ជីវិត​របស់​កម្មការិនី​រោងចក្រ​កាត់ដេរ ផាវ​ ចិន្ដា

ភាព​ក្រីក្រ​បាន​ធ្វើ​ឲ្យ​ស្ត្រី​មួយ​រូប​ដាច់​ចិត្ត​ចាកចេញ​ពី​ស្វាមី​និង​កូន​តូចៗ នៅ​ឯ​ខេត្ត​ស្វាយរៀង មក​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​រាជ​ធានី​ភ្នំពេញ។
ដោយ អ៊ួន ឈិន
2012-04-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នោះ​គឺ លោកស្រី ផាវ ចិន្ដា ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ឌី។

លោកស្រី ផាវ ចិន្ដា កើត​នៅ​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង។ ឆ្នាំ​នេះ លោកស្រី​មាន​អាយុ ៤២​ឆ្នាំ។ លោកស្រី អះអាង​ថា គាត់​បាន​ធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​អស់​រយៈ​ពេល ១២​ឆ្នាំ​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ ២០០០ ដោយ​ទុក​ឲ្យ​ប្ដី​របស់​គាត់​ប្រកប​របរ​ធ្វើ​ស្រែ​នៅ​ឯ​ស្រុក​កំណើត។

លោកស្រី ផាវ ចិន្ដា បន្ត​ថា ក្នុង​ការ​រស់នៅ​ឆ្ងាយ​ពី​គ្នា រូប​គាត់​កម្រ​នឹង​មាន​ឱកាស​បាន​ជួប​ប្ដី​និង​កូន​ៗ​ នៅ​ឯ​ស្រុក​កំណើត​ណាស់ គឺ ៧-៨​ខែ ទៅ ១​ឆ្នាំ ទើប​ពួក​គាត់​បាន​ជួប​គ្នា​ម្ដង។ លោកស្រី ផាវ ចិន្ដា បន្ថែម​ថា គាត់​មិនបាន​បំពេញ​តួនាទី​ជា​ម្ដាយ​ឲ្យ​ពេញ​លក្ខណៈ​នឹង​គេ​ទេ៖ «មិន​បាន​នៅ​ថែទាំ​កូន។ ពេល​ដែល​កូន​នៅ​តូច​មិន​ដឹង​ជា​វេទនា​ប៉ុនណា ម៉ែ​ក្រលំបាក​អ៊ីចឹង​ណា៎ មក​ធ្វើ​ការ»។

ទោះបី​ជា លោកស្រី ផាវ ចិន្ដា ធ្វើការ​លះបង់​យ៉ាង​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​មិន​អាច​ជួយ​គ្រួសារ​របស់​គាត់​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង និង​ជួយ​កូន​របស់​គាត់​ឲ្យ​ទទួល​បាន​ការ​សិក្សា​សម​ល្មម​នឹង​គេ​ឡើយ៖ «ដល់​អត់​មាន​សល់​អី ទៅ​ផ្ទះ​ខ្មាស​គេ ។ បាន​ត្រឹម​តែ​ចិញ្ចឹម​កូន រស់ រៀន​តិចតួច​អ៊ីចឹង​ទៅ។ ចេះ​តែ​នៅ​ទៅ!» លោកស្រី​មាន​ប្រសាសន៍​ថា គាត់​ទទួល​ប្រាក់​ខែ​គោល​ចំនួន ៦១​ដុល្លារ។ ទោះបី​ជា​គាត់​ខិតខំ​រិះ​ថាំ និង​ខំ​ធ្វើ​ការ​ថែម​ម៉ោង​យ៉ាង​ណា ក៏​គាត់​មិន​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ដែរ គឺ​គាត់​អាច​សន្សំ​និង​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​គ្រួសារ​បាន​ពី ២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​ខែ ៖ «អើយ យ៉ាប់​ណាស់​ការងារ​រោងចក្រ ! រក​ស៊ី​ចិញ្ចឹម​តែ​ខ្លួន​ឥឡូវ​មិន​ចង់​រស់​ផង!»

លោកស្រី ផាវ ចិន្ដា បញ្ជាក់​ថា ជា​ញឹកញាប់ ម្ហូប​មួយ​ពេល​ៗ ​សម្រាប់​ពួក​គាត់​គឺ​ពង​ទា ២​សម្រាប់​គ្នា ៣​នាក់៖ «បើ​មិន​ហូប​អ៊ីចឹង​ទេ ប្រាក់​ខែ​យើង​ទប់​វា​មិន​ឈ្នះ ។ ប្រាក់​ខែ​ប៉ុន​ៗ​ហ្នឹង ហើយ​ណា​ថ្លៃ​ផ្ទះ!»

មិន​តែ​ប៉ុណ្ណោះ កូន​ពីរ​នាក់ ក្នុង​ចំណោម​កូន​ទាំង​បី​របស់ លោកស្រី ផាវ ចិន្ដា បាន​បោះបង់​ការ​សិក្សា​ថែម​ទៀត។

និយាយ​ដល់​ចំណុច កញ្ញា អ៊ុន រស្មី ជា​កូន​ស្រី​តែ​មួយ​របស់ លោកស្រី ផាវ ចិន្ដា ថ្លែង​ថា កញ្ញា​មិន​ចង់​ឈប់​រៀន​ទេ ប៉ុន្តែ​ដោយ​ឃើញ​ម្ដាយ​ពិបាក​ពេក កញ្ញា​តប់ប្រមល់ ហើយ​រៀន​ក៏​មិន​ចូល​ដែរ៖ «ពេល​ខ្ញុំ​ឃើញ​គេ​ទៅ​រៀន ខ្ញុំ​ចង់​ទៅ​រៀន​នឹង​គេ តែ​ខ្ញុំ​ហួស​ពេល ព្រោះ​ខ្ញុំ​ធ្វើ​ការ​រោងចក្រ ។ ខ្ញុំ​មិន​ដឹង​ទៅ​រក​លុយ​ឯណា​បាន​រៀន​ដូច​គេ។ ខ្ញុំ​ធ្វើបុណ្យ​អី​ក៏​ដោយ ខ្ញុំ​ប្រាថ្នា​ទៅ​ជាតិ​ក្រោយ សុំ​កុំ​ឲ្យ​ខ្ញុំ​ល្ងង់​ដូច​ជាតិ​នេះ។ សូម​ឲ្យ​ខ្ញុំ​បាន​រៀន​ចប់​ចុង​ចប់​ដើម​ដូច​គេ!»

កញ្ញា អ៊ុន រស្មី បាន​មក​ភ្នំពេញ​ក្នុង​បំណង​ធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ​ជាមួយ​ម្ដាយ តាំង​ពី​នាង​មាន​អាយុ ១៦​ឆ្នាំ តែ​ដោយ​គេ​មិន​ទទួល នាង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​មក​នាង​ព្យាយាម​ម្ដង​ទៀត ទើប​បាន​សម្រេច ហើយ​ក៏​ធ្វើ​ការ​ជា​រៀង​រហូត​មក។

បច្ចុប្បន្ន លោកស្រី ផាវ ចិន្ដា និង​កូន​ស្រី​របស់​គាត់ គឺ កញ្ញា អ៊ុន រស្មី កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​ឈ្មោះ យូ.អេស.អេ ហ៊្វុលីហ្វៀល ខេមបូឌា ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែក្រោម ដោយ​ពួក​គាត់​បាន​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​កម្មការិនី​ម្នាក់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជាជីវិតពិតរបស់អ្នកក្រីក្រ ពួកគេធ្វើការច្រើនតែទទួលបានផលតិច។ តើអនាគតកូនខ្មែរទៅជាយ៉ាងណា?

Apr 14, 2012 03:23 AM

អ្នក​អាន​អនាមិក

េនះេហីយរស់ជាតិែនជីវិត

Apr 12, 2012 06:11 AM