កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាតុកម្ម​ទាម​ទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច

នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង កម្មករ​កម្មការិនី​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​មិន​ព្រម​ចូល​ក្នុង​រោងចក្រ​ធ្វើ​ការងារ​អស់​រយៈពេល ២​ថ្ងៃ​ហើយ។ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ក្នុង​បំណង​ទាម​ទារ​លក្ខខណ្ឌ ៨​ចំណុច ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​កម្មករ។
ដោយ មណ្ឌល កែវ
2012-12-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​បាតុកម្ម​កំពង់ឆ្នាំង ៣០៥
ក្រុម​កម្មករ​កម្មការិនី​ធ្វើ​បាតុកម្ម នៅ​ខាង​មុខ​រោងចក្រ​ទ្រីប៉ូស អ៊ិនធើណេសិនណល (Tripos International) នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Mondul Keo

នៅ​ល្ងាច​ថ្ងៃ​ទី២​នៃ​បាតុកម្ម ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ការ​ចរចា​សម្រេច​បាន​លទ្ធផល​លើ​ចំណុច​មួយ​ចំនួន។

កម្មករ​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង​ឈ្មោះ​ត្រីប៉ូស អ៊ិនធើណេសិនណល (Tripos International) ប្រមាណ ៤.០០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​មិន​ចូល​ធ្វើ​ការងារ​ទេ​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ។

តំណាង​កម្មករ និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ត្រីប៉ូស អ៊ិនធើណេសិនណល អ្នកស្រី លី សិន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ធ្នូ ថា កម្មករ​កម្មការិនី​ទាំង​អស់​ក្នុង​រោងចក្រ បាន​សម្រេច​ចិត្ត​ថា នឹង​មិន​ចូល​ធ្វើ​ការងារ​ទេ ប្រសិន​បើ​ភាគី​រោងចក្រ​មិន​ព្រម​ដោះស្រាយ​តាម​ការ​ទាម​ទារ​របស់​កម្មករ​កម្មការិនី​ទេ​នោះ៖ «ស្អែក​ព្រឹក​ខាង​រោងចក្រ​គេ​នឹង​ប្រកាស​ដោយ​ខ្លួន​ឯង បើ​ខាង​កម្មករ​គេ​ទទួល​យក​អត់​បាន​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ យ៉ាង​ណា​នោះ ស្រេច​តែ​លើ​កម្មករ​ទេ ព្រោះ​អី​ខ្ញុំ​អស់​លទ្ធភាព​និយាយ​ជាមួយ​កម្មករ​ទៀត​ហើយ ដោយ​សារ​ខាង​រោងចក្រ​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​ជាមួយ​កម្មករ​លែង​កើត»

ប្រភព​ពី​កម្មករ​រោងចក្រ ត្រីប៉ូស អ៊ិនធើណេសិនណល បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្វើ​ការ​ទាម​ទារ​ឲ្យ​ភាគី​រោងចក្រ​បន្ថែម​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្មករ​ចំនួន ៨​ចំណុច គឺ​ប្រាក់​ធ្វើ​ដំណើរ ១០​ដុល្លារ ប្រាក់​ថ្លៃ​ទឹក​ដោះ​គោ​សម្រាប់​កូន ចាប់​ពី​អាយុ ១​ខែ​ដល់​អាយុ ៣៦​ខែ ៨ដុល្លា​ក្នុង​១ខែ ប្រាក់​សហការ​បន្ថែម​ម៉ោង ២​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ប្រាក់​បន្ថែម​ម៉ោង​ពី​ម៉ោង ៦​ដល់​ម៉ោង​៧ ចំនួន​១ពាន់​រៀល ប្រាក់​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់ ៦​ពាន់​រៀល​រៀង​រាល់​ថ្ងៃ​ធ្វើ​ការ ថ្លៃ​ធ្វើ​ដំណើរ​សម្រាប់​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ ២​ដុល្លារ សុំ​ឲ្យ​កម្មករ​បាន​ពេញ​សិទ្ធិ​ដូច​កម្មការិនី សុំ​កុំ​ឲ្យ​កាត់​ប្រាក់​ថ្ងៃ​ធ្វើ​បាតុកម្ម និង​សុំ​កុំ​ឲ្យ​កាត់​ប្រាក់​ថ្ងៃ​ឈប់​ដែល​មាន​ច្បាប់​របស់​កម្មករ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​រោងចក្រ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី២៨ ធ្នូ។

ប៉ុន្តែ ប្រធាន​មន្ទីរ​ការងារ គឺ​លោក ពៅ ស៊ីថា បាន​អះអាង​ថា លោក​បាន​ជួប​ធ្វើ​ការ​សម្រប​សម្រួល ហើយ​ភាគី​រោងចក្រ​បាន​យល់​ព្រម​លើ​ចំណុច​ជាច្រើន​ដែល​កម្មករ​បាន​ទាម​ទារ​នោះ​ហើយ៖ «យើង​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់​រួច​អស់​ហើយ។ ខ្ញុំ​ប្រៀប​ធៀប​ដូច​កូន​ទារ​លុយ​ពី​ម៉ែ​ឪ​ដែរ មិន​មែន​ទារ​ប៉ុន្មាន គឺ​បាន​ប៉ុណ្ណឹង​ទេ។ តែ​បើ​អ្វី​ដែល​នៅ​ក្នុង​ច្បាប់​នោះ គឺ​យើង​ទារ​បាន​គ្រប់ តែ​នេះ​គឺ​ជា​ប្រាក់​អត្ថប្រយោជន៍។ ដោយ​ឡែក​យើង​ឃើញ​ថា ចំណុច​ដែល​ក្ដៅ​ក្នុង​ការ​ទាម​ទារ​នោះ គឺ​យើង​ព្រម​ព្រៀង​គ្នា​ហើយ»

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា គឺ​លោក ជា មុន្នី មាន​ប្រសាសន៍​ថា ការ​ចរចា​តាម​ទូរស័ព្ទ​រវាង​លោក​ជាមួយ​ភាគី​រោងចក្រ​នៅ​ល្ងាច​ថ្ងៃ​ទី២៨ ធ្នូ គឺ​បាន​សម្រេច​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​ភាគី​រោងចក្រ​យល់​ព្រម​តាម​ការ​ទាម​ទារ ហើយ​លោក​សំណូម​ពរ​ឲ្យ​កម្មករ​កម្មការិនី​ទាំង​អស់​ចូល​ធ្វើ​ការងារ​វិញ​ជា​បន្ទាន់។ លោក​ថា ចំណុច​ដែល​នៅ​សេសសល់ លោក​នឹង​បន្ត​ចរចា​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ៖ «យើង​សំណូម​ពរ​ឲ្យ​កម្មករ​កម្មការិនី​ចូល​ធ្វើ​ការ​វិញ ព្រោះ​ការ​ទាម​ទារ​របស់​យើង​បាន​ទទួល​លទ្ធផល​បណ្ដើរៗ​ហើយ។ ឯ​ចំណុច​សេសសល់ យើង​នឹង​រុញ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។ បើ​យើង​ចង់​បាន​សម្រេច​គ្រប់​ចំណុច​តែ​ម្ដង ហើយ​និយោជក​គេ​មិន​មាន​លទ្ធភាព​នោះ គឺ​យើង​នឹង​ទទួល​ការ​ខាត​បង់​ទាំង​អស់​គ្នា»

រោងចក្រ​ត្រីប៉ូស អ៊ិនធើណេសិនណល មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ព្រៃពីស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី២៨ ធ្នូ កម្មករ​កម្មការិនី​នៅ​មិន​ទាន់​យល់​ព្រម​ចូល​រោងចក្រ​ធ្វើ​ការងារ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល