លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានឲ្យដឹងថា ពិធីជួបជុំកម្មកររោងចក្រ តៃណាន អតីតរោងចក្រ តៃយៀន នាទីលានសេរីភាព តំណាងកម្មករនឹងលើកយកលក្ខខណ្ឌទាំង ៥ចំណុចទាមទារឲ្យថៅកែក្រុមហ៊ុនអនុវត្តតាមច្បាប់ការងារកម្ពុជា។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ ក៏បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ថា បន្ទាប់ពីពិធីជួបជុំតំណាងកម្មកររោងចក្រ តៃណាន នឹងនាំយកញត្តិដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីស្នើជួយអន្តរាគមន៍ទៅថៅកែក្រុមហ៊ុនឲ្យដោះស្រាយវិវាទឲ្យបានឆាប់។
កម្មកររោងចក្រ តៃណាន បានធ្វើកូដកម្មមិនចូលធ្វើការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ ប៉ុន្តែរហូតមកដល់ថ្ងៃទី១០ ខែកក្កដា ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមិនទាន់ជួយរកដំណោះស្រាយនោះទេ។
ជម្លោះនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្លាប់បានកោះប្រជុំភាគីពាក់ព័ន្ធរួចហើយ ប៉ុន្តែមិនមានលទ្ធផលទេ។
តំណាងកម្មកររោងចក្រ តៃណាន កញ្ញា ឃុន ម៉ាឡា បានឲ្យដឹងថា ក្រុមកម្មករបានអស់ជំនឿទៅលើការដោះស្រាយរបស់ថ្នាក់ដឹកនាំក្រសួងការងារ ប៉ុន្តែមានរំពឹងចំពោះវិធានការដោះស្រាយរបស់លោកនាយករដ្ឋមន្ត្រីជួយដល់ពួកគេ។
តំណាងកម្មករបានឲ្យដឹងថា ពួកគេបានត្រៀមញត្តិដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយផ្តល់យុត្តិធម៌តាមច្បាប់ស្តីពីការងារ គឺស្នើឲ្យភាគីក្រុមហ៊ុន ឬថៅកែរោងចក្រគិតតាមច្បាប់ស្តីពីការងារដល់កម្មករចំនួន៥ចំណុច ឬស្នើ១៧០ដុល្លារម្នាក់ ក្នុងមួយឆ្នាំ និងស្នើឲ្យនិយោជក ឬថៅកែក្រុមហ៊ុនផ្តល់ប្រាក់អត្ថប្រយោជន៍យ៉ាងតិចចំនួន ១៣៥ដុល្លារម្នាក់ ក្នុងមួយឆ្នាំ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន តៃណាន អតីតរោងចក្រ តៃយៀន ដើម្បីបំភ្លឺជុំវិញការទាមទាររបស់ក្រុមកម្មករបានទេ នៅរសៀលថ្ងៃទី១០ ខែកក្កដា។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ កម្មករកម្មការិនីរោងចក្រ តៃណាន អតីតរោងចក្រ តៃយៀន ទី១ ទី២ និងខេមវែល មានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានឈរបិទផ្លូវជាតិលេខ៤ ជិត ៦ម៉ោង ដើម្បីស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌។
បន្តមកទៀត នៅថ្ងៃទី៥ ខែកក្កដា ក្រុមកម្មកររាប់ពាន់នាក់ ក៏បានដើរហែក្បួនតាមផ្លូវជាតិលេខ៤ មកទីក្រុងភ្នំពេញ ដើម្បីស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការបន្ត ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង។
ក្រុមកម្មករបានស្នើឲ្យប្រមុខដឹកនាំ ជួយជំរុញទៅថៅកែរោងចក្រ តៃណាន ត្រូវផ្តល់ដំណោះស្រាយជូនកម្មករឲ្យបានឆាប់ ព្រោះវិវាទនេះស្ថាប័នពាក់ព័ន្ធមានក្រសួងការងារជាដើម មិនជួយដោះស្រាយជូនកម្មករនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។