កម្មករការដ្ឋានធ្យូងថ្មចោទថៅកែថាមិនបានបើកប្រាក់ឈ្នួលឲ្យពួកគាត់
2012.11.29
កម្មករមួយចំនួនដែលកំពុងធ្វើការនៅក្នុងការដ្ឋានធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបោះបង់ពីការងារ ដោយមិនបានយកប្រាក់ឈ្នួលប្រចាំថ្ងៃ និងខ្លះទៀតកំពុងទន្ទឹមរង់ចាំប្រាក់ឈ្នួលដែលថៅកែ និងអ្នកម៉ៅការមិនបានបើកឲ្យពួកគេគ្រប់ចំនួន។
កម្មករមួយរូបថ្លែងដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា ប្រាក់ឈ្នួលរបស់ពួកគាត់ម្នាក់ពី ៥ដុល្លារ ទៅ ៦ដុល្លារ ក្នុងមួយថ្ងៃ ត្រូវថៅកែ និងអ្នកម៉ៅការមិនបានបើកឲ្យពួកគាត់គ្រប់ចំនួននោះទេ។ ថៅកែ និងអ្នកម៉ៅការបន្តពីថៅកែចិន បានដកប្រាក់ឈ្នួលរបស់ពួកគាត់ម្នាក់ៗដែលធ្វើបានមួយសប្ដាហ៍ទុក ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការកាត់នេះទេ។ បញ្ហានេះ បានធ្វើឲ្យកម្មករមួយចំនួនទ្រាំមិនបាន ក៏នាំគ្នាឈប់ធ្វើការជាបន្តបន្ទាប់៖ «ដូចថាឥឡូវ យើងធ្វើបាន ១៥ថ្ងៃអីចឹង យើងទៅបើក គេកាត់ទុក ៧ថ្ងៃអីចឹងទៅ។ ខ្ញុំទើបតែធ្វើបានកន្លះខែ ហើយឮសូរអ៊ីចឹង ដូចលែងចង់ធ្វើ។ ខ្មែរយើងអ្នកម៉ៅការពីចិន កាលមុនកម្មករ ៣០០នាក់ ដល់ពេលពួកហ្នឹងឮសូរបើកម្នាក់កាត់ ៧ថ្ងៃៗអីចឹង កម្មករសល់តែ ៣០នាក់ហ្នឹង រត់អស់ហើយ»។
កម្មករម្នាក់ទៀតត្អូញថា នៅពេលពួកគាត់ទៅសុំបើកប្រាក់ឈ្នួលតាមចំនួនថ្ងៃដែលពួកគាត់ធ្វើការ ថៅកែ និងអ្នកម៉ៅការបន្តពីថៅកែចិន បានបដិសេធ ហើយទាមទារឲ្យពួកគេធ្វើការឲ្យគ្រប់ចំនួន ១០ខែសិន៖ «មេៗគាត់កាត់លុយ អត់បើកឲ្យគ្រប់ផង និយាយរួម ទូទៅហ្មង ទាំង ១០០នាក់ហ្នឹង។ អាមួយកម្មករចងដែកចងអីធម្មតា មួយជាងផ្សា មួយវាយពុម្ព ដូចបានមួយខែអីចឹង គេកាត់ទុក ៧ថ្ងៃ មិនដឹងម៉េចដែរ គេមិនបើកឲ្យទាំងអស់ហ្មង»។
បុរសឈ្មោះ ឃៀង វិសាន ដែលក្រុមកម្មករអះអាងថាជាអ្នកគ្រប់គ្រងកម្មករនៅក្នុងការដ្ឋានធ្យូងថ្មនោះ បានឲ្យដឹងថា កម្មករកំពុងធ្វើការក្នុងការដ្ឋានបច្ចុប្បន្នមានជាង ១០០នាក់។ ប៉ុន្តែលោកបដិសេធចំពោះការត្អូញត្អែររបស់កម្មករដែលថា ថៅកែ ឬមេការកាត់ប្រាក់ឈ្នួលមួយសប្ដាហ៍នោះ៖ «អូ! រឿងបញ្ហាលុយកាក់ហ្នឹងហ្អី? កាលគាត់មកធ្វើជាមួយខ្ញុំដំបូងហ្នឹង ខ្ញុំបានប្រាប់ខាងគាត់ហើយៗថា ធ្វើការគ្រប់មួយអាទិត្យបានខាងខ្ញុំបើកលុយឲ្យ ហើយអត់ទាន់គ្រប់មួយអាទិត្យ ព្រោះអីពេលហ្នឹងធ្វើអត់ទាន់ដល់អាទិត្យណា។ ចាំខ្ញុំមកដល់នេះ ខ្ញុំសួរខាងមេការករណីហ្នឹងឲ្យច្បាស់សិន»។
ក្រុមកម្មករបានឲ្យដឹងទៀតថា ពួកគេគ្រោងដាក់ពាក្យបណ្ដឹងចំពោះករណីនេះទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះជាការរំលោភលើកម្លាំងពលកម្ម និងរំលោភសិទ្ធិការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។