កម្មករសំណង់ម្នាក់ក្នុងចំណោម៤នាក់ដែលរបួស ឈ្មោះ ហុង គ្រុយ អាយុ២៧ឆ្នាំ បានឲ្យដឹងថា នៅពេលរូបគេនឹងមិត្តភក្ដិដើរទៅធ្វើការនៅម៉ោងប្រមាណ៦កន្លះព្រឹកនៅថ្ងៃទី៧ មេសា ស្រាប់តែបុគ្គលិកនិងសន្តិសុខជនជាតិចិន បានព្រួតគ្នាវាយពួកគេដោយប្រើដំបងដែក និងខ្លះជិះម៉ូតូដេញបុកដោយចោទថា ពួកគេបានលួចខ្សែភ្លើងរបស់ក្រុមហ៊ុនកាលពីយប់ថ្ងៃទី៦ មេសា ៖ "ចិនហើយខ្ញុំខ្មែរស្ដាប់វាអត់បាន សន្តិសុខចិនរួមគ្នាវាយហ្មង។ មូលហេតុវាជាន់ដានគេ គេលួចកាត់ខ្សែភ្លើង វាយវាយពួកខ្ញុំហើយវាអូសមកក្នុងការដ្ឋានវាហើយបានវាយកខ្សែភ្លើងធ្វើភស្តុតាងវាចោទថាក្រុមខ្ញុំលួច តែអត់មានចាប់ស្លាកស្នាមខ្ញុំផង។ ភ្លឺហើយថាខ្ញុំមកពីផ្ទះថាទៅ ធ្វើការ។ ត្រូវខ្មងជើង ត្រូវស្មា វាវាយនឹងដែកថ្នាំងអំពៅ ។ បីនាក់ទៀតខ្លះត្រូវខៀវមុខខ្លះត្រូវបែកក្បាល ហើយខ្លះគេទាត់ឆ្អឹងជំនីរឡើងហើម វាជិះម៉ូតូបុកយើងទៀតហើយបានវាយ"។
ទាក់ទងបញ្ហានេះ មេភូមិមហាព្រហ្ម លោក ប្រាក់ នាគ មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន និងប៉ូលិសបានចុះធ្វើការសម្រុះសម្រួលឲ្យភាគីក្រុមហ៊ុនចិនសងកម្មករដែលរងគ្រោះម្នាក់ ៤០០ដុល្លារ និងធ្វើកិច្ចសន្យាមិនឲ្យចង ឬក៏វាយកម្មករដូច្នេះទៀតទេ។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត អ្នកស្រី ទ្រី ឈូន បានថ្លែងថា បើទោះបីជាមានការសម្រុះសម្រួលយ៉ាងណាក៏ដោយ ជាគោលការណ៍បទល្មើសព្រហ្មទណ្ឌ ត្រូវតែមានបណ្ដឹងពីរជាដាច់ខាត។ ការធ្វើដូច្នេះគឺរួចតែបណ្ដឹងរដ្ឋប្បវេណីតែប៉ុណ្ណោះ។ ករណីនេះ សមត្ថកិច្ចត្រូវតែបញ្ជូនសំណុំរឿងនេះទៅតុលាការដើម្បីចោទប្រកាន់ទៅជនប្រព្រឹត្ត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។