ពលករ​ខ្មែរ​ម្នាក់​រត់​គេច​ចេញ​ពី​មណ្ឌល​ហ្វឹកហ្វឺន​ការងារ​នៅ​ភ្នំពេញ

មាន​សេចក្ដី​រាយការណ៍​ថ្មី​ទៀត​ហើយ អំពី​កម្មករ​ខ្មែរ​រត់​គេច​ខ្លួន​ចេញ​ពី ​មជ្ឈមណ្ឌល​របស់​ក្រុមហ៊ុន​នាំ​កម្មករ​ទៅ​ធ្វើការ​នៅ​បរទេស។

0:00 / 0:00

កម្មការិនី​ម្នាក់​បាន​ធ្លាក់​ពី​លើ​ផ្ទះ​ថ្ម​ជាន់​ទី​២ ​ក្នុង​ពេល​កំពុង​ព្យាយាម​រត់គេច​ខ្លួន​ពី​ផ្ទះ​ក្រុមហ៊ុន​មួយ​កន្លែង នៅ​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​៥ កញ្ញា នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ក្រុង​ភ្នំពេញ។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នោះ​គឺ​ក្រុមហ៊ុន វី.ស៊ី.មេន​ផៅ​វើ (V.C Main Power) នាំ​កម្មករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ប្រភព​ដែល​ដឹង​ហេតុការណ៍​នេះ​គឺ លោក ​សួន សុផលមុន្នី រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នោះ រៀបរាប់​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ពេល​ទាប​ភ្លឺ​នេះ ៖ «ក្រុម​ហ៊ុន វី.ស៊ី.មេន​ផៅ​វើ (V.C Main Power) នាំ​កម្មករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី Malaysia។ កន្លង​ទៅ​និង​ថ្មីៗ​នេះ ​មនុស្ស​ដែល​យក​មក​ឲ្យ​ធ្វើការ​នឹង ​ធ្វើ​បាប​មនុស្ស​ពេក។ បិទ​សិទ្ធ​សេរីភាព វា​ចាក់​សោ​មិន​ឲ្យ​ចេញ​ក្រៅ។ ​ដល់​ពេល​វា​អប​នឹង​ទុយយោ ដល់​ពេល​ឱប​អត់​ជាប់​ទុយយោ ​ធ្លាក់​មក​ក្រោម រួច​ស្រែក​ថា អូយ​ជួយ​ផង! រួច​ក៏​សន្លប់​បាត់​ទៅ។ ពេល​នោះ​បង​ប្រុស​ម្នាក់​នៅផ្ទះ​ជិត​នឹង ​ក៏​ស្រែក​ប្រាប់​សន្តិសុខ​យាម​នៅ​ទី​នឹង​ថា ម៉េច​ក៏​មិន​យក​ទៅ​ពេទ្យ ងាប់​ឥឡូវ​ហើយ​! ​វា​ក៏​ដឹក​មនុស្ស​នឹង​យក​ទៅ​ពេទ្យ ប៉ុន្តែ​មក​ដល់​ឥឡូវ​នេះ​មិន​ដឹង​ថា នាង​នឹង​ស្លាប់​ឬ​រស់​ទេ។ ប៉ុន្តែ ពេល​ធ្លាក់​នឹង​មាន​ឈាម​ហើយ​បែក​ក្បាល»

អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​ករណី​នេះ តែ​ម្ចាស់​ក្រុមហ៊ុន​មិន​នៅ ហើយ​គេ​មិន​ទាន់​ដឹង​អត្ត​សញ្ញាណ​ជន​រងគ្រោះ​នៅ​ឡើយ​ទេ ហើយ​ព័ត៌មាន​ពី​មន្ទីរ​ជន​រងគ្រោះ បញ្ជូន​ទៅ​ព្យាបាល​នោះ​ក៏​មិន​ទាន់​ដឹង​ដែរ។ ប៉ូលិស​កំពុង​បន្ត​ស៊ើប​អង្កេត។

លោក ឃួន ស្រេង អភិបាលខណ្ឌ សែន សុខ បញ្ជាក់​ថា ក្រុមហ៊ុន វី.ស៊ី.មេន​ផៅ​វើ ជា​ក្រុមហ៊ុន​ស្របច្បាប់ ហើយ​មាន​កន្លែង​ឲ្យ​កម្មករ​ស្នាក់​នៅ​ត្រឹមត្រូវ ក៏ប៉ុន្តែ លោក​ឆ្ងល់​ថា កន្លង​មក​ចេះ​តែ​មាន​កម្មករ​ជា​ច្រើន​ព្យាយាម​រត់​គេច​ចេញ​ពី​ផ្ទះ​ក្រុមហ៊ុន ដោយ​លោត​ចេញ​ពី​ជាន់​លើ​មក​ដី​យ៉ាង​គ្រោះ​ថ្នាក់​បំផុត។ លោក​ថា លោក​នឹង​ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ ៖ «ខ្ញុំ​នឹង​អញ្ជើញ​ក្រុមហ៊ុន​នេះ​មក​ធ្វើ​កំណត់​ហេតុ​មួយ​ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​អភិបាល​រាជ​ធានី​ភ្នំពេញ។ ជុំវិញ​បញ្ហា​កន្លង​មក​នេះ ​ក្រុមហ៊ុន​នេះ​តែងតែ​មាន​បញ្ហា​ច្រើន​ណាស់ ​កន្លង​មក​នេះ ការ​លោត​ការ​អី​នឹង​វា​មាន​ជា​រឿយៗ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន វី.ស៊ី.មេន​ផៅ​វើ បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ​កញ្ញា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម។

ក្នុង​រយៈ​ពេល​កន្លង​មក មាន​សេចក្ដី​រាយការណ៍​អំពី​រឿង​អាស្រូវ​ជា​ច្រើន​ពី​អង្គការ​សិទ្ធិ​មនុស្ស​ដូច​ករណី​នេះ​ដែរ ស្ដីពី​កម្មករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ត្រូវ​គេ​បោក​ប្រាស់​និង​រំលោភ​សិទ្ធិ​សេរីភាព ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ហើយ​ថ្មីៗនេះ មាន​កម្មការិនី​ម្នាក់ ត្រូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​គេ​លួច​ផ្លោះ​របង​រត់​ចេញ​ពី​ក្រុមហ៊ុន​មួយ ដែល​គេ​ឃុំ​ឃាំង មិន​ឲ្យ​ហូប​ចុក​គ្រប់​គ្រាន់ នៅ​មុន​ពេល​គេ​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ៕