លោក រ៉ុង ឈុន នឹង​ប្រមូល​ផ្តុំ​កម្មករ​រោងចក្រ​តៃយៀន នៅ​ទីលាន​សេរីភាព

មេ​ដឹកនាំ​សហភាព​សហជីព​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​រោងចក្រ តៃណាន (Tai Nang) ឬ​តៃយៀន រាប់​ពាន់​នាក់​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា នា​ទីលាន​សេរីភាព នា​ទីក្រុង​ភ្នំពេញ ដើម្បី​លើក​យក​កង្វល់ ៥​ចំណុច ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពិធី​ជួប​ជុំ​កម្មករ​រោងចក្រ តៃណាន អតីត​រោងចក្រ តៃយៀន នា​ទីលាន​សេរីភាព តំណាង​កម្មករ​នឹង​លើក​យក​លក្ខខណ្ឌ​ទាំង ៥​ចំណុច​ទាម​ទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​ការងារ​កម្ពុជា។

លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ ក៏​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ថា បន្ទាប់​ពី​ពិធី​ជួបជុំ​តំណាង​កម្មករ​រោងចក្រ តៃណាន នឹង​នាំ​យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​ក្រុមហ៊ុន​ឲ្យ​ដោះស្រាយ​វិវាទ​ឲ្យ​បាន​ឆាប់។

កម្មករ​រោងចក្រ តៃណាន បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ទាន់​ជួយ​រក​ដំណោះស្រាយ​នោះ​ទេ។

ជម្លោះ​នេះ លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ធ្លាប់​បាន​កោះ​ប្រជុំ​ភាគី​ពាក់ព័ន្ធ​រួច​ហើយ ប៉ុន្តែ​មិន​មាន​លទ្ធផល​ទេ។

តំណាង​កម្មករ​រោងចក្រ តៃណាន កញ្ញា ឃុន ម៉ាឡា បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​បាន​អស់​ជំនឿ​ទៅ​លើ​ការ​ដោះស្រាយ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ ប៉ុន្តែ​មាន​រំពឹង​ចំពោះ​វិធានការ​ដោះស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ដល់​ពួក​គេ។

តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ត្រៀម​ញត្តិ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ផ្តល់​យុត្តិធម៌​តាម​ច្បាប់​ស្តី​ពី​ការងារ គឺ​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន ឬ​ថៅកែ​រោងចក្រ​គិត​តាម​ច្បាប់​ស្តី​ពី​ការងារ​ដល់​កម្មករ​ចំនួន​៥​ចំណុច ឬ​ស្នើ​១៧០​ដុល្លារ​ម្នាក់ ក្នុង​មួយ​ឆ្នាំ និង​ស្នើ​ឲ្យ​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​តិច​ចំនួន ១៣៥​ដុល្លារ​ម្នាក់ ក្នុង​មួយ​ឆ្នាំ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន តៃណាន អតីត​រោងចក្រ តៃយៀន ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២ កម្មករ​កម្មការិនី​រោងចក្រ តៃណាន អតីត​រោងចក្រ តៃយៀន ទី១ ទី២ និង​ខេមវែល មាន​ទីតាំង​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ជិត ៦​ម៉ោង ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌។

បន្ត​មក​ទៀត នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ក្រុម​កម្មករ​រាប់​ពាន់​នាក់ ក៏​បាន​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ​៤ មក​ទីក្រុង​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​បន្ត ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង។

ក្រុម​កម្មករ​បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ ជួយ​ជំរុញ​ទៅ​ថៅកែ​រោងចក្រ តៃណាន ត្រូវ​ផ្តល់​ដំណោះស្រាយ​ជូន​កម្មករ​ឲ្យ​បាន​ឆាប់ ព្រោះ​វិវាទ​នេះ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួង​ការងារ​ជាដើម មិន​ជួយ​ដោះស្រាយ​ជូន​កម្មករ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។