ចំណុចទាំងពីរនោះ គឺទី១ សូមឱ្យថៅកែសុខចិត្តទទួលយកកម្មករចំនួន ២នាក់ ដែលបានបញ្ឈប់ពីការងាររយៈពេលប្រមាណ ៤ ខែមកហើយនោះ បានវិលត្រឡប់ចូលធ្វើការវិញ។ ចំណែកបញ្ហាទី២ ប្រសិនបើថៅកែសម្រេចចិត្តថា មិនទទួលយកកម្មករទាំងពីរនេះទេ គឺត្រូវធ្វើការទូទាត់សំណងជាប្រាក់ឱ្យបានសមរម្យ។
តើការជួបចរចាគ្នារវាងក្រុមសហជីពកម្មករ និងថៅកែ ដែលមានអាជ្ញាធររដ្ឋាភិបាលជាអ្នកសម្របសម្រួលនោះ បានទទួលលទ្ធផលយ៉ាងណា?
អាជ្ញាធររដ្ឋាភិបាលមានមន្ត្រីសាលាក្រុងសៀមរាប មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងមន្ត្រីនគរបាល ដែលប្រឹងប្រែងជួយរកដំណោះស្រាយបញ្ចប់ ជម្លោះរវាងកម្មករ និងថៅកែក្រុមហ៊ុន ដឺប្លូ ផាំឃីន នៅមិនទាន់បានទទួលលទ្ធផលយ៉ាងណានៅឡើយទេ នៅថ្ងៃចន្ទទី១៦ ខែកក្កដា។
លោក ទេព ប៊ុនឆាយ ជាអភិបាលក្រុងសៀមរាប។ លោកមានប្រសាសន៍ថា អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យខាងសហជីពកម្មករ និងខាងថៅកែធ្វើកូដកម្មបានទៀតទេ ពីព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងរំខានដល់ភ្ញៀវទេសចរណ៍បរទេសជាច្រើន។ លោកជំរុញឱ្យថៅកែហាង ដឺប្លូ ផាំឃីន ពិចារណាលើដំណោះស្រាយ ២ ចំណុច គឺទី១ ទទួលយកកម្មករចូលធ្វើការវិញ និងទី២ ប្រសិនបើមិនអាចទទួលយកធ្វើការវិញបាន គឺត្រូវទូទាត់ប្រាក់សំណងឱ្យបានសមរម្យ។
ការស្វែងរកដំណោះស្រាយដ៏ប្រញាប់ប្រញាល់នេះ បន្ទាប់ពីកម្មករប្រមាណជាង ៣០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ា កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ដើម្បីទាមទារឱ្យថៅកែទទួលយកកម្មករចំនួន ២នាក់ ដែលគេបញ្ឈប់ពីការងារប្រមាណ ៤ ខែមកហើយ ឱ្យចូលធ្វើការវិញ។ ប៉ុន្តែ ក៏មានកម្មករមួយក្រុមទៀត នាំគ្នាធ្វើកូដកម្ម ដើម្បីគាំទ្រថៅកែហាងដែរ។
ទោះយ៉ាងណាការជួបចរចាគ្នា រយៈពេលប្រមាណ ២ម៉ោង កាលពីព្រឹកថ្ងៃច័ន្ទ ភាគីថៅកែនៅតែមិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយទេ ដោយនៅក្នុងកិច្ចចរចា ភាគីថៅកែបានបង្ហាញការខកចិត្តជាច្រើន ចំពោះកម្មករ ២ នាក់ ដែលគេបានបញ្ឈប់ពីការងារនោះ។
អ្នកស្រី ស៊ូ ដារ៉ាត់ ភែតឃីម ជាអគ្គនាយកក្រុមហ៊ុន ដឺប៊្លូ ផាំឃីន បានសុំឱ្យអាជ្ញាធរទុកពេលឱ្យក្រុមហ៊ុនចំនួន ២ថ្ងៃ ដើម្បីពិចារណារកដំណោះស្រាយ។ ក៏ប៉ុន្តែអាជ្ញាធរ បានផ្ដល់ពេលឱ្យរហូតទៅ ៣ថ្ងៃ។
អ្នកស្រី ស៊ូ ដារ៉ាត់ ភែតឃីម៖ «គាត់ធ្វើការជាមួយ នៅឆ្នាំ ២០០៥។ គាត់ធ្វើការមិនបានប៉ុន្មាន គាត់ធ្វើខុសធ្ងន់ណាស់ គាត់ឈប់ទៅ។ ២ ឆ្នាំក្រោយមក គឺនៅឆ្នាំ ២០០៧ គឺគាត់មកសុំការងារ ទាំងប្រពន្ធទាំងប្ដី។ ខ្ញុំបើកឱកាសឱ្យធ្វើហើយ។ ឥឡូវនេះ គាត់ធ្វើជាមួយខ្ញុំអីចឹងទៀត ខ្ញុំអស់សង្ឃឹមជាមួយបុគ្គលិកមួយនេះ»។
លោក អ៊ាន សារ៉ាត់ គឺជាបុគ្គលិកម្នាក់ ក្នុងចំណោម ២ នាក់ ដែលថៅកែបានបញ្ឈប់ពីការងារនោះ។ គាត់មានប្រសាសន៍ថា គោលបំណងរបស់គាត់ គឺចង់ឱ្យថៅកែទទួលយកធ្វើការវិញ ក៏ប៉ុន្តែ ប្រសិនបើថៅកែនៅតែមិនទទួលយកចូលធ្វើការវិញទេ គឺគាត់សុំឱ្យថៅកែទូទាត់ប្រាក់សំណងដ៏សមរម្យ។
លោក អ៊ាន សារ៉ាត់៖ «ខ្ញុំគិតថា បើដោះស្រាយជាបញ្ហាថវិកាក៏ជាជម្រើសមួយ ដែលងាយស្រួលទាំងសងខាង។ ខ្ញុំនៅតែប្រកាន់ជំហរ បើសិនជាក្រុមហ៊ុនមិនព្រមយកធ្វើការ គឺប្រាក់ពីរពាន់ប្រាំរយដុល្លារ វាសក្ដិសមដែរ ពីព្រោះសមត្ថភាពខ្ញុំមិនសូវចេះដឹងដែរ គឺចង់បានថវិកាបន្តិចបន្តួច ដើម្បីទៅប្រកបរបររកស៊ីខាងក្រៅ ពីព្រោះពិបាករកការងារធ្វើណាស់ នៅក្នុងខេត្តសៀមរាប»។
ចាប់តាំងពីថ្ងៃទី៩ ខែមិនា ឆ្នាំ ២០១២ ក្រុមហ៊ុនបានជូនដំណឹងបញ្ឈប់ការងារបុគ្គលិក ២នាក់ ឈ្មោះ បៀ សំនី និងឈ្មោះ អ៊ាន សារ៉ាត់ ដោយបញ្ជាក់ថា ឈ្មោះ អ៊ាន សារ៉ាត់ មិនបានធ្វើការងារត្រឹមត្រូវ គឺពេលខ្លះ មានអាការៈស្រវឹង ហើយមកដេកនៅកន្លែងធ្វើការ ព្រមទាំងធ្លាប់បានគំរាមប្រើហិង្សាទៅលើកម្មករដូចគ្នាផង។ ចំណែកឯបុគ្គលិកឈ្មោះ បៀ សំនី គឺមានកំហុស ដោយសារតែបានបន្លំ វាយកាតវត្តមានឱ្យឈ្មោះ អ៊ាន សារ៉ាត់ នៅពេលដែលឈ្មោះនោះមិនបានមកធ្វើការ។
សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១២ កន្លងទៅ បានសម្រេចបដិសេធចោលការទាមទាររបស់សហជីព ដែលឱ្យថៅកែទទួលយកកម្មករទាំង ២ នាក់ ចូលធ្វើការវិញ។ ក៏ប៉ុន្តែ លោក ម៉ម រិទ្ធី ជាអនុប្រធានសហព័ន្ធសហជីពកម្មករ និយោជិក វិស័យទេសចរណ៍ សេវាកម្មកម្ពុជា នៅខេត្តសៀមរាប អះអាងថា សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះ មិនអាចយកទៅអនុវត្តន៍បានទេ ដោយសារតែមេធាវីរបស់ថៅកែ មិនបានដាក់ឱ្យជាប់កាតព្វកិច្ច តាំងតែពីមុនពេលក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចេញសេចក្ដីបង្គាប់ម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។