​ចក្រ​វិន​ស៊ីង​ធិច និង​មន្ត្រី​ពី​ក្រសួង​ការងារ មិន​ជួយ​ដោះ​ស្រាយ​ជូន​ពួក​គេ​ឲ្យ​បាន​សមរម្យ​ទេ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមលោកឈិន សៅកុំចេះតែចង្អុលទំលាក់កំហុសទៅលើ
នាក់នេះនាក់នោះឱ្យសោះ ព្រោះពេលលោកចង្អុលទៅគេ
មានតែម្រាមមួយទេតែបីទៀតបាញ់មកលើខ្លួនឯងវិញ។
ដំណោះស្រាយដោយសន្តិវិធីច្បាស់ជាមានសូមកុំប្រើ
ហឹង្សាឱ្យសោះ។

Mar 19, 2012 04:41 PM

អ្នក​អាន​អនាមិក

Has criminal Chhouk Bandith been put in jail yet? Prime minister Hun Sen should be resposible for the crime as it was committed by his party member. Hun Sen hopes Khmers will forget this crime as days pass by. This is how the criminals in Cambodia escape justice. The government is nothing but a bunch of misfits what are serlfish and corrupt.

Mar 19, 2012 02:22 PM